​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អូស្ត្រាលី​គ្រោង​នឹង​ទិញ​កាំជ្រួច​បណ្តែត Tomahawk រាប់រយ​គ្រាប់​ពី​សហរដ្ឋ​អាម៉េរិក ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​សន្តិសុខ AUKUS ។​

​មន្ទីរ​បញ្ច​កោណ​បាន​យល់ព្រម​លក់​កាំជ្រួច​មី​ស៊ី​ល​នេះ​រហូតដល់ ២២០ គ្រាប់​ក្នុងតម្លៃ ១,៣ ពាន់​លាន​ដុល្លារ​នៅក្នុង​កិច្ចព្រមព្រៀង ដែល​នឹង​រួមបញ្ចូល​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ផងដែរ​។​

​ការលក់​កាំជ្រួច​​ដែល​បាន​គ្រោងទុក​នេះ​ធ្វើឡើង​បន្ទាប់​ពី​ការប្រកាស​របស់​អូស្ត្រាលី​ក្នុង​ការទិញ​នាវាមុជទឹក​នុយក្លេអ៊ែរ​ជាច្រើន​គ្រឿង ក្រោម​សម្ពន្ធភាព​សហរដ្ឋ​អាម៉េរិក​និង​ចក្រភព​អង់គ្លេស​ក្នុង​តម្លៃ​រហូត​​ដល់​៣៦៨​ពាន់​លាន​ដុល្លារ​។​

​ឧបនាយករដ្ឋមន្ត្រី រី​ឆាត ម៉ា​ឡេស (Richard Marles) បាន​និយាយថា អូស្ត្រាលី​នឹង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សហរដ្ឋ​អាម៉េរិក​ដើម្បី​ទទួលបាន​សមត្ថភាព​កាំជ្រួច​​បន្ថែមទៀត​។​

​លោក​បាន​ប្រាប់​កម្មវិធី Today​របស់​ទូរទស្សន៍ Nine នៅ​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៧​មីនា​នេះ​ថា “​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ជាមួយ​នឹង​គោលជំហរ​របស់​យើង ពោលគឺ​មានលទ្ធភាព​កាន់តែ​ច្រើន​ក្នុង​ការបាញ់​”​។​

“​ការ​ធ្វើ​ឱ្យ​ប្រាកដ​ថា​យើង​មាន​មី​ស៊ី​ល​វាយប្រហារ​រយៈ​ចម្ងាយ​ឆ្ងាយ​គឺជា​សមត្ថភាព​ដ៏​សំខាន់​សម្រាប់​ប្រទេស​។ វា​អនុញ្ញាតឱ្យ​យើង​អាច​ទៅដល់​ហួស​ពី​ច្រាំង​សមុទ្រ​របស់​យើង​បន្ថែមទៀត ហើយ​នោះ​ជា​របៀប​ដែល​យើង​អាច​រក្សា​សុវត្ថិភាព​អូស្ត្រាលី​”​។​

​រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​ការពារជាតិ​លោក ផាត់ ខុន​រ៉​យ (Pat Conroy) បាន​និយាយថា កាំជ្រួច​ទាំងនោះ​អាច​បាញ់​ចេញពី​នាវាមុជទឹក​ថ្នាក់ Virginia របស់​សហរដ្ឋ​អាម៉េរិក ដែល​អូស្ត្រាលី​នឹង​ទិញ​ក្រោម​កិច្ច​ព្រមព្រៀង AUKUS ។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ ABC TV ថា “​យើង​ពិតជា​ចង់បាន​សមត្ថភាព​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​កងកម្លាំង​ការពារ​អូស្ត្រាលី ដូច្នេះ​រួមបញ្ចូល​ទាំង​សមត្ថភាព​ក្នុង​ការវាយប្រហារ​គូប្រជែង​ឱ្យ​ឆ្ងាយ​តាម​ដែល​អាច​ធ្វើទៅបាន​ពី​ដីគោក​អូស្ត្រាលី​”​។​

“​កាំជ្រួច​​នាំ​ផ្លូវ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​រឿង​នោះ​ក៏ដូចជា​នាវាមុជទឹក​ដែល​បាញ់​វា​ផងដែរ​”៕

​អូស្ត្រាលី​នឹង​ទិញ​កាំជ្រួច​ Tomahawk ២២០ គ្រាប់