ដោយៈ ប.ជ័យ / បន្ទាយមានជ័យ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់-ស្វីស (GIZ) ក្នុងគម្រោងពង្រឹងប្រព័ន្ធកសិកម្មបន្សំអាកាសធាតុ នៅប្រទេសកម្ពុជា និងវៀតណាម (CRAS – GIZ Cambodia) កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ បានរៀបចំសិក្ខាសាលា ស្តីពីការលើកកម្ពស់ការយល់ដឹង ការជ្រើសរើសដើម ពូជស្អាត និងបច្ចេកទេសផលិតកម្ម បន្ស៊ាំអាកាសធាតុ សម្រាប់ដំណាំដំឡូងមី។
មន្ត្រីមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តឧត្តមានជ័យ និងខេត្តព្រះវិហារ និងកសិករ នៅក្នុងខេត្ត បន្ទាយមានជ័យបានអញ្ជើញចូលរួម នៅក្នុងសិក្ខាសាលានេះ ។
គោលបំណងនៃសិក្ខាសាលានេះគឺ៖ – លើកកម្ពស់ការយល់ដឹង អំពីផលិតកម្មដើមពូជដំឡូងមីស្អាត ការជ្រើសរើសដើមពូជ និងវិធីសាស្ត្រពង្រីកដើមពូជ។ – ចែករំលែកព័ត៌មាន បទពិសោធន៍ល្អ អំពីផលិតកម្មបន្ស៊ាំនឹងអាកាសធាតុ (ការប្រើប្រាស់ធាតុចូល ប្រកបដោយនិរន្តរភាព សេវាកម្មគ្រឿងយន្តកសិកម្ម ឌីជីថល និងការផ្សព្វផ្សាយ)។ – ដើម្បីកែលម្អការអនុវត្ត និងមតិយោបល់ អំពីការធ្វើឱ្យប្រសើរ ក្នុងផលិតកម្មដើមពូជ ដំឡូងមីស្អាត និងការទទួលយកនូវ ប្រព័ន្ធពង្រីកដើមពូជរហ័ស។ – ប្រមូលព័ត៌មាន អំពីនិន្នាការ និងការឆ្នៃប្រឌិតថ្មីៗ ក៏ដូចជា តម្រូវការនៅក្នុងវិស័យ ដំឡូងមី ជាដើម ។
លោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមាន ជ័យ បានឱ្យដឹងថា៖ ឆ្នាំកន្លងទៅ កសិករ ដាំដំណាំដំឡូងមី បានជួបនូវបញ្ហាជំងឺអំបោស ធ្មប់ និងជំងឺម៉ូសាអ៊ុច (CMD) នៅស្រុកភ្នំស្រុក និងស្រុកព្រះនេត្រព្រះ និងជំងឺសាម៉ិច (CMD) លើស្រុកចំនួន ៣ គឺ ស្រុកភ្នំស្រុក ស្រុកថ្មពួក និងស្រុកស្វាយចេក ។
ដោយមើលឃើញថា កសិករប្រើប្រាស់ដើមពូជ មិនស្អាត ក៏ដូចជាការរីករាលដាលជំងឺ ទៅតំបន់ផ្សេងៗ ជាយថាហេតុ ធ្វើឲ្យផលិតកម្មដំណាំដំឡូងមីរបស់កសិករ ថយចុះ ផ្ទៃដី ដាំដុះ មន្ទីរបានសហប្រតិបត្តិការ ជាមួយអង្គការ GIZ គម្រោងថវិកាកម្មវិធី អនុកម្មវិធី ASPIRE របស់ក្រសួងកសិកម្ម និងគម្រោង AIMS របស់ក្រសួងពាណិជ្ជកម្ម បានរៀបចំបើកវគ្គបណ្តុះបណ្តាល និងបង្ហាញផលិតកម្មដំណាំដំឡូងមី ប្រកបដោយនិរន្តរ ភាព និងផលិកម្មពូជដំឡូងមីស្អាត ដើម្បីចូលរួមចំណែកលើកកម្ពស់ខ្សែច្រវ៉ាក់ផលិតកម្ម ដំឡូងមី ។
ជាមួយគ្នានោះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន GIZ-RED-IV បានសហការជាមួយគម្រោង SATREPS របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បាននាំយក នូវពូជដំឡូងមីស្អាត ដែលមានសុខភាពល្អ ពីសាកលវិទ្យាល័យបាត់ដំបង ចំនួន ២ ពូជ (KU50 និង Rayong7) មកធ្វើការដាំដុះ ពោលគឺ ជាចម្ការពូជដំឡូងមីស្អាត ដំបូងគេបង្អស់ លើទឹកដីខេត្តបន្ទាយមានជ័យ គឺនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លើផ្ទៃដីចំនួន ៣.២០០ ម៉ែត្រក្រឡា ។
លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បាននិយាយថា៖ អនុវិស័យ ដំណាំដំឡូងមី ការដាំដុះ មានការកើនឡើង ដោយសារមានតម្រូវការទីផ្សារពិភពលោក ក៏ដូចជាប្រទេសជិតខាង មានថៃ និងវៀតណាម ជាដើម ។ ចំណែកតម្លៃ ក៏ល្អ សម្រាប់កសិករ ធ្វើការដាំដុះ។
ទន្ទឹមនឹងនោះ លោកបានបន្តថា៖ ការដាំដុះ តែងតែជួបបញ្ហា។ ក្នុងនោះមានជំងឺ ម៉ូសារីក ដំឡូងមី រាតត្បាតជាហេតុធ្វើឱ្យទិន្នផលដំឡូងមី ថយចុះ។ ប្រសិនបើយើង មិនបានរួមគ្នាដោះស្រាយ នូវបញ្ហានោះទេ។ សម្រាប់ខេត្តបន្ទាយមានជ័យ អនុវិស័យ ដំឡូងមី ជាដំណាំយុទ្ធ សាស្ត្រទី២ បន្ទាប់ពីដំណាំស្រូវ ក៏ដូចជានៅក្នុងក្របខណ្ឌ ទូទាំងប្រទេស។
លោកបានបន្តថា៖ដើម្បីឱ្យអនុវិស័យនេះ រីកចម្រើនប្រកបដោយចីរភាពដោយទទួលបាន នូវទិន្នផលខ្ពស់ សម្រាប់នាំចេញទៅកាន់ទីផ្សាអន្តរជាតិ ក៏ដូចជាជួយកំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយ ចីរភាព គេត្រូវខិតខំរួមគ្នា ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងរក ដំណោះស្រាយ រួមគ្នា រវាងវិស័យសាធារណៈ វិស័យឯកជន។ អង្គការដៃគូអភិវឌ្ឍន៍ នានា សហគមន៍ កសិកម្ម និងត្រូវផ្សព្វផ្សាយ នូវអ្វីដែលរកឃើញថ្មីៗ ដូចជាការជ្រើស រើសពូជ ការប្រេីប្រាស់ជី ការដាំដុះ ពិសេសតាមរយៈការប្រើប្រាស់ នូវដើមពូជដំឡូងមី ស្អាតគ្មានជំងឺជាដើម៕/V/r