ការអបអរ​របស់​អ្នកគាំទ្រ​បារាំង​ត្រូវបាន​រំខាន​ដោយ​ការបាញ់​ទឹក​របស់​ប៉ូលិស និង ការ​លួច​គាស់​ហាង​ពី​សំណាក់​ជន​ឆ្លៀតឱកាស​

1415
ចែករម្លែក
  • 24
    Shares

​កងកម្លាំង​ប៉ូលិស​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ខ​ណៈ​ដែល​ការ​ប្រវាយប្រតប់​គ្នា​និង​ការ​លួច​អីវ៉ាន់​បាន​ផ្ទុះឡើង​នៅ​មហាវិថី​សាំ​អា​លី​សេ ខណៈ​ក្រុម​អ្នកគាំទ្រ​ច្រើនឡើង​បាននាំគ្នា​ចេញមក​អបអរ​នៅ​ទីក្រុង​ប៉ារីស បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​បារាំង​បានទទួល​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​នៅ​ទីក្រុង​មូ​ស្គូ​។​

​ក្រុម​អ្នក​អបអរ​បាន​ដុត​គ្រាប់បែក​ផ្សែង​ពណ៌​តំណាង​ជាតិ (​ខៀវ ស​និង​ក្រហម​) ខណៈដែល​ប៉ូលិស​បាន​ដោះស្រាយ​ជាមួយ​ហ្វូងមនុស្ស​ដោយ​ប្រើប្រាស់​កាណុង​បាញ់​ទឹក​។​

​មនុស្ស​ជាច្រើន​បាន​ឡើងលើ​ដំបូល​តូប​លក់​កាសែត​និង​ចំណត​ឡានក្រុង​នៅក្នុង​តំបន់​នោះ​ដើម្បី​គ្រវីទង់ជាតិ​និង​នាំអាទិ៍​ឱ្យ​ហ្វូងមនុស្ស​នៅ​ខាងក្រោម​ស្រែក​ហ៊ោ​។ បទ​ភ្លេងជាតិ Marseillaise បាន​បន្លឺឡើង រថយន្ត​ជាច្រើន​នាំគ្នា​ចុច​ស៊ី​ផ្លេ និង គ្រាប់បែក​ផ្សែង​ពណ៌​បាន​ផ្ទុះឡើង​ជាច្រើន​។​

​ពួកចោរ​លួចបាន​គាស់​ចូល​ហាង​ទំនិញ​នានា​និង​បាន​បំបែក​បង្អួច​ហាង​មុន​ពេលដែល​ពួកវា​ត្រូវបាន​បណ្តេញចេញ​ដោយ​ប៉ូលិស​បង្ក្រាប​កុបកម្ម​ប្រដាប់​ដោយ​ខែល​។​

​ប៉ូលិស​រាប់រយ​នាក់​ក្នុង​ឈុត​ប្រឆាំង​កុបកម្ម​បាន​តម្រង់​ជួរ​គ្នា​នៅតាម​ចិញ្ចើមផ្លូវ​ដើម្បី​តាមឃ្លាំមើល​អ្នកចូលរួម​អបអរ​។ ជាធម្មតា ការ​ប្រារព្ធ​ពិធី​អបអរ​នៅ​ប្រទេស​បារាំង​តែងតែ​បញ្ចប់​ទៅដោយ​ការ​វាយកម្ទេច​កញ្ចក់​ហាង​និង​ការបំផ្លិចបំផ្លាញ​ផ្សេងទៀត ហើយ​ការអបអរ​កាលពី​ថ្ងៃអាទិត្យ​ក៏​មិនមែនជា​ករណី​លើកលែង​នោះដែរ​។​

​ឧស្ម័ន​បង្ហូរទឹកភ្នែក​ត្រូវបាន​បាញ់​ដាក់​អ្នក​អបអរ​មួយចំនួន​នៅត្រង់ចំណុច​មួយ​នៃ​មហាវិថី​សាំ​អេ​លី​សេ​។ ប៉ូលិស​ប្រហែល ៤.០០០ នាក់​បាន​ឃ្លាំមើល​លើ​តំបន់​មួយ​ដែលមាន​អ្នកគាំទ្រ​ខ្ទង់ ៩០.០០០ នាក់​អំឡុងពេល​កំពុង​ប្រកួត​វើ​ល​ខាប់ បន្ទាប់មក​ពួកគេ​បាន​ដើរ​តាម​ដងផ្លូវ​សាំ​អេ​លី​សេ និង​វិថី​នានា​នៅក្បែរនោះ​។​

​មនុស្ស​ពាក់​ម៉ាស់​ប្រមាណ ៣០ នាក់​បាន​បំបែក​កញ្ចក់​ចូលទៅក្នុង​ហាង Publicis Drugstore ដោយ​យក​ស្រា​ឆ្ងាញ់​និង​ស្រា​សំប៉ាញ​ជាច្រើន​ដប រួចហើយ​ថត​ញញឹម​ដាក់​កាមេរ៉ា​ទូរស័ព្ទ​ទៀតផង​៕ ដោយ៖ កញ្ញាដាលីស

ហ្វូង​អ្នកគាំទ្រ​កំពុង​អបអរ​ជ័យជម្នះ​របស់​បារាំង​នៅ​វើ​ល​ខាប់ លាយឡំ​ជាមួយ​ការបង្ក្រាប​ពី​ប៉ូលិស និង​ការ​លួច​ឆក់​ប្លន់

ទីតាំងផ្សាយពាណិជ្ជកម្ម