ដោយ៖ម៉េងឆៃ/ភ្នំពេញ៖ ក្នុងនាមរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនកម្ពុជាបាន បញ្ជាក់ថាទោះបីសកម្មភាពមីនកម្ពុជាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក៏ដោយក៏កម្ពុជានៅតែបន្តត្រូវការ​ការ ចូលរួមពីប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន។

លោកទេសរដ្ឋមន្រ្តី លី ធុជ បញ្ជាក់ដូចនេះក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Justin Kevin Whyattឯកអគ្គរដ្ឋទូត អូស្រា្តលីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារស្តីពីភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជានៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ នៅទីស្នាក់អាជ្ញាធរមីន។

ប្រភពអាជ្ញាធរមីនកម្ពុជាឱ្យដឹងថា ក្នុងជំនួបនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តី លី ធុជបានវាយ តម្លៃខ្ពសចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសនិងប្រជាជនទាំងពីរព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ផងដែរ។

លោកបន្តថាប្រទេសអូស្រ្តាលីគឺជាដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ដែលបច្ចុប្បន្ននេះកំពុងចូលរួមវិភាគទានតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។ ក្រៅពីការងារបោសសម្អាតមីន ប្រទេសអូស្រ្តាលី ក៏បានចូលរួមដល់កសាងសមត្ថភាព និងការគាំទ្រដល់ការរៀបចំផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ ផងដែរ។

ក្នុងឱកាសដដែលនេះលោក ទេសរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការងារបោសសម្អាតមីននិងការរៀបចំផែន ការបន្តឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥ ចាប់ពីឆ្នាំ២០២៣ ស្របតាមទស្សនវិស័យដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ក្នុងនាមរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមទៀតថាទោះបីសកម្មភាពមីនកម្ពុជាទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ កម្ពុជា នៅតែបន្តត្រូវការការចូលរួមពីប្រទេសអូស្រ្តាលី និងដៃគូអភិវឌ្ឍន៍ដទៃទៀត ដើម្បីសម្រេចនូវគោលដៅរបស់ខ្លួន។

ចំណែក Justin Kevin Whyatt បានលើកឡើងអំពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងអូស្រ្តាលី លើគ្រប់វិស័យនៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំងការចូលរួមការងារបោសសម្អាតមនុស្សធម៌ អស់រយៈពេល ៣០ឆ្នាំ។ ឯកអគ្គរដ្ឋទូតអូស្រា្តលី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃសកម្មភាពមីននៅកម្ពុជា ដោយឃើញពីយកចិត្តទុកដាក់ និងការតាំងចិត្តខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ ក៏ដូចជាការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន និងសប្បុរសជននានា។ ប្រទេសអូស្រ្តាលី នឹងបន្តឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា គាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌រហូតដល់ឆ្នាំ២០២៥ និងរីករាយក្នុងភាពជាដៃគូ និងកិច្ចប្រតិបត្តិសហការជាមួយអាជ្ញាធរមីន៕សរន / N