ប្រែសម្រួល : កញ្ញាដាលីស (ប៊ីប៊ីស៊ី) ៖ អ្នកវិទ្យាសាស្ត្របានបង្កើតស៊ុតដោយប្រើកោសិការបស់កណ្ដុរឈ្មោលជាលើកដំបូង ដែលនាំឱ្យមានកំណើតកូនកណ្តុរចំនួនប្រាំពីរក្បាលជាមួយនឹងបាពីរក្បាល នេះបើយោងតាមការស្រាវជ្រាវកាលពីថ្ងៃពុធ ដែលគេសាទរថាជា “បដិវត្តន៍”មួយ។
បច្ចេកទេស ដែលបានត្រួសត្រាយនៅក្នុងការពិសោធន៍នេះ នៅមានដំណើរវែងឆ្ងាយណាស់ពីការអាចប្រើចំពោះមនុស្ស ដោយមានឧបសគ្គជាច្រើននៅរង់ចាំខាងមុខ រួមទាំងអត្រាជោគជ័យទាប កង្វល់នៃការសម្របយកវា និងការពិចារណាអំពីក្រមសីលធម៌គ្រប់បែបយ៉ាង។
ប៉ុន្តែរបកគំហើញនេះបានបង្កើនការរំពឹងទុកនៃលទ្ធភាពបន្តពូជបែបថ្មី រួមទាំងគូស្នេហ៍ជាបុរសដែលស្រលាញ់ភេទដូចគ្នា ឬសូម្បីបុរសនៅលីវ ក៏អាចមានកូនបង្កើត ដោយមិនចាំបាច់ត្រូវការស៊ុតញី។
ការស្រាវជ្រាវ ដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature ត្រូវបានអនុវត្តដោយក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសជប៉ុន ដែលដឹកនាំដោយជីវវិទូផ្នែកអភិវឌ្ឍន៍ លោក កាតស៊ូហ៊ីកូ ហាយ៉ាស៊ី (Katsuhiko Hayashi) នៃសាកលវិទ្យាល័យអូសាកា និងសាកលវិទ្យាល័យឃ្យូស៊ូ (Kyushu)។
លោកហាយ៉ាស៊ីនិងក្រុមរបស់គាត់កាលពីមុនបានរកឃើញវិធីមួយដើម្បីយកកោសិកាស្បែកពីកណ្ដុរញីហើយបំប្លែងពួកវាទៅជាស៊ុតដែលអាចប្រើដើម្បីផ្តល់កំណើតដល់កូនកណ្តុរដែលមានសុខភាពល្អ។
សម្រាប់ការស្រាវជ្រាវចុងក្រោយរបស់ពួកគេ ក្រុមការងារនេះមានគោលបំណងធ្វើដូចគ្នាចំពោះកោសិកាឈ្មោល។
ដូចមនុស្សដែរ សត្វកណ្តុរឈ្មោលមានទាំងក្រូម៉ូសូម X និង Y ខណៈកណ្តុរញីមានក្រូម៉ូសូម X ពីរ។
អ្នកវិទ្យាសាស្ត្របានយកកោសិកាស្បែកចេញពីកន្ទុយរបស់កណ្តុរឈ្មោល ហើយដាក់ក្នុងចានមួយដោយប្រែក្លាយពួកវាទៅជាកោសិកាដើម ហៅថា Pluripotent ដែលអាចក្លាយទៅជាកោសិកាប្រភេទណាមួយ។
ក្នុងអំឡុងដំណើរការនេះ ប្រហែល ៦ ភាគរយនៃកោសិកាបានបាត់បង់ក្រូម៉ូសូម Y របស់ពួកវា ដោយបន្សល់ទុកតែក្រូម៉ូសូម X ដែលមានន័យថា ពួកវាជាអ្វីដែលគេហៅថា XO ។
ដោយប្រើប្រូតេអ៊ីន Fluorescent និងថ្នាំ Reversine អ្នកស្រាវជ្រាវបានចម្លងក្រូម៉ូសូម X ដែលមានស្រាប់នៅក្នុងកោសិកាទាំងនេះ ដោយបង្កើតបានសំណុំ XX ។
បន្ទាប់មក កោសិកាទាំងនេះត្រូវបានប្រើប្រាស់ដើម្បីបង្កើតស៊ុត ដែលត្រូវបានបង្កកំណើតជាមួយនឹងមេជីវិតឈ្មោលរបស់កណ្ដុរឈ្មោលផ្សេង ហើយបញ្ចូលទៅក្នុងស្បូនរបស់សត្វកណ្តុរពពោះជំនួស។
ក្នុងចំណោមការប៉ុនប៉ងចំនួន ៦៣០ លើក កូនកណ្តុរចំនួន ៧ ក្បាលបានកើតមក ដែលតំណាងឱ្យអត្រាជោគជ័យតែជាង១ភាគរយ។
ការសិក្សាបាននិយាយថា កូនកណ្តុរទាំងនោះមិនបង្ហាញសញ្ញាណាមួយនៃភាពមិនប្រក្រតីទេ ហើយអាចធំធាត់ដោយខ្លួនឯង។
លោកហាយ៉ាស៊ី ដែលបានបង្ហាញការរកឃើញជាលើកដំបូងនៅក្នុងកិច្ចប្រជុំអន្តរជាតិលើកទី៣ ស្តីពីការកែសម្រួលហ្សែនមនុស្សនៅទីក្រុងឡុងដ៍កាលពីសប្តាហ៍មុន បានព្រមានថា ឧបសគ្គជាច្រើននៅតែមាន មុនពេលដែលបច្ចេកវិជ្ជានេះអាចត្រូវបានប្រើប្រាស់សម្រាប់មនុស្ស។
តាមទ្រឹស្តី បច្ចេកទេសនេះអាចអនុញ្ញាតឱ្យបុរសស្រឡាញ់ភេទដូចគ្នាពីរនាក់មានកូនជាមួយគ្នាបាន ដោយម្នាក់ផ្តល់មេជីវិតឈ្មោល និងម្នាក់ទៀតផ្តល់ស៊ុត នេះបើយោងតាមលោក នីតហ្សាន ហ្គូនិន (Nitzan Gonen) ប្រធានមន្ទីរពិសោធន៍កំណត់ភេទនៅសាកលវិទ្យាល័យបាអ៊ីឡាន (Bar-Ilan University) របស់អ៊ីស្រាអែល៕
កណ្តុរឈ្មោលពីរក្បាលក៏អាចបង្កើតកូនជាមួយគ្នាបានដែរ