ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៦ មីនា នេះ បណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុក ប្រមាណជិត ១០០ នាក់ បានជជែកពិភាក្សាគ្នា ស្តីពីការផ្សព្វផ្សាយកីឡា ស៊ីហ្គេម (SEA Games 2023) ហើយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា ស៊ីហ្គេម (CAMSOC) បានចាត់ទុកថា ក្រុមអ្នកសារព័ត៌មាន គឺជាគ្រួសារមួយ សម្រាប់លើកកម្ពស់ នូវការផ្សព្វផ្សាយស៊ីហ្គេមរបស់កម្ពុជា ទៅកាន់ពិភពលោក ដែលនឹងឈានមកដល់ នាដើមខែឧសភា ខាងមុខនេះ

សន្និសីទនេះ ធ្វើឡើងដោយបានការអនុញ្ញាត ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និង អាស៊ានប៉ារ៉ាហ្គេមលើក១២ (CAMSOC) ក្នុងការរៀបចំសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីសំណាក់ អ្នកសារព័ត៌មាន មកពីបណ្តាប្រទេសសមាជិក អាស៊ីអាគ្នេយ៍ទាំង១១ និងបណ្តាញសារព័ត៌មានអន្តរជាតិធំៗ ជាច្រើនទៀត មកពី ទូទាំងពិភពលោក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាស៊ីហ្គេម CAMSOC បានចាត់ទុកថាៈ ក្រុមអ្នកសារព័ត៌មាន គឺជាគ្រួសារមួយសម្រាប់លើក កម្ពស់នូវការផ្សព្វផ្សាយស៊ីហ្គេមរបស់កម្ពុជា ទៅកាន់ពិភពលោក ហើយជាពេលវេលា ដែលត្រូវតែរួមគ្នា ធ្វើការងារជាមួយគ្នា ដោយព្រឹត្តិការណ៍នេះ មិនអាចដាច់ចេញពី ការផ្សព្វផ្សាយ ទទួលខុសត្រូវ និងជ្រោមជ្រែងពីបណ្តាញសារព័ត៌មានបានទេ។

សារពត៌មាន គឺជាចលករមួយគន្លឹះ នៅក្នុងការលើកតម្លៃស៊ីហ្គេម ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ មានគុណតម្លៃកាន់តែខ្ពស់ ហើយធ្វើឲ្យគេស្គាល់កម្ពុជា កាន់តែច្បាស់ ធ្វើឲ្យគេយកទិដ្ឋ ភាព ពីស៊ីហ្គេមដ៏អស្ចារ្យ នៅកម្ពុជានេះ យកទៅផ្សព្វផ្សាយ ឲ្យគេស្គាល់ និងដឹងដើម្បីឲ្យ មានការចាប់អារម្មណ៍ និងមកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

កម្ពុជា នឹងធ្វើឲ្យអ្នកសារពត៌មានកីឡា និងព័ត៌មានទូទៅ មានភាពកក់ក្តៅ ក្នុងការទទួល បានព័ត៌មានត្រឹមត្រូវ សុខសុវត្ថិភាព ដែលមានកន្លែងឲ្យពួកគាត់ សម្រាប់ធ្វើការ MPC (Main Press Center) និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ IBC (International Broadcasting Center) ជាដើម។

នៅថ្ងៃទី១៧ ខែមីនា ស្អែកនេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងរៀបចំពិធីបើកបិទ ព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្រទាំងពីរ និងមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ ដើម្បីផ្តិតយករូបភាព និងស្វែងយល់ពីទីកន្លែងលំអិត ដើម្បីយកទៅផ្សព្វផ្សាយ។ ដោយឡែកក្រុមអ្នកសារព័ត៌មានអន្តរជាតិ នឹងធ្វើដំណើរទស្សនកិច្ច ទៅកាន់ពហុកីឡ ដ្ឋានជាតិ មុនពេលថ្ងៃទី១៨ ខែមីនា ដែលពួកគាត់ ត្រូវវិលត្រឡប់ទៅប្រទេស កំណើតវិញ។

លោក វ៉ាត់ ចំរើន បានបន្ថែមថាៈ កាលណាយើងផ្សព្វផ្សាយបានល្អ ពីព្រឹត្តិការណ៍ ដែលយើងខិតខំធ្វើច្រើនឆ្នាំមកនេះ គឺសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើង។ បើយើងមិនធ្វើការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ឲ្យឃើញទិដ្ឋភាពច្បាស់ពីការខិតខំប្រឹងប្រែង និងកំលាំងសក្តានុពលរបស់យើងទេ យើងអាចបាត់បង់នូវ គុណតម្លៃ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងរយៈពេលច្រើនឆ្នាំមកនេះ ដែលនេះគឺជាអ្វី ដែលយើងបានទទួល និងគោរពតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីគឺការផ្សព្វផ្សាយឲ្យទូលំទូលាយ ឲ្យមានឥទ្ធិពល ទាំងនៅលើ ឆាកជាតិ និងអន្តរជាតិ៕/V-PC