ដោយៈ ទេព មង្គល / ស្ទឹងត្រែង–រតនគិរី៖ កាលពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស(គ.វ.ក–១៩) រួមជាមួយក្រុមការងារ បានចុះពិនិត្យដំណើរការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ–១៩ ដូសជំរុញ (ដូសទី៣ ទី៤ ទី៥ និងដូសទី៦) នៅទឹកដីនៃ ខេត្តស្ទឹងត្រែង នៅតាមទីតាំងដូចជា ផ្សារសាមគ្គី វិទ្យាល័យព្រះរាជបូជនីយកិច្ច ក្រុងស្ទឹងត្រែង និងវត្តភ្លុក និងភូមិសាស្ត្រខេត្តរតនគិរី នៅតាមទីតាំង វិទ្យាល័យ តេជោសែន ត្រពាំងក្រហម អនុវិទ្យាល័យត្រពាំងក្រហម សាលាបឋមសិក្សាត្រពាំង ក្រហម ផ្សារបានលុង ភូមិកាំ និងវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ។
ក្នុងពេលសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋ និងសិស្សនុសិស្ស ព្រមទាំងអាជីវករលក់ដូរ នៅតាមទីតាំងដែលបានចុះដល់ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ–១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស បានក្រើនរំលឹកទៅកាន់អាជីវករលក់ដូរ សិស្សានុសិស្ស លោកគ្រូ–អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងទឹកដី ភូមិសាស្ត្រខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ថា៖ ការពន្យារពេលមិនព្រមទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសជំរុញ តាមពេលវេលាកំណត់ របស់ក្រសួងសុខាភិបាល នោះនឹងធ្វេីឱ្យមានភាពចុះខ្សោយខ្លាំង នៃអង់ទីគ័រការពាររាងកាយរបស់បុគ្គល និងសហគមន៍ដែលបានកើតឡើង ក្រោយពី ការចាក់វ៉ាក់សាំងកូវីដ–១៩ ដូសមុនៗ នឹងសឹងតែធ្លាក់ចុះបន្តិចម្ដងៗ រហូតដល់ចំណុច សូន្យ ដែលជាមូលហេតុ ធ្វើឲ្យវីរុសកូវីដ–១៩ នេះ មានសមត្ថភាពធ្វើសកម្មភាពវាយលុក សរីរាង្គកាយរបស់លោកអ្នក ដែលអាចធ្វេីឱ្យមានការផ្ទុះឡេីងសារជាថ្មីនូវការរាតត្បាត និងធ្វើឲ្យមានសភាពធ្ងន់ធ្ងរ អាចឈានដល់ការបាត់បង់ជីវិត ដោយសារជំងឺកូវីដ–១៩។
ដូចនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដែលជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល ផងដែរនោះ បានគូសបញ្ជាក់យ៉ាងច្បាស់ថាៈ អ្នកដែលមានជំងឺប្រចាំកាយ និងជនវ័យ ចាស់ ត្រូវតែទៅចាក់វ៉ាក់សាំងកូវីដ–១៩ ឲ្យបានគ្រប់ ៦ដូសនិងត្រឹមត្រូវតាមគម្លាត ពេលវេលាចន្លោះពីដូសមួយ ទៅដូសមួយទៀត ដែលមានរយៈពេល ៤ខែ ហើយ បន្ទាប់ពីបានចាក់វ៉ាក់សាំងកូវីដ–១៩ ដូសទី៦ ដែលជាដូសជំរុញបាន ៦ខែ ហើយ យើងអាចទៅទទួលការចាក់វ៉ាក់សាំងនេះ តាមបែបលក្ខណៈជាទម្លាប់ធម្មតា (Routine) នៅតាមគ្រប់បណ្តាសេវាសុខាភិបាលសាធារណៈ ដូចជាមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែកស្រុក មន្ទីរពេទ្យខេត្ត–ក្រុង និងមន្ទីរពេទ្យថ្នាក់ជាតិ នៅតាមរាជធានី–ខេត្តទូទាំងប្រទេស។
បន្ទាប់ពីបានពិនិត្យដំណើរការ នៃការចាក់វ៉ាក់សាំងកូវីដ–១៩ នៅតាមបណ្ដាទីតាំង នីមួយៗរួចមក លោកស្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំនៃ គណៈអភិបាលខេត្ត និងការខិតខំប្រឹងប្រែងរបស់ មន្ទីរសុខាភិបាលខេត្ត យ៉ាងសកម្ម ក្នុងការអប់រំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងកូវីដ–១៩ រួមទាំងការងារចាក់វ៉ាក់សាំង កូវីដ–១៩ ផងដែរ។
ទន្ទឹមនឹងនោះដែរ លោកស្រី បានសំណូមពរ និងលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមូលដ្ឋាន បន្តអប់រំផ្សព្វផ្សាយ អំពីសារៈសំខាន់ នៃវ៉ាក់សាំងកូវីដ–១៩ ជាពិសេសនោះ ការកៀរគរប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងកូវីដ–១៩ ដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ស្របទៅតាមពេលវេលាកំណត់ នៃដូសនីមួយៗ នៅតាមគ្រប់សេវា សុខាភិបាលសាធារណៈ ក៏ដូចជាវេទិកាសាធារណៈដែលបានរៀបចំដូចជា វត្តអារាម សាលារៀន ទីផ្សារ និងរោងចក្រជាដើម៕/V-PC