ដេាយ ៖ ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីអប់រំពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា :អតីតកម្មាភិបាលខ្មែរក្រហមពីររូប បង្រៀនចៅៗរបស់ខ្លួនពីប្រវត្តិសាស្ត្រខ្មែរក្រហម និងក្រើនរំឭកចៅៗឲ្យមានការប្រុងប្រយ័ត្នចំពោះការឃោសនានានាដែលនាំឲ្យឈានដល់ការបំផ្លិចបំផ្លាញគ្រួសារ សហគមន៍ និងប្រទេសជាតិ។ ការលើកឡើងរបស់អតីតកម្មាភិបាលខ្មែរក្រហមទាំងពីររូបនេះ បានធ្វើឡើងនៅក្នុងវេទិកាអប់រំសហគមន៍មួយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ រៀបចំដោយមជ្ឈមណ្ឌលឯកសារកម្ពុជា សាខាខេត្តព្រៃវែង នៅក្នុងបរិវេណវត្តស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ វេទិកានេះ មានការចូលរួមពីអ្នករស់រានមានជិវិតពីរបបខ្មែរក្រហមចំនួន១៥នាក់ និងក្មេងៗជំនាន់ក្រោយដែលជាសិស្សានុសិស្ស និងត្រូវជាចៅៗរបស់អ្នករស់រានមានជីវិតទាំងនោះចំនួន២១នាក់ ក្រោមការសម្របសម្រួលពីមេភូមិស្រះតាអឹម។ ដោយមានបទពិសោធន៍ក្រាស់ក្រែលឆ្លងកាត់ច្រើនជំនាន់ អ៊ំប្រុសទាំងពីរគឺ ស្រី នឿន និង ព្រុំ ពុំ បានចែករំលែក និងស្ម័គ្រចិត្តបង្រៀនដល់ចៅៗទាំងអស់របស់គាត់អំពីបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការចូលរួមធ្វើបដិវត្តន៍ ការអនុវត្តតួនាទីក្នុងរបបខ្មែរក្រហម ការភ័យខ្លាចនានាដែលកើតចេញពីការអនុវត្តគោលនយោបាយរបស់ខ្មែរក្រហមមកលើប្រជាជនទូទៅនាពេលនោះ និងការបង្ហាញពីភាពសោកស្តាយចំពោះការលះបង់អាយុជីវិតបម្រើជាកម្មាភិបាលខ្មែរក្រហម។
ស្រី នឿន អាយុ៧៣ឆ្នាំ គឺជាអតីតកម្មាភិបាលខ្មែរក្រហមបម្រើការជាប្រធានកងធំ ឬប្រធាន «ឃ» គ្រប់គ្រងមនុស្ស៣០០នាក់នៅក្នុងឃុំអង្គរស បានរៀបរាប់ប្រាប់ចៅៗទាំង២១នាក់អំពីរឿងរ៉ាវដែលបានកើតឡើងនៅក្នុងឃុំអង្គរស និងបានបង្ហាញឈ្មោះកម្មាភិបាលដឹកនាំក្នុងភូមិស្រះតាអឹមចំនួន១៤នាក់ ដែលត្រូវបានសម្លាប់ចោលក្នុងឆ្នាំ១៩៧៨ ដោយកម្មាភិបាលខ្មែរក្រហមខាងភូមិភាគនិរតី។ អ្នកស្លាប់ទាំងនោះគឺជាកម្មាភិបាលដែលបានដឹកនាំប្រជាជនឲ្យចូលបម្រើក្នុងជួរបដិវត្តន៍ក្រោយការធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះ នរោត្តម សីហនុ ភ្លាមៗក្នុងឆ្នាំ១៩៧០ និងជាអ្នកដែលបានដឹកនាំភូមិស្រះតាអឹមតាំងពីចុងទសវត្សរ៍ឆ្នាំ១៩៦០ រហូតដល់មានព្រឹត្តិការណ៍ចាប់ខ្លួននៅឆ្នាំ១៩៧៨។ ស្រី នឿន ក៏បានបញ្ជាក់ប្រាប់ចៅៗថា រឿងរ៉ាវដែលបានកើតឡើងគឺជារឿងរ៉ាវពិត ហើយគាត់គឺជាកម្មាភិបាលខ្មែរក្រហមម្នាក់ដែលមានវ័យក្មេងជាងគេកាលពីជំនាន់នោះ ដែលមានមោទកភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គការ និងបដិវត្តន៍។ អ្វីដែលធ្វើឲ្យអ៊ំ ស្រី នឿន ភ័យខ្លាចជាងគេក្នុងពេលដែលគាត់កំពុងបំពេញភារកិច្ចជាកម្មាភិបាលដឹកនាំកងធំ គឺកំហុសខុសសីលធម៌ទី៦របស់បក្ស ដែលកំហុសនេះអាចធ្វើឲ្យគាត់ធ្លាក់បុណ្យសក្តិពីប្រធានកងធំ និងពីតំណែងបក្ខជនដែលខំកសាងមកជាយូរមកហើយ។ នឿន បាននិយាយលេងសើចនៅក្នុងវេទិកាថា គាត់មានរូបរាងស្អាតបាត និងមានស្រីៗស្រឡាញ់ច្រើនគឺមានទាំងស្ត្រីខ្មែរ និងស្ត្រីជនជាតិចិនទៀតផង។ ខាងក្រោមនេះ ជាសម្តីរបស់អ៊ំ ស្រី នឿន ៖
«ខ្ញុំសុំលើកឡើងអន្លង់៣ដែលយើងបានជួបប្រទះ។ អន្លង់ទី១) គឺអន្លង់សង្គ្រាម អន្លង់ទី២) គឺអន្លង់អត់ឃ្លាន និងអន្លង់ទី៣) គឺអន្លង់ជំងឺ។ ទាំងបីចំណុចនេះ សូមកូនៗចៅៗចងចាំឲ្យច្បាស់ថា អន្លង់ទី១គឺអន្លង់សង្គ្រាម ដែលត្រង់នេះតាចង់បញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៧៥មក ក្រែងកូនៗចៅៗមិនជឿ តាបានប្រឡូកផ្ទាល់នៅក្នុងសង្គ្រាម។ តានិយាយត្រឹមឆ្នាំ១៩៧៥មកចុះ! មិននិយាយពីពេលមុនមកទេ។ បើនិយាយពីឋានន្តរសក្តិវិញ ក៏ខ្ពស់បន្តិចដែរ ហើយបើនិយាយពីក្មេងវិញ តាក៏នៅក្មេងជាងគេដែរបើប្រៀបជាមួយនឹងកម្មាភិបាលចាស់ៗ។ ឥឡូវកម្មាភិបាលចាស់ៗស្លាប់អស់ហើយ ដោយសារគេយកទៅវាយចោល។ ជាក់ស្តែងនៅក្នុងភូមិស្រះតាអឹមហ្នឹង បើតាមតាស្រង់ឈ្មោះ គឺមានរហូតដល់ទៅ១៤នាក់ឯណោះ ដែលសុទ្ធតែជាកម្មាភិបាលជាន់ខ្ពស់ ដូចជា បង ថឹង សាក់, បង អ៊ុង ណៃ, បង ជា ឆឹម, បង លឹម នួន, បង ឃួន ប៉េង, បង ញីវ ឈិន, ញីវ យឹម, រស់ ផុន, ជា ផុន, ជុំ ខិន, ជុំ អិន, រស់ ខន, ស្រី សារុន និង គឹម ម៉ៅ។ អ្នកទាំងអស់នេះ សុទ្ធតែត្រូវបានយកទៅសម្លាប់ចោល។ កម្មាភិបាលមួយចំនួន អង្គការសម្លាប់នៅភ្នំឈើកាច់ និងមួយចំនួនទៀតសម្លាប់តាមផ្លូវ។ ជាក់ស្តែងដែលតាបានដឹងច្បាស់ គឺបងរបស់តាម្នាក់ឈ្មោះ ជុំ ខិន ត្រូវគេវាយចោលតាមផ្លូវ ហើយកម្មាភិបាលប៉ុន្មាននាក់ខាងលើហ្នឹង គេយកទៅទម្លាក់អន្លង់នៅភ្នំឈើកាច់។ មានតែកម្មាភិបាលប៉ុន្មាននាក់ប៉ុណ្ណោះ ដែលទទួលរងការវាយដោយព្រនង់។ ឯអ្នកឯទៀតជាពិសេសមេធំៗគឺត្រូវចូកដោយត្រាក់ទ័រទម្លាក់ចូលក្នុងរណ្ដៅដែលមានជម្រៅ៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ និងទទឹង៣ម៉ែត្រ។ តាដឹងនេះ គឺដឹងតាម អាហួន ដែលគាត់ស្រាវជ្រាវនៅកន្លែងនោះ។ កាលពីជំនាន់នោះ តាក៏វិះៗនឹងទៅ(ស្លាប់)ដែរ។ តា និងមិត្តភក្ដិជិតស្និទ្ធបំផុតម្នាក់ទៀតបានបបួលគ្នាទៅជាមួយនឹងគេដែរ គឺទៅកាន់ស្រុកលិច ប៉ុន្តែមេកងម្នាក់បានឃាត់មិនឲ្យទៅ ព្រោះតាចេះធ្វើចង្រ្កង់ចងនៅកគោដើម្បីបន្លឺជាសំឡេងពិរោះ ទើបតារួចខ្លួនដល់សព្វថ្ងៃ។ បងប្អូនរបស់តាដែលចូលបដិវត្តន៍ជាច្រើននាក់ ត្រូវបានអង្គការយកទៅសម្លាប់អស់ហើយ។ ចាប់តាំងពីឆ្នាំ១៩៧៥មក តាមានតួនាទីជាប្រធានកងធំ ឬក៏ហៅថាប្រធាន «ឃ» ដែលត្រូវដឹកនាំមនុស្សប្រមាណ៣០០នាក់។ តាខិតខំធ្វើការងារណាស់ និងមិនប្រព្រឹត្តខុសពីបញ្ជាអង្គការនោះទេ ជាពិសេសសីលធម៌ទី៦របស់អង្គការគឺការមិនសេពកាមគុណ។ និយាយឲ្យអស់ទៅ មូលហេតុដែលមិនហ៊ានល្មើសនឹងសីលធម៌ទី៦ គឺដោយសារតែទីមួយ) ខ្លាចអស់ឋានន្តរសក្តិ និងទីពីរ) ខ្លាចអស់សិទ្ធិពីបក្សជនរបស់អង្គការ។ រូបរាងតាកាលនេះ គេហៅថា «អំពៅបីសាច់» ដែលសំដៅលើរូបរាងស្អាត និងមានស្រីស្រឡាញ់ច្រើន។ ប៉ុន្តែតាមិនហ៊ានប្រព្រឹត្តទេ។ មានទាំងស្ត្រីចិន និងស្រ្តីខ្មែរដែលចង់ស្រឡាញ់តា។ តាសូមបញ្ជាក់ទៅចៅៗថា ខ្មែរក្រហមសម្លាប់ប្រជាជនទាំងពីរប្រភេទគឺ ទីមួយ) សម្លាប់ដោយចុងកាំភ្លើង ត្បូងចប និងធ្វើទារុណកម្ម និងទីពីរ) គឺសម្លាប់ដោយមិនឲ្យស៊ីគ្រប់គ្រាន់ បង្កើនកម្លាំងពលកម្មខ្លាំង និងពុំមានថ្នាំសង្កូវសម្រាប់ព្យាបាលជំងឺ។ ជាចុងក្រោយខ្ញុំសុំបញ្ជាក់ឡើងវិញ ចំពោះអន្លង់សង្គ្រាម និងអន្លង់អត់ឃ្លាននៅក្នុងសម័យខ្មែរក្រហមយើងគេចផុតហើយ ប៉ុន្តែសព្វថ្ងៃនេះនៅអន្លង់មួយទៀតគឺអន្លង់ជំងឺ ដូចជាជំងឺកូវីដ-១៩ និងផ្ដាសាយបក្សីជាដើម ដែលយើងគ្រប់គ្នាកំពុងហែលឆ្លង»។
ព្រុំ ពុំ អាយុ៧៤ឆ្នាំ គឺជាអតីតកងឈ្លប និងកងសន្តិសុខនៅមន្ទីរសន្តិសុខស្រុកទួលជើងចាប។ បច្ចុប្បន្ន គាត់រស់នៅជាមួយប្រពន្ធនៅភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ពុំ បានចាប់ផ្តើមការនិយាយជាមួយចៅៗទាំងអស់ពីកំហុសរបស់មេដឹកនាំបដិវត្តន៍ពីមុនៗមកដែលអ្នកទាំងនោះភាគច្រើនគឺជាអាចារ្យវត្ត ដែលបាននាំប្រទេសកម្ពុជាធ្លាក់ក្នុងការគ្រប់គ្រងរបស់ខ្មែរក្រហម។ ពុំ បានបង្ហាញការសោកស្តាយរបស់ខ្លួនក្នុងការចូលបម្រើបដិវត្តន៍ខ្មែរក្រហម និងបានចាត់ទុកបទពិសោធន៍របស់គាត់ថា «បានអារសាច់មួយដុំបោះចូលមាត់ខ្លា»។ ពុំ បានរំឭកថា គាត់បានស្ម័គ្រចិត្តចូលបម្រើបដិវត្តន៍ គឺដោយសារតែមានការអំពាវនាវពីសម្តេចព្រះ នរោត្តម សីហនុ បន្ទាប់ពីថ្ងៃរដ្ឋប្រហារកាលពីខែមីនា ឆ្នាំ១៩៧០ រួច។ ក្នុងពេលនោះ គាត់យល់ឃើញថា ការចូលធ្វើបដិវត្តន៍គឺមានន័យណាស់ ព្រោះគាត់អាចចូលរួមក្នុងការដណ្តើមអំណាចប្រគល់ជូនសម្តេចឪវិញ។ ប៉ុន្តែគាត់បានភ្ញាក់ខ្លួននៅក្រោយពេលដែលខ្មែរក្រហមចូលកាន់កាប់ប្រទេសនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ទោះបីជាយ៉ាងនេះក៏ដោយ ក៏ ពុំ នៅតែស្ម័គ្របម្រើខ្មែរក្រហមរហូតដល់ឆ្នាំ១៩៧៩។ នៅចំពោះមុខចៅៗរបស់គាត់ ពុំ បានអប់រំអ្នកទាំងនោះឲ្យធ្វើការសម្រេចចិត្ត និងពិចារណាឲ្យបានច្បាស់លាស់ មុននឹងជឿជាក់លើការឃោសនា ឬអូសទាញពីនរណាម្នាក់ ព្រោះថា ការសម្រេចចិត្តនេះអាចនឹងនាំមកខ្លួនវិញនូវវិប្បដិសារី ឬការឈឺចាប់ដែលគ្មានថ្ងៃបំភ្លេចបាន។ ចុងបញ្ចប់នៃការលើកឡើងរបស់គាត់ អ៊ំប្រុស ពុំ បានសំណូមពរដល់ចៅៗទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីប្រវត្តិសកម្មភាពទាំងអស់ដែលបានកើតឡើងនាពេលកន្លងមក រួមទាំងការលំបាកវេទនា ការទម្លាក់គ្រាប់បែក ការចាប់ចង ការកាប់សម្លាប់ ការសាមគ្គីគ្នា ការស្មោះត្រង់នឹងគ្នា និងការរក្សាសុខសន្តិភាពជាមួយគ្នាឲ្យយូរតទៅមុខទៀត។ ខាងក្រោមនេះ ជាសម្តីរបស់អ៊ំប្រុស ព្រុំ ពុំ ដែលបាននិយាយទៅកាន់ចៅៗរបស់គាត់ក្នុងវេទិកាអប់រំសហគមន៍ ៖
«ខ្ញុំឈ្មោះ ព្រុំ ពុំ កើតនៅឆ្នាំ១៩៤៩។ គិតដល់ឥឡូវ ខ្ញុំមានអាយុ៧៤ឆ្នាំហើយ។ ចំពោះប្រវត្តិសាស្ត្រនេះ ខ្ញុំបានចូលរួមច្រើនណាស់។ កាលពីមុនអាណានិគមនិយមបារាំង អ្នកដឹកនាំសុទ្ធតែជាអាចារ្យ ដូចជាអាចារ្យពោធិ៍កំបោរ អាចារ្យស្វា អាចារ្យលក្ខណ៍……។ កាលនោះអ្នកដែលតស៊ូគឺសុទ្ធតែជាអាចារ្យ ហើយ សាឡុត ស ហៅ ប៉ុល ពត នេះ គឺអ្នកដឹកនាំក្រោយៗទេ។ នៅឆ្នាំ១៩៥៩ កាលនោះតាបានដឹងក្តីហើយ និងបានចូលរៀនដំបូងនៅវត្តច័ន្ទគ្រឹស្នា។ នៅឆ្នាំ១៩៦៦ តាបានបួសជាសង្ឃ។ ពេលនោះ តាបានស្តាប់ឮការប្រជុំនៅក្នុងសភាជាតិ ដែលការប្រជុំនេះតែងតែកើតមានទំនាស់ទាស់គ្នារហូតរវាងថ្នាក់ដឹកនាំក្នុងសម័យសង្គមរាស្ត្រនិយម ទាក់ទងនឹងខ្មែរខៀវ ខ្មែរក្រហម និងខ្មែរស។ ក្នុងពេលនេះ តាដឹងថាអំណាចមានពីរគឺ មួយទំនោរទៅរកសេរីនិយមខាងអាមេរិក និងមួយទៀតខាងកុម្មុយនីស្តនិយម ហើយខាងសម្តេច គឺអព្យាក្រឹត។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ មានព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់សម្ដេច សីហនុ បានកើតឡើង ដោយចោទប្រកាន់សម្តេច សីហនុ ថាបានចូលដៃជើងជាមួយវៀតកុង។ មានបាតុកម្មកើតឡើងច្រើនណាស់ដើម្បីប្រឆាំងទៅនឹង លន់ នល់។ ប្រជាជនជាច្រើន រួមទាំងរូបខ្ញុំ បានប្រឆាំងជាមួយ លន់ នល់ ដើម្បីទាមទារឲ្យសម្ដេច សីហនុ យាងមកគ្រប់គ្រងប្រទេសវិញ។ ខ្ញុំបានសឹកពីបួសនៅក្រោយថ្ងៃរដ្ឋប្រហារ និងបានចូលរួមក្នុងចលនាខ្មែររំដោះដើម្បីផ្តួលរំលំរបប លន់ នល់ តាមការអំពាវនាវរបស់សម្តេច សីហនុ។ ម៉្យាងមូលហេតុដែលចូលបម្រើបដិវត្តន៍នេះ គឺដោយសារមើលឃើញពីទុក្ខវេទនារបស់បងប្អូននៅក្នុងភូមិ ដោយសារតែការទម្លាក់គ្រាប់បែកបំផ្លាញអស់ផ្ទះសម្បែង អាយុជីវិតមនុស្ស និងសត្វពាហនៈ។ តាបានចូលតស៊ូក្នុងព្រៃម៉ាគី ប៉ុន្តែវាហាក់ដូចជា «អារសាច់មួយដុំបោះចំមាត់ខ្លា» អ៊ីចឹង។ នេះគឺមានន័យថា ប្រជាជនដែលរត់ចូលព្រៃម៉ាគីទាំងអស់ដែលស្ម័គ្រចិត្តចូលព្រៃដើម្បីយាងសម្តេចឪមកវិញ គឺបែរធ្លាក់ទៅក្នុងស្ថានភាពបម្រើក្នុងចលនាខ្មែរក្រហមដោយមិនដឹងខ្លួន។ ប៉ុន្តែកាលនេះ ទាំងអ្នកដែលចូលបម្រើក្នុងជួរបដិវត្តន៍ និងប្រជាជនទាំងអស់ព្រួយបារម្ភណាស់ គឺបារម្ភពីយន្តហោះទម្លាក់គ្រាប់បែក ពីច្បាប់ព្រៃរបស់ខ្មែររំដោះដែលគាបសង្កត់លើប្រជាជន និងពីការនាំយកសាច់ញាតិទៅសម្លាប់ចោល ដោយសារតែមានបងប្អូនធ្វើការខាងលន់ នល់។ ដូច្នេះ មិនថាតែប្រជាជនទេ ទោះបីជាអ្នកធ្វើការបម្រើឲ្យខ្មែររំដោះក៏មិនសប្បាយចិត្តដែរ។ ចឹងហើយបានថា ការលំបាកវេទនាក្នុងពេលនោះ យើងមិនអាចគណនាបានទេ។ ទាំងអស់នេះគឺដោយសារតែឥស្សរជននយោបាយពេលនោះ ដែលបានធ្វើឲ្យមានការលំបាកដល់ប្រជាជន។ តាគ្រាន់តែចង់ប្រាប់ថា បើនរណាមកអូសទាញយើង យើងគប្បីពិចារណាសិនថា តើគួរជឿឬមិនជឿ។ ប្រសិនជាយើងមិនបានពិចារណាទេ យើងប្រាកដជាដើរចូលភ្លើងហើយ។ ឧទាហរណ៍ជាក់ស្តែងក្នុងឆ្នាំ១៩៧០ អ៊ីចឹង គឺមិនត្រឹមតែមិនបានសម្តេចសីហនុ មកវិញទេ ប៉ុន្តែថែមទាំងធ្លាក់ខ្លួនចូលក្នុងមាត់ខ្លាទៅវិញ។ សរុបមក តាសុំឲ្យចៅៗទាំងអស់យកចិត្តទុកដាក់ក្នុងការរៀនសូត្រពីប្រវត្តិសកម្មភាពទាំងអស់ដែលបានកើតឡើង រួមទាំងការលំបាកវេទនា សកម្មភាព ទម្លាក់គ្រាប់បែក ការចាប់ចង ការកាប់សម្លាប់នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្មែរកាលឆ្នាំ១៩៧០ដល់១៩៧៩។ កូនៗទាំងអស់ ក៏គួរយល់ហើយដែរថា ប្រពៃណីរបស់យើងគឺការសាមគ្គីគ្នា ហើយសូមកុំបែកបាក់សាមគ្គីគ្នាដូចកាលពីជំនាន់មុនឲ្យសោះ ព្រោះវានាំមកនូវភាពអន្តរាយ និងសម្លាប់គ្នា។ យើងត្រូវតាំងចិត្តថា យើងមានសញ្ជាតិដូចគ្នា ត្រូវស្មោះត្រង់នឹងគ្នា និងរក្សាសុខសន្តិភាពជាមួយគ្នាឲ្យយូរតទៅមុខទៀត។ ដូច្នេះក្នុងឱកាសនេះតាយល់ថា វេទិកាអប់រំសហគមន៍ពិតជាមានតម្លៃណាស់សម្រាប់ចៅៗទាំងអស់បានសិក្សារៀនសូត្រអំពីប្រវត្តិសាស្រ្ដរបស់ខ្មែរ។ តាចង់ឲ្យមានវេទិកាបែបនេះបន្តទៀត»។ សរន

( ព្រុំ ពុំ ជាអតីតកងឈ្លប និងកងសន្តិសុខនៅមន្ទីរសន្តិសុខទួលជើងចាប។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

( ស្រី នឿន ជាអតីតប្រធានកងធំ (ប្រធាន ឃ) គ្រប់គ្រងមនុស្ស៣០០នាក់នៅឃុំអង្គរស ស្រុកមេសាង។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)

( នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ សិស្សានុសិស្សថ្នាក់ទី១២នៃវិទ្យាល័យអង្គរសចំនួន២១នាក់ គឺស្រី១៣នាក់ និងប្រុស៨នាក់ចូលរួមវេទិកាអប់រំសហគមន៍ស្ដីអំពីប្រវត្តិសាស្រ្ដកម្ពុជាប្រជាធិបតេយ្យ និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ ក្រោមប្រធានបទ «អតីតកម្មាភិបាលខ្មែរក្រហមបានបង្ហាញការសោកស្ដាយពីការលះបង់ជីវិតដើម្បីបដិវត្តន៍» ដែលរៀបចំធ្វើដោយមជ្ឈមណ្ឌលឯកសារ ខេត្តព្រៃវែង នៅភូមិស្រះតាអឹម ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង ដោយមានអ្នករស់រានមាន។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)