ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងជំនួបជាមួយអ្នកកាសែតក្នុងស្រុក និងក្រៅស្រុក កាលពីថ្ងៃទី១៦ មីនា ម្សិលមិញនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ ជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២ (CAMSOC) បានឱ្យដឹងថាៈ មកដល់ពេលនេះ ដំណើរការលក់សិទ្ធិផ្សាយ បានឈានដល់សម្រេចបាន ៥០ ភាគរយ ពោលគឺ មានទូរទស្សន៍ក្រៅប្រទេស ចំនួន ៤ ហើយ ដែលបានទិញសិទ្ធិផ្សាយ រួមមាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឥណ្ឌូណេស៊ី បូករួមទាំងកម្ពុជា ដែលមានទូរទស្សន៍ កីឡាកម្ពុជា (CSTV) ជាអ្នករក្សាសិទ្ធិផ្សាយ សហការជាមួយ អគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា។

លោកបានបន្ថែមថាៈ មុននេះ យើងឃើញហើយ យើងមានវៀតណាម សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ៤ ទៅ ៥ ទូរទស្សន៍ហើយ រួមទាំងកម្ពុជារបស់យើង មានទូរទស្សន៍កីឡាកម្ពុជា (CSTV) របស់យើង ក៏ជាអ្នកចែកផ្សាយធំមួយផងដែរ ដែលត្រូវទទួលសិទ្ធិ រៀបចំការងារនេះ ហើយនឹងសហការជាមួយនឹងទូរទស្សន៍ជាតិ កម្ពុជារបស់យើង។ ខាងក្នុងស្រុក គឺយើងអត់មានប៉ះពាល់ថវិកាអីទាំងអស់ គឺយើង ផលិត ហើយរៀបចំផ្សាយ ដោយសេរី ដោយឥតគិតថ្លៃ យើងលក់សិទ្ធិ តែទៅក្រៅ ប្រទេសទេ ដែលគាត់ទិញសិទ្ធិពីយើង បន្តទៅឱ្យប្រជាជនរបស់គាត់ទស្សនា។

យើងឃើញថា យើងបានឈានទៅដល់មួយជំហាន អាចនិយាយបានថា ជិត ៥០ ភាគរយហើយ ក្នុងចំណោម ១០ ប្រទេស ដែលមកទល់ពេលនេះ មិនទាន់ដល់ពេល ប្រកួតផង តែការលក់សិទ្ធិរបស់យើង បាន ៥០ ភាគរយរួចទៅហើយ គឺបានន័យថា យើងមានការគាំទ្រ ៥០ ភាគរយហើយ ដែលស្ថិតក្នុងដំណើរវិជ្ជមាននេះ ឆ្ពោះទៅរក ជោគជ័យ សម្រាប់យើង ដល់ប្រទេសផ្សេងៗទៀត។

យើងមិនសង្ឃឹមថា ប្រទេសតូចៗខ្លះ គាត់នឹងទិញនោះទេ ប៉ុន្តែទោះបីជាប្រទេសតូចៗ ដែលមិនបានទិញសិទ្ធិក៏ដោយ បើគាត់សំណូមពរអ្វី យើងនឹងបញ្ជូនឱ្យគាត់ផងដែរ យើងនឹងធ្វើឱ្យមានភាពកក់ក្ដៅ និងស្មើភាពគ្នា មិនឱ្យមានអ្នកណាមួយ មានបញ្ហាទៅលើ ការផ្សព្វផ្សាយនេះទេ៕/V/r