ដោយៈ វ៉ៃកូ / ស្វាយរៀង៖ អាគារទីចាត់ការ១ខ្នង មាន៨បន្ទប់ នៅវិទ្យាល័យជីភូ គ្រោងចំណាយថវិកាប្រមាណជាង ៥ មុឺនដុល្លារ ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក លឹម សៀងហេង អភិបាលក្រុងបាវិត ។

ពិធីនេះក៍មានការអញ្ជើញចូលរួមពីលោកចៅសង្កាត់ច្រកម្ទេស លោកនាយប៉ុស្តិ៍រដ្ឋបាល លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក សិស្សានុសិស្ស ជាច្រើននាក់ ផងដែរ។

លោក គង់ ឫទ្ធី នាយកវិទ្យាល័យជីភូ បានបញ្ជាក់ឱ្យដឹងថាៈ អគារចាស់របស់វិទ្យាល័យគឺ មានសភាពទ្រុឌទ្រោម ពិបាកក្នុងការធ្វើការ ទើបថ្ងៃនេះ ក៏បានធ្វើពិធីសាងសង់ អគារ មួយខ្នងនេះឡើង ដែលមានទទឹងប្រវែង ១០ ម៉ែត្រ បណ្តោយប្រវែង ២០ ម៉ែត្រ ដែលបានបញ្ចុះបឋមសិលាសាងសង់ គឺធ្វើអំពីថ្ម កម្ពស់មួយជាន់ មាន ៨ បន្ទប់ ចំណាយថវិកា ប្រមាណជាង ៥ មុឺនដុល្លារ ដែលជាថវិកាផ្ទាល់របស់សាលា និងសមាគម ព្រមទាំងសប្បុរសជននានា។

ក្នុងឱកាសនោះដែរ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានមានប្រសាសន៍ ថា៖ ក្រោមការដឹកនាំដ៍ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកឈាមស្រស់ សាច់ស្រស់ ទៅប្តូរ ទើបធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យ ជាពិសេសវិស័យអប់រំដែលប្រមុខរាជរដ្ឋាភិបាល បាននឹងកំពុងយកចិត្តទុក្ខដាក់ជាខ្លាំង។

លោកក៍បានក្រើនរំលឹកដល់ក្មួយៗ កូនៗ សិស្សានុសិស្ស ត្រូវធ្វើជាកូនល្អ ចេះស្តាប់ បង្គាប់ការណែនាំ របស់ឪពុកម្តាយ អាណាព្យាបាល និងខិតខំស្តាប់ការអប់រំ បង្ហាត់ បង្រៀន របស់លោកគ្រូ អ្នកគ្រូ ឱ្យក្លាយខ្លួនជាសិស្សល្អ ខិតខំរៀនសូត្រ ព្រោះក្មួយៗ ជាទំពាំងស្នងឫស្សី សម្រាប់ចូលរួមបំរើសង្គមជាតិ និងលើកស្ទួយជីវភាពគ្រួសារ។

លោកក៏បានស្នើសុំឱ្យក្រុមជាង ជួយពន្លឿនការសាងសង់ ឱ្យបានលឿន និងមាន គុណភាព តាមស្តង់ដាប្រើប្រាស់បានយូរអង្វែង ទៅថ្ងៃក្រោយ៕ V / N