ដោយៈបញ្ញាសាស្រ្ត/ភ្នំពេញ៖ នៅក្នុងនាមជាតារាភាពយន្តជំនាន់ទសវត្សរ៍ ៦០ និងជាអតីតកីឡាករក្បាច់គុណ លោកគ្រូតា សាន គឹមស៊ាន ដែលជាគ្រូគុណ ល្បុក្កតោ បានច្របាច់បញ្ចូលគ្នានូវក្តីស្រឡាញ់របស់លោកតា ទាំងពីរបញ្ចូលគ្នាមក មកបង្ហាញទស្សនិកជន តាមរយៈសាច់រឿង ដែលបង្កប់ទៅដោយព្រលឹងនិងវប្បធម៌របស់ជាតិ ក្នុងខ្សែរភាពយន្ត ដំបូងរបស់លោកតា គឺរឿង «ព្រលឹងល្បុក្កតោ» ដែលសម្ពោធជាផ្លូវការ និងបានដាក់បញ្ចាំងគ្រប់រោងភាពយន្តក្នុងរាជធានីចាប់ពី ថ្ងៃទី១៦ ខែមីនា នេះតទៅ។


ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកគ្រូតា សាន គឹមស៊ាន អោយដឹងថា «ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីល្បុក្កតោ និងស្មារតីជាតិ។ ទោះបីភាពយន្តនេះខាត ឬចំណេញ អ្នកដែលនៅតែចំណេញ គឺជាតិយើង ព្រោះយើងបានចូលរួមផ្សព្វផ្សាយ គុនល្បុក្កតោ តាមរយៈភាពយន្ត ឱ្យអន្តរជាតិបានស្គាល់! ដូច្នេះ «ព្រលឹងល្បុក្តតា» ប្រៀបដូចជាការឧទ្ទិសដល់គុណ ដូនតាយើង និងជាសារដាស់តឿនយុវជនជំនាន់ក្រោយឱ្យហាត់រៀន និងថែរក្សាគុនខ្មែរនេះឱ្យបន្តគ្រប់ជំនាន់»។
ថ្លែងក្នុងពិធីសម្ពោធរឿង «ព្រលឹងល្បុក្កតោ» កាលពីពេលថ្មីៗនេះ លោក ចាន់ សារុន ប្រធានសហព័ន្ធល្បុក្កតោ បានមានប្រសាសន៍ថា៖ «ខ្ញុំមានការស្ញប់ស្ញែងចំពោះវីរភាពរបស់លោកគ្រូ សាន គឹមស៊ាន តាំងពីដើមរៀងមក។ លើកនេះគាត់ បានបញ្ចេញស្នាដៃមួយទៀត ក្នុងនាមជាអ្នកដឹកនាំរឿង ជាតួសម្តែងផង ដែលធ្វើឱ្យខ្ញុំកាន់តែស្ញប់ស្ញែង ចំពោះពលីកម្ម របស់លោគ្រូ ចំពោះគុនខ្មែរយើង។ ដូច្នេះ ខ្ញុំលើកទឹកចិត្តឱ្យបងប្អូនរួមជាតិ ចូលរួមទស្សនាភាពយន្តថ្មីនេះ ដើម្បីលើកតម្លៃវប្បធម៌ខ្មែរផង និងគាំទ្រផលិតកម្មក្នុងស្រុកផង»។
សូមជម្រាបថា «ព្រលឹងល្បុក្កតោ» នឹងចាក់បញ្ចាំងជាផ្លូវការ នៅគ្រប់រោងភាពយន្ត នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពី ថ្ងៃទី១៦ ខែមីនា នេះតទៅ។ លើសពីនេះ លោកគ្រូតា នឹងនាំក្រុមល្បុក្កតោទៅសម្តែងផ្ទាល់ នៅតាមរោងភាពយន្ត នានា នៅរាជធានីភ្នំពេញ នៅថ្ងៃដំបូងនោះ ដោយដាក់ឈ្មោះយុទ្ធនាការនោះថា៖ «តស់ ហាត់ល្បុក្កតោ នៅរោងកុន» ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ជាតិ និងសុខភាពសាធារណជន។ ដូច្នេះហើយបានទស្សនិកថា រឿង «ព្រលឹងល្បុក្កតោ» ជាភាពយន្តផង ជាចលនាវប្បធម៌ជាតិផង! P / N