ដោយៈសុផល/ភ្នំពេញ៖លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា៖អគារសាកលវិទ្យាល័យប៊ែលធីអន្តរជាតិទីតាំងទី២ជាថ្នាលបណ្តុះបណ្តាលនិស្សិតកម្រិតឧត្តមសិក្សា ដែលបានរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញវិស័យអប់រំឱ្យកាន់តែប្រសើរឡើង ក៏ដូចជាបំពេញបន្ថែមតាមតម្រូវការនៃការសិក្សា និងកំណើនសិស្ស-និស្សិត ជារៀងរាល់ឆ្នាំ។
លោកបណ្ឌិតសភាចារ្យ បានថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជាផ្លូវការអគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២និងអន្តេវាសិកដ្ឋានដែលមានទីតាំងស្ថិតនៅអគារ១៥១ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ខែមីនា។
លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលកំពុងលេចធ្លោនិងមានការទទួលស្គាល់ទាំងកម្រិតជាតិ-អន្តរជាតិ តាមរយៈពង្រឹងសេវាកម្មអប់រំជាបន្តបន្ទាប់ចាប់ពី ថ្នាក់បរិញ្ញាបត្ររង ដល់ ថ្នាក់បណ្ឌិត និង មាន ១២មហាវិទ្យាល័យ៤២ជំនាញ ដ៏ពេញនិយម រួម ជាមួយកម្មវិធីសិក្សា ធនធានសាស្ត្រាចារ្យ បុគ្គលិក ដែលមានសមត្ថភាព គុណភាព និងបទពិសោធន៍។
លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភានិងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា៖ប៊ែលធីគ្រុប បានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុងការបង្កើតឱកាសការងារ និងចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិជាពិសេសគឺបានបង្កើតប៊ែលធីអប់រំដែលជាដៃគូដ៏ល្អក្នុងការជំរុញវិស័យអប់រំនៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២ លើការបណ្តុះបណ្តាលធនធានមនុស្ស ទាំងសាលាចំណេះទូទៅ និងឧត្តមសិក្សា។
លោក ហ៊ុន ម៉ានី ក៏បានបន្តមានប្រសាសន៍ទៅកាន់ប្អូនៗនិស្សិត ថាប្អូនៗស្ថិតក្នុងសម័យកាលដែលមានការត្រួសត្រាយផ្លូវហើយជាពិសេសលើផ្លូវដែលពោរពេញដោយសុខសន្តិភាពបច្ចេកវិទ្យាជឿនលឿននិងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យអប់រំមានការរីកចម្រើនដែលក្នុងនោះមានសាលារៀននៅគ្រប់ទិសទីក្នុងប្រទេស។នេះជាភ័ព្វ សំណាងនិងជាឱកាស មាសរបស់ប្អូនៗក្នុងការចាប់យកការសិក្សារៀនសូត្រឈានឆ្ពោះទៅរកឱកាសការងារដ៏សម្បូរបែបច្រើនជាងយុវជនជំនាន់មុន។
លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអគ្គនាយក ប៊ែលធី គ្រុប បានមានប្រសាសន៍ថា សាកលវិទ្យាល័យទីតាំងទី២នេះសាងសង់លើផ្ទៃដីទំហំ ១១,០០០ម៉ែត្រការ៉េ, មានចំណតធំទូលាយ, កម្ពស់ ៧ជាន់ ស្មើនឹង ១៤២បន្ទប់ និងមានសាលសន្និសីទ (Conference Hall),សាលមហោស្រព (Auditorium), សាលប្រជុំ, បន្ទប់សម្តែងការគួរសម (Courtesy Room), បណ្ណាល័យឌីជីថល, បន្ទប់ហ្វឹកហាត់ភាសា-កុំព្យូទ័រ, អាហារដ្ឋាន, ជណ្តើរយន្ត, បន្ទប់សិក្សាមានបំពាក់ LCD Projector, ម៉ាស៊ីនត្រជាក់ និងកាមេរ៉ាតាមដានការសិក្សានិងការបង្រៀន។ ចំពោះអន្តេវាសិកដ្ឋាន មានកម្ពស់ ៥ជាន់ ស្មើនឹង ៦៥បន្ទប់ មានអាហារដ្ឋាន កន្លែងរង់ចាំ និងបន្ទប់សម្រាប់និស្សិតពិភាក្សាជាក្រុម។ បន្ទប់នីមួយៗមានទំហំធំទូលាយ មានបន្ទប់ទឹក បន្ទប់ចំអិនអាហារនិងកន្លែងសិក្សា សម្រាប់និស្សិតស្នាក់នៅដោយតម្លៃសមរម្យ។
សាកលវិទ្យាល័យមានកម្មវិធីសិក្សា៥កម្រិតធំៗ៖១-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូរទ័រ(Intensive courses: English & Computer)២-ថ្នាក់បរិញ្ញាបត្ររង (Associate Degrees), ៣-ថ្នាក់បរិញ្ញាបត្រ (Bachelor’s Degrees), ៤-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degrees) និង ៥-ថ្នាក់បណ្ឌិត (Doctoral Degrees) សិក្សាកម្មវិធីសិក្សាជាភាសាជាតិ (National Program) បង្រៀនជាពីរភាសា៖ ខ្មែរ រួមជាមួយអង់គ្លេស និងកម្មវិធីសិក្សាអន្តរជាតិ (International Program) បង្រៀនជាភាសាអង់គ្លេស១០០%។ សាកលវិទ្យាល័យមាន ១២មហាវិទ្យាល័យ (៤២ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុនិងធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យានិងវិទ្យាសាស្ត្រ ៨-បច្ចេកវិទ្យាឌីជីថលនិងទូរគមនាគមន៍,៩-វិស្វកម្ម, ១០-ស្ថាបត្យ កម្ម, ១១-ទំនាក់ទំនងអន្តរជាតិ និង ១២-អាកាសចរស៊ីវិល។
នាឱកាសនោះ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីនិងហ៊ុន ម៉ានី បានផ្តល់កិត្តិយសចុះហត្ថលេខាលើសៀវភៅអនុស្សាវរីយ៍និងអញ្ជើញទស្សនាអគារសាកលវិទ្យាល័យ និងអន្តេវាសិកដ្ឋាន ផងដែរ៕Ph