ដោយៈប.ខុន/ភ្នំពេញៈ គណៈអភិបាលខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី១៦ខែមីនាឆ្នាំ២០២៣បានបើកកិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គែមលើកទី៣២និងអាស៊ានប៉ារ៉ាហ្គែមនិង កិច្ចប្រជុំការងារទេសចរណ៍លើកទី៥១និងវេទិការទេសចរណ៍មេគង្គឆ្នាំ២០២៣ ដោយនៅខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន៣ប្រភេទមានដូចជាកីឡាទូកក្ដោង , កីឡាម៉ូតូទឹក និង បាល់ទះឆ្នេរខ្សាច់។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងបើកកិច្ចប្រជុំ ដោយផ្តោតសំខាន់លើការពង្រឹងនិងការលើកកម្ពស់ភាពជាដៃគូររដ្ឋនិងឯកជន (PPP) ក្នុងវិស័យទេសចរណ៍សំដៅអភិវឌ្ឍផលិតផលនិងជំរុញការផ្សព្វផ្សាយទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គឱ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និង ផ្តល់នូវបទពិសោធន៍ថ្មីដល់ភ្ញៀវទេសចរ ដែលជាអាទិ៍មានទេសចរណ៍វ័យឆ្លាតនិងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា ,គិតគូរឡើងវិញពីវិស័យម្ហូបអាហារដើម្បីការពារភពផែនដី, ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍។
លោកអភិបាលខេត្តបានបញ្ជាក់ថា យើងត្រូវរៀបចំចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់សំដៅធានាដល់សុខសុវត្ថិភាព ផាសុខភាព និង បដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជននិងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។ជម្រុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើឱ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ អន្តរជាតិ និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ដើម្បីបង្ហាញគោលដៅទាក់ទាញទេសចរណ៍លើគោក មកទស្សនានឹងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រដើម្បីជំរុញការផ្សព្វផ្សាយផលិ តផលទេសចរណ៍នៅដែនកោះ ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គែមលើកទី៣២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសម្រាប់ខេត្តព្រះសីហនុ។
លោក គួច ចំរើន បានថ្លែងថាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣នេះខេត្តព្រះសីហនុធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាចំនួន៣ប្រភេទដូចជាកីឡាទូកក្ដោង ,កីឡាម៉ូតូទឹក និងបាល់ទះឆ្នេរខ្សាច់។ យើងត្រូវធ្វើការទទួលខុសត្រូវបែងចែកតួនាទី ភារកិច្ចការធ្វើជាម្ចាស់ផ្ទះនិងពិនិត្យទីតាំង ការប្រកួតឱ្យបានសមស្រប ហើយអ្នកដែលមានការពាក់ព័ន្ធត្រូវធ្វើការផ្សព្វផ្សាយចែករំលែក និងការចូលរួមគាំទ្រឱ្យបានពេញលេញឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីប្រែក្លាយជាសកម្មភាពដែលជាមោទនភាពរបស់ខេត្តយើងទាំងអស់គ្នា។
ការងារការពារសន្តិសុខសណ្តាប់ធ្នាប់ក៏ជារឿងមួយសំខាន់ក្នុងការទទួលខុសត្រូវ ដូច្នេះក្រុង ស្រុក ឃុំ សង្កាត់ត្រូវចូលរួមសកម្មភាពសម្អាតអនាម័យ បរិស្ថាននៅតាមមូលដ្ឋា ន ដោយធ្វើការបែងចែកមន្ត្រី និងបំផុសប្រជាពលរដ្ឋឱ្យចូលរួមកែលម្អសោភណ្ឌភាពនៅតាមមុខផ្ទះ យើងត្រូវចាប់យកឱកាស បង្កើតវប្បធម៌ស្នាមញញឹម ជម្រុញឱ្យអ្នកលក់ដូរត្រូវដាក់ស្លាកតម្លៃ ព្រមទាំងលើកទឹកចិត្តអ្នកដែលបានចូលរួមតាមការណែនាំរបស់អាជ្ញាធរ នេះជាការគាំទ្រសម្រាប់ពិធីបុណ្យចូលឆ្នាំខ្មែរនិងស៊ីហ្គេមនៅខេត្តព្រះសីហនុប្រកប ដោយសុវត្ថិភាព៕ P / N