ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក រ័ត្ន មុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានស្នើដល់ប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង ឲ្យបង្កើតគ្រុបតេលេក្រាម រួមមួយ ដើម្បីទំនាក់ទំនង និងដឹងសុខទុក្ខគ្នា រវាងអ្នកចូលនិវត្តន៍និងអ្នកដែលកំពុងធ្វើការ សម្រាប់ជួយគ្នាទៅវិញទៅមក គ្រាដែលមានទុក្ខធុរៈ។

លោក រ័ត្ន មុនី បានមានប្រសាសន៍ថាៈ ថ្វីបើបងប្អូនដែលជាអតីតមន្ត្រីសាខាពន្ធដារ បានចូលនិវត្តន៍ក៏ពិតមែន ក៏ប៉ុន្តែថ្នាក់ដឹកនាំសាខាពន្ធដារ អ្នកដែលនៅបម្រើការងារ បច្ចុប្បន្ន ក៏ដូចជាលោក អគ្គនាយកពន្ធដារ នៅតែនឹករលឹក និងមិនទុកបងប្អូន ចោលនោះទេ។ការបង្កើតឲ្យមានគ្រុបតេឡេក្រាមរួមនេះ គឺចង់ដឹងពីសុខទុក្ខគ្នា នៅពេលដែលបងប្អូន មានទុក្ខធុរៈ ជួបការលំបាក នឹងអាចចូលក្នុងតេលេក្រាម ដើម្បីលើកសំណូមពរ

ជាក់ស្តែង អតីតមន្ត្រីពន្ធដារមួយរូប ដែលចូលនិវត្តន៍ មានលំនៅ នៅខេត្តជាប់ព្រំប្រទល់ ប្រទេសថៃ មានជំងឺជាទម្ងន់ ហើយក៏បានឡើងសំណូមពរ តាមតេឡេក្រាមក្នុងគ្រុប ប្រចាំខេត្ត និងបានដឹងដំណឹងដល់មន្ត្រីពន្ធដារទូទាំងប្រទេស ហើយក៏បានរៃលុយគ្នាម្នាក់បន្តិចបន្តួច រហូតដល់បានចំនួន ៣០ លានរៀល ប្រគល់ឱ្យ ទើបគ្រួសារគាត់ មានលទ្ធភាព យកអតីតមន្ត្រីពន្ធដាររូបនោះ ទៅព្យាបាលនៅប្រទេសថៃ បានជាសះ ស្បើយ។ នេះជាគុណប្រយោជន៍ នៃការបង្កើតឲ្យមានគ្រុបតេឡេក្រាមរួម។

លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ បានបន្តថាៈ ថ្ងៃនេះផងដែរ ក្នុងនាម អគ្គនាយកដ្ឋានពន្ធដារ លោកសូមនាំយកថវិការបស់សមាគម មកចែកជូនបងប្អូន និវត្តន៍ជន ក្នុងម្នាក់ៗ ចំនួន ៧០ ម៉ឺនរៀល សម្រាប់និវត្តន៍ជនជាស្ត្រី ក៏ដូចជាមន្ត្រីពន្ធដារ ដែលកំពុងបម្រើការងារជាស្ត្រី ទទួលបានប្រាក់ឧបត្ថម្ភម្នាក់ៗ ២០ ម៉ឺនរៀល សម្រាប់ថ្ងៃសិទ្ធិនារី មីនា។ ដោយឡែក បងប្អូននិវត្តន៍ជន មានអាយុចាប់ពី ៧០ ឆ្នាំឡើង ទទួលប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ១០០ ដុល្លារទៀត

នៅក្នុងឱកាសនោះ លោក សុខ សាគន្ឋ អតីតអនុប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង ជំនួសមុខឱ្យមន្ត្រីពន្ធដាចូលនិវត្តន៍ទាំងអស់សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះលោកអគ្គនាយក អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លោកប្រធានសាខាពន្ធដារ ដែលបានធ្វើពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ ដល់មន្ត្រីពន្ធដារ ចាស់ៗ ចូលនិវត្តន៍ទាំងអស់ និងសូមសំណូមពរស្នើសុំ ការសាកសួរសុខទុក្ខនេះ កើតមានជារៀងរាល់ឆ្នាំ៕/V-PC