ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ជាប្រមុខបានប្តេជ្ញា បន្តកសាងនិងអភិវឌ្ឍន៍ប្រទេសឱ្យបានកាន់តែរីកចម្រើនរុងរឿងទាំងក្នុងវិស័យសាសនា និងផ្នែកអាណាចក្រ តាមរយៈការខិតខំកែលម្អ រាល់ ចំណុចខ្វះខាត ព្រមទាំងពង្រឹង និងពង្រីកឥតឈប់ឈរនូវសមិទ្ធផល វិជ្ជមានឱ្យបានច្រើនបន្ថែមទៀត សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅ កាន់ភាពរុងរឿងសម្បូរសប្បាយគ្រប់ៗជំនាន់តរៀងទៅ ។
ការបញ្ជាក់នេះ ក្នុងពិធីសម្ពោធសមិទ្ធផលនានា និងស្រោចស្រពព្រះ សុគន្ធវារី នៅក្នុងវត្តធម្មវិបស្សនារាម ហៅវត្តតាភេម កាលពីព្រឹកថ្ងៃ ទី១៦ ខែមីនា ឆ្នាំ២០២៣។
បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា សាសនាមានឥទ្ធិពលសកម្ម នៅក្នុងសង្គមជាតិ និងសង្គមគ្រួសារ ក៏ដូចជាចំពោះបុគ្គលម្នាក់ៗ។ ការកើនទ្បើងនៃចំនួនប្រជាពលរដ្ឋដែលគោរពប្រតិបត្តិសាសនា អាចជួយកាត់បន្ថយនូវបញ្ហាអវិជ្ជមាននានាក្នុងសង្គម, ពង្រឹងភាព សុខដុមរមនាក្នុងគ្រួសារ និងចូលរួមចំណែកដល់ការអភិវឌ្ឍ ធនធាន មនុស្ស។ ក្នុងន័យនេះ ទំនាក់ទំនងជិតស្និទ្ធរវាងការអប់រំផ្នែកសាសនា និងផ្នែកវិទ្យាសាស្ត្រ ចាំបាច់ត្រូវដើរទន្ទឹមគ្នា ដើម្បីធានាបាននូវការ ផលិតមូលធនមនុស្សគ្រប់ជំនាន់របស់កម្ពុជាប្រកបដោយចំណេះដឹង ជំនាញ និងគុណធម៌ ជាប្រយោជន៍ដល់ប្រទេសជាតិក្នុងការ រក្សាបា ន នូវភាពឯករាជ្យម្ចាស់ការលើគ្រប់វិស័យ និងឈានទៅប្រកួតប្រជែង ទាំងក្នុងកម្រិតតំបន់ និងសាកលលោក។
បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានសូមចូលរួមអបអរសាទរ និង អនុមោទ នា ត្រេកអរ ចំពោះសមិទ្ធផលជាច្រើន ដែលកើតមាន ទ្បើងក្នុងទីអារាម ដ៏ចំណាស់ក្នុងរាជធានីភ្នំពេញជាមួយនឹងអាយុកាលប្រមាណជាង ១៩០ ឆ្នាំ ដោយសមិទ្ធផលទាំងនេះបានកើតចេញសិល្បៈនៃការ ចែករំលែកដ៏ពិសិដ្ឋរបស់ខ្មែរ ដែលកំពុងត្រូវបានបន្តប្រកាន់ខ្ជាប់ និង ប្រតិបត្តិយ៉ាងទូលំទូលាយ ដោយសារឱកាសនៃសុខសន្តិភាព និង ស្ថិរភាព ព្រមជាមួយនឹងជីវភាពតែប្រសើរធូរធារបស់ ប្រជាពលរដ្ឋ។
បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា វឌ្ឍនភាពនេះ ក៏មិនអាចកាត់ ផ្តាច់បានពីការបង្កលក្ខណៈគ្រប់បែបយ៉ាងរបស់រាជរដ្ឋាភិបាល ក្រសួង ធម្មការ និងសាសនា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងក្រុមការងារចុះជួយមូលដ្ឋាន គ្រប់យន្តការ ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ច បម្រើជាតិ និងប្រជាជន៕សរន / N