​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ផែនការ​របស់​រុស្ស៊ី​ក្នុង​ការបំផ្លិចបំផ្លាញ​ខ្សែ​រថភ្លើង​របស់​ប៉ូឡូញ​ក្នុង​គោលបំណង​បញ្ឈប់​ប្រទេស​នេះ​កុំ​ឱ្យ​បញ្ជូន​អាវុធ​ឱ្យ​ទៅ​អ៊ុ​យក្រែន ត្រូវបាន​រកឃើញ ខណៈ​ជនសង្ស័យ​ជា​ភ្នាក់ងារ​បរទេស​ចំនួន​ប្រាំមួយ​នាក់​ត្រូវបាន​ចាប់ខ្លួន​។​

​យោង​តាម​វិទ្យុ​RMF FM “​ជនបរទេស​ដែល​មក​ពី​ព្រំដែន​ភាគ​ខាងកើត​របស់​យើង​ត្រូវបាន​ឃាត់ខ្លួន​ដោយ​ទីភ្នាក់ងារ​សន្តិសុខ​ផ្ទៃក្នុង​របស់​ប៉ូឡូញ ក្រោម​ការសង្ស័យថា​បាន​ធ្វើការ​ជំនួស​សេវាកម្ម​ពិសេស​របស់​រុស្ស៊ី​”​។​

​ភ្នាក់ងារ​ទាំង​ប្រាំមួយ​នាក់ ដែល​គេ​គិត​ថា​មកពី​ប្រទេស​បេឡា​រូ​ស ត្រូវបាន​ចាប់ខ្លួន បន្ទាប់​ពី​មន្ត្រី​ស៊ើបការណ៍​សម្ងាត់​មកពី​ទីភ្នាក់ងារ ABW របស់​ប៉ូឡូញ បាន​រកឃើញ​កាមេរ៉ា​លាក់​ទុក​ដើម្បី​ថត​ផ្លូវ​រថភ្លើង​សំខាន់ៗ សម្រាប់​ផ្ទេរ​អាវុធ​និង​គ្រាប់​ទៅកាន់​អ៊ុ​យក្រែន​។​

​ពួកគេ​ត្រូវបាន​សង្ស័យថា​បាន​ព្យាយាម​បំផ្លិចបំផ្លាញ​ខ្សែ​រថភ្លើង​ដើម្បី​បង្អាក់​កិច្ចប្រឹងប្រែង​ធ្វើសង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​។ រដ្ឋ​មន្ត្រី​កងកម្លាំង​ពិសេស​របស់​ប៉ូឡូញ​បាន​និយាយថា សេចក្តីថ្លែងការណ៍​ផ្លូវការ​នឹងត្រូវ​ផ្តល់ជូន​នៅ​ថ្ងៃ​សុក្រ​ទី​១៧​មីនា​។​

​ការចាប់ខ្លួន​នេះ​កើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ដែល​ទទួលខុសត្រូវ​លើ​សេវាកម្ម​ពិសេស​របស់​ប្រទេស​នេះ​បាន​លាតត្រដាង​ថា មនុស្ស​ប្រាំបួន​នាក់​ផ្សេង​ទៀត​ដែល​សង្ស័យ​សហការ​ជាមួយ​សេវាកម្ម​រុស្ស៊ី​និង​បេឡា​រូស ក៏​ត្រូវបាន​ឃុំខ្លួន​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ផង​ដែរ​។​

​លោក ស្តា​នី​ស្លា​វ ហ្សារី​ន (Stanislaw Zaryn) ក៏​បាន​ព្រមាន​ផងដែរ​អំពី​សកម្មភាព​ស៊ើបការណ៍​សម្ងាត់​កាន់តែខ្លាំង​ឡើង​របស់​រុស្ស៊ី បន្ទាប់​ពី​ប៉ូឡូញ​កាលពី​ឆ្នាំមុន​បាន​បណ្តេញ​អ្នកការទូត​រុស្ស៊ី​ចំនួន ៤៥ នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ថា​ធ្វើ​ចារ​កម្ម​។ លោក​បាន​និយាយថា “​រុស្ស៊ី​កំពុង​ស្វែងរក​ឱកាស​ថ្មី​ដើម្បី​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ប៉ូឡូញ​”​។​

“​យើង​កំពុង​ដោះស្រាយ​ជាមួយនឹង​ការប៉ុនប៉ង​ដើម្បី​ទទួលបាន​ព័ត៌មាន​រសើប រួមទាំង​ការថតរូប​កាត​ឥណទាន ឬ​ការ​រក​មើល​ទូរស័ព្ទ​ឯកជន​របស់​ជនជាតិ​ប៉ូឡូញ​។​

​លោក​បាន​បន្ថែមថា “​ទាំងអស់​នេះ​ត្រូវបាន​ប្រើ​ដើម្បី​ប្រមូល​ទិន្នន័យ​អំពី​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​ប៉ូឡូញ​និង​ថា​តើ​កងទ័ព​របស់​យើង​កំពុង​ធ្វើ​បំលាស់​ទី​ទៅ​ណា​ខ្លះ​។ រុស្ស៊ី​ប្រើ​នូវ​អ្វី​ដែល​ហៅ​ថា​ការ​សម្លុត​កំហែង​ទន់ ដោយ​ព្យាយាម​បំភិតបំភ័យ​អ្នក​ដែល​ត្រូវបាន​សួរចម្លើយ​”​។​

​ការចាប់ខ្លួន​ចុងក្រោយ​នេះ​គឺពាក់ព័ន្ធ​នឹង​ការឃ្លាំមើល​ជាសម្ងាត់​នៃ​ផ្លូវ​រថភ្លើង​នៅ​ជិត​អាកាសយានដ្ឋាន​រ៉េ​ស​ហ្សូ​វ (Rzeszów) នៅ​ភាគ​អាគ្នេយ៍​ប៉ូឡូញ ដែល​មាន​ចម្ងាយ​ជិត​៨០ គីឡូម៉ែត្រ​ពី​ព្រំដែន​អ៊ុ​យក្រែន​។​

​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​នៅ​អ៊ុ​យក្រែន អាកាសយានដ្ឋាន​នេះ​បាន​ក្លាយជា​កន្លែង​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការផ្ទេរ​អាវុធ​និង​គ្រាប់​របស់​លោក​ខាងលិច​៕

​ប៉ូលិស​ប៉ូឡូញ​ឃាត់ខ្លួន​ជន​បរទេស​សង្ស័យ​៦​នាក់​កាលពី​ថ្ងៃ​ពុធ

អាកាសយានដ្ឋាន​រ៉េ​ស​ហ្សូ​វកន្លែង​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ការផ្ទេរ​អាវុធ​និង​គ្រាប់​របស់​លោក​ខាងលិច​