ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ នៅថ្ងៃទី១៦ មីនា ម្សិលមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (CAMSOC-CAMAPGOC) បានអញ្ជើញចុះត្រួតពិនិត្យមើល និងជំរុញ បន្ថែម ដល់ដំណើរការសាងសង់ភូមិកីឡា ឱ្យទាន់ពេលវេលា និងទីលានប្រកួតនានា សម្រាប់បម្រើដល់ការស្នាក់នៅ របស់ក្រុមអត្តពលិកជាតិ និងអន្តរជាតិ សម្រាប់ស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
នេះជាលើកទី៣ ហើយ ដែលប្រមុខ CAMSOC-CAMAPGOC ចុះពិនិត្យ មើវឌ្ឍនាការ នៃការសាងសង់ភូមិកីឡា និងទីលាន។
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ សម្តេចពិជ័យសេនា បានកំណត់ថាៈ ធ្វើបានប៉ុណ្ណាយក ប៉ុណ្ណឹង ដើម្បីត្រៀមការរៀបចំតុបតែងលម្អ បំពាក់សម្ភារៈ ឧបករណ៍ដល់បន្ទប់ស្នាក់នៅ សម្រាប់ក្រុមប្រតិភូកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ អាស៊ាន ដែលមកចូលរួម ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា និងអាស៊ានប៉ារ៉ា ហ្គេម លើកទី១២ ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។ ការស្នាក់នៅក្នុងភូមិកីឡា ដែលត្រូវទទួលអត្តពលិក ចន្លោះពី ៦.០០០ នាក់ ទៅ ៧.០០០ នាក់ ហើយក្នុង១ថ្ងៃៗ អាចទទួលការស្នាក់នៅ ចន្លោះពី ៤.០០០ នាក់ ឬ ៥.០០០ នាក់ ទៅ ៦.០០០ នាក់ ដែលត្រូវសម្រាក និងទទួលទានអាហារ នៅក្នុងភូមិកីឡានេះ។
ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យមើលទីលាន ប្រកួតនានា ដោយក្រុមអ្នកផ្គត់ផ្គង់ បំពាក់សម្ភារបច្ចេកទេស ប្រព័ន្ធសំឡេង ប្រព័ន្ធភ្លើង នៅទីលាន ក្នុងសាលប្រកួតនីមួយៗ ឱ្យបានគ្រប់គ្រាន់ និងស្របតាមស្តង់ដារជាដើម។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏ដូចលោកបណ្ឌិត ថោង ខុន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអញ្ជើញចុះត្រួតពិនិត្យ ដោយផ្ទាល់ ដូចជាទីលានវាយសី អាងហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ គឺបានបំពាក់ប្រព័ន្ធឧបករណ៍ បានរួចរាល់ហើយ។ ចំណែកឯការរៀបចំតុបតែង បំពាក់ ឧបករណ៍គាំទ្រ នៅទីលានផ្សេងៗទៀត នឹងត្រូវរៀបចំក្រោយបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ពោលគឺតាមគម្រោង នៃពេលវេលា ឱ្យទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។
ចាប់ពីថ្ងៃទី១ ខែមេសា តទៅ សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកបណ្ឌិត ថោង ខុន នឹងអញ្ជើញចុះត្រួតពិនិត្យ នៅតាមទីលានប្រកួតផ្សេងៗទៀត ដូចជា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តគោលដៅ ចំនួន ៤ ផ្សេងទៀត ដែលត្រូវរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឱ្យបានគ្រប់ទីលានទាំងអស់៕/V/r