ដោយ: បូកគោ / កំពត: ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត បានជំរុញដល់អាជ្ញាធរខេត្តកំពត ត្រូវបង្កើនកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ឱ្យកាន់តែល្អប្រសើរ ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក៏ដូចជារដូវកាល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ខាងមុខ។

កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត បានប្រារព្ធពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត បន្ទាប់ពីដំណើរការ អស់រយ:ពេល ២ ថ្ងៃ នៅសាលសន្និសីទខេត្ត។

ថ្លែងក្នុងពិធីខាងលើ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍ថាៈ ក្នុងនាមរាជរដ្ឋាភិបាល លោកសូមកោត សរសើរចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ដែលខិតខំ បំពេញការងារ រហូតទទួលបានលទ្ធផលល្អប្រសើរ ស្ទើរគ្រប់វិស័យ។ ក្នុងនោះខេត្តកំពត ទទួលបានរង្វាន់ជ័យលាភីជាច្រើន ដូចជា ពានទីក្រុងស្អាតផ្ការំដួល៣ទង ពានទីក្រុង ទេសចរណ៍គ្មានផ្សេងបារី ពានចលនាការប្រកួតប្រជែងភូមិឃុំមានសុវត្ថិភាពជាដើម។ អ្វីដែលកាន់តែលេចធ្លោ និងទទួលបានការកោតសរសើរ ពីប្រមុខរាជរដ្ឋាភិបាលនោះ គឺការងារអភិបាលកិច្ច ព្រមទាំងកិច្ចការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ របស់រដ្ឋបាលខេត្តតែម្តង។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថាៈ ជាគោលដៅចម្បងនៅចំពោះមុខ ដើម្បីឆ្ពោះទៅ កាន់ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ក៏ដូចជាការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ អាណត្តិទី៧ ខាងមុខ រដ្ឋបាលខេត្តកំពត ត្រូវលើកកម្ពស់សមត្ថភាព មន្ត្រីអនុវត្តច្បាប់ ដោយចាត់វិធានការទប់ស្កាត់ លើបញ្ហាមួយចំនួន ដូចជា ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ពិសេសគ្រប់គ្រងសកម្មភាពរបស់ ក្រុមអ្នកសេពញៀន នៅតាមមូលដ្ឋាន ឱ្យបានច្បាស់លាស់។ បន្តអប់រំផ្សព្វផ្សាយ និងជំរុញការគោរពច្បាប់ ចរាចរណ៍ ដោយរឹតបន្តឹងការអនុវត្តច្បាប់ ឱ្យបានម៉ឺងម៉ាត់ ជាប់ជាប្រចាំ។

លោក ចម ប្រសិទ្ធ បានបន្តថាៈ បន្ថែមលើនោះ រដ្ឋបាលខេត្ត ត្រូវរៀបចំសណ្តាប់ធ្នាប់ សាធារណៈ នៅតាមដងផ្លូវ ទីប្រជុំជន និងតាមតំបន់រោងចក្រ សហគ្រាសនានា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ដោយបញ្ចៀសការកកស្ទះ ជាយថាហេតុ។ ត្រូវបន្ត អប់រំប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់ និងបង្ការអគ្គិភ័យ មកលើផ្ទះ សម្បែង ផ្សារ មូលដ្ឋានអាជីវកម្ម ផលិតកម្មផ្សេងៗ ដោយត្រូវពិនិត្យប្រព័ន្ធការពារ នៅតាមអគារសំណង់នានា ឱ្យបានត្រឹមត្រូវ រួមទាំងបំផុសប្រជាពលរដ្ឋ ឱ្យចូលរួមការពារ ភ្លើងឆេះព្រៃផងដែរ។ ចំពោះអ្នកផ្គត់ផ្គង់ទឹកស្អាត នៅទីប្រជុំជន តំបន់ផ្សារ ត្រូវមានបំពង់ ក្បាលវ៉ានបូម សម្រាប់រថយន្តពន្លត់អគ្គិភ័យ ពេលហេតុការណ៍កើតឡើង។ V / N