ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប៉ូឡូញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦មីនាថា ខ្លួនគ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង MiG-29 ប្រហែលជាង១០គ្រឿងដែលនឹងធ្វើឱ្យខ្លួនក្លាយជាសមាជិកណាតូដំបូងគេដែលបំពេញនូវសំណើបន្ទាន់បំផុតរបស់រដ្ឋាភិបាលក្រុងគៀវសម្រាប់យន្តហោះចម្បាំងដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ប្រធានាធិបតី អង់ដ្រេ ឌូដា (Andrzej Duda) បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាសូវីនឹងប្រគល់យន្តហោះចម្បាំងចំនួនបួនគ្រឿងផលិតដោយសូវៀត “ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ”ហើយយន្តហោះសេសសល់ទៀតនឹងត្រូវប្រគល់នៅពេលក្រោយ។ ពាក្យរបស់ប៉ូឡូញដែលគាត់ប្រើដើម្បីពណ៌នាចំនួនសរុបអាចមានន័យថាចន្លោះពី ១១ ទៅ ១៩ គ្រឿង។
លោកឌូដាបាននិយាយថា “ពួកវា(យន្តហោះ MiG-29)ស្ថិតនៅក្នុងឆ្នាំចុងក្រោយនៃដំណើរការរបស់ពួកវា ប៉ុន្តែពួកវាស្ថិតក្នុងស្ថានភាពបំពេញការងារបានល្អធម្មតា”។
លោកមិនបាននិយាយថាតើប្រទេសផ្សេងទៀតនឹងធ្វើតាមឬអត់ទេ ទោះបីជាស្លូវ៉ាគីនិយាយថា ខ្លួនអាចនឹងបញ្ជូនយន្តហោះ MiG លែងប្រើរបស់ខ្លួនទៅអ៊ុយក្រែនក៏ដោយ។ ប៉ូឡូញក៏ជាប្រទេសដំបូងរបស់ណាតូផងដែរ ដែលផ្តល់រថក្រោះ Leopard 2 ផលិតដោយអាល្លឺម៉ង់ដល់អ៊ុយក្រែន។
កាលពីថ្ងៃពុធ អ្នកនាំពាក្យរដ្ឋាភិបាលប៉ូឡូញ លោក ព្យូត មូលល័រ (Piotr Mueller) បាននិយាយថា ប្រទេសមួយចំនួនទៀតក៏បានសន្យាផ្តល់យន្តហោះ MiG ដល់រដ្ឋាភិបាលក្រុងគៀវផងដែរ ប៉ុន្តែមិនបានកំណត់អត្តសញ្ញាណពួកគេទេ។ ទាំងប៉ូឡូញនិងស្លូវ៉ាគីបានចង្អុលបង្ហាញថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រគល់យន្តហោះរបស់ពួកគេប៉ុន្តែគ្រាន់តែជាផ្នែកនៃសម្ពន្ធអន្តរជាតិទូលំទូលាយមួយ។
រដ្ឋាភិបាលក្នុងប្រទេសសមាជិកណាតូជិតខាងគឺអាល្លឺម៉ង់មានការភ្ញាក់ផ្អើលខ្លាំងចំពោះការប្រកាសរបស់លោកឌូដា។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក បូរីស ភីស្តូរៀស (Boris Pistorius) បានប្រាប់អ្នកយកព័ត៌មានថា “រហូតមកទល់ពេលនេះ អ្នករាល់គ្នាបានយល់ស្របថាវាមិនមែនជាពេលដែលត្រូវបញ្ជូនយន្តហោះចម្បាំងនោះទេ។ ខ្ញុំមិនទាន់មានការបញ្ជាក់ណាមួយពីប៉ូឡូញនៅឡើយទេថារឿងនេះបានកើតឡើង”។
សេតវិមានបានហៅចំណាត់ការរបស់ប៉ូឡូញថាជាការសម្រេចចិត្តអធិបតេយ្យមួយ ហើយបានសរសើរប៉ូឡូញសម្រាប់ការបន្ត “រួមចំណែករបស់ពួកគេ” ក្នុងការជួយរដ្ឋាភិបាលក្រុងគៀវប៉ុន្តែសេតវិមានបានសង្កត់ធ្ងន់ថា ចំណាត់ការនេះនឹងមិនមានផលប៉ះពាល់ដល់ប្រធានាធិបតី ចូ បៃដិន ដែលបានប្រឆាំងនឹងការអំពាវនាវឱ្យផ្តល់យន្តហោះ F-16 របស់អាម៉េរិកដល់អ៊ុយក្រែននោះទេ៕
ប្រធានាធិបតីប៉ូឡូញឌូដាស្វាគមន៍ប្រធានាធិបតីឆែកនៅទីក្រុងវ៉ាសូវីកាលពីថ្ងៃព្រហស្បតិ៍
ប៉ូឡូញបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦មីនាថា ខ្លួនគ្រោងនឹងផ្តល់ឱ្យអ៊ុយក្រែននូវយន្តហោះចម្បាំង MiG-29 ប្រហែលជាង១០គ្រឿង