ប៉េអឹម​ចាប់ខ្លួន​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” រឿង​ផ្សាយ​ព័ត៌មាន​ពិត​

2135
ចែករម្លែក
  • 748
    Shares

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ប៉េអឹម​ខេត្តកំពង់ធំ បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ដែល​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​កងកម្លាំង​រាជ​អាវុធហត្ថ ពាក់ព័ន្ធ​ករណី​ចាប់​គ្រឿងញៀន​មួយ​។​

​ការចាប់ខ្លួន​នេះ បន្ទាប់​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” បាន​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​ករណី​បង្ក្រាប​គ្រឿងញៀន ដែលជា​ព័ត៌មាន​មិន​ពិត នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​

​បុរស​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” មានឈ្មោះ​ពិត គឺ សន សំនៀង ជា​អតីត​មេបញ្ជាការរង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹងថា ការ live វីដេអូ​ក្នុង​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “​យមរាជ លោកីយ៍​” ដែលជា​ព័ត៌មាន​មិន​ពិត​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស​របស់​កងកម្លាំង​រាជ​អាវុធហត្ថ​។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ ហង្ស ថុល មេបញ្ជាការ​ការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា នេះ​ថា “​ទាក់ទង​ករណីនេះ ខាង​ជំនាញ​កំពុងតែធ្វើការ​សាកសួរ​អតីតមន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ធំ​រូបនោះ តើ​គាត់​និយាយ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក ចង់បាន​អ្វី​? ហើយ​អ្វីដែល​គាត់​និយាយ​នោះ គឺជា​ការមិនពិត​។ ហើយ​រឿង​គ្រឿងញៀន ១៧២​គីឡូក្រាម​ក៏​មិនមាន​ដែរ​”៕

ទីតាំងផ្សាយពាណិជ្ជកម្ម