ដោយៈ សុខុម / ស្ទឹងត្រែងៈ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មន្ត្រីជាន់ខ្ពស់ ក្រសួងទេសចរណ៍ និងអាជ្ញាធរខេត្តស្ទឹងត្រែង បានជួបប្រជុំនៅច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ដើម្បីរកទីតាំង ត្រៀមរៀបចំវេទិកាទទួលភ្ញៀវ ដែលជា ក្រុមកីឡាករឡាវ និងទទួលយកព្រះអគ្គិ (កីឡាភ្លើងគប់) សម្រាប់ព្រឹត្តិការណ៍កីឡា សុីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កម្ពុជា គឺជាម្ចាស់ផ្ទះធ្វើឡើង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។
លោក នី ផល្លី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានមានប្រសាសន៍ ក្នុងជំនួបនោះថាៈ ព្រះអគ្គិដែលជាភ្លើងអាទិទេព ប្រទានតាមជំនឿសាសនា នឹងត្រូវដង្ហែក្នុងក្បួនរបស់ កីឡាករ ពីប្រទេសឡាវ។ មុនចូលមកកម្ពុជា តាមច្រកត្រពាំងក្រៀល ខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំ ជាពិសេស ក្រសួងទេសចរណ៍ នឹងអមដំណើរពីប្រទេសឡាវ មកកម្ពុជា ផងដែរ។
បន្ទាប់ពីទទួលយកព្រះអគ្គិកីឡា (ភ្លើងគប់) ក៏នឹងមាននិមន្តព្រះសង្ឃ សូត្រមន្តនៅច្រក ព្រំដែន។ បន្ទាប់ពីធ្វើពិធីតាមពេលកំណត់រួច នឹងដង្ហែពីច្រកព្រំដែន ត្រពាំងក្រៀល មកកាន់ក្រុងស្ទឹងត្រែង ដើម្បីរក្សាទុកភ្លើងគប់ នៅទីតាំងវត្តមួយកន្លែង ដែលមានឈ្មោះ ថា វត្តស្រះកែវមុនីវណ្ណ ហៅវត្តលើ ឬក៏មានការរៀបចំដង្ហែ នៅតាមទីប្រជុំជន ក្នុងក្រុងស្ទឹងត្រែង។
ពិធីដង្ហែព្រះអគ្គិខាងលើនេះ នឹងមានការចូលរួមពីមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមដង្ហែដ៏អធិកអធម្ម ក្នុងព្រឹត្តិការណ៍មួយនេះ។ បន្ថែមពីនេះនៅតាម ដងផ្លូវ និងត្រូវដាក់ទង់ជាតិ ទង់ព្រះពុទ្ធសាសនា ទង់ស៊ីហ្គេម ដើម្បីអបអរពិធីនោះ។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បានជំរុញឲ្យអាជ្ញាធរ ត្រៀមលក្ខណៈឲ្យបានល្អ ជាពិសេសនៅតាមដងផ្លូវ ត្រូវតែមានសោភ័ណភាពល្អ មិនមានសំរាមនៅក្នុងព្រឹត្តិការណ៍ នេះឡើយ។
លោក នី ផល្លី បាននិយាយឲ្យដឹងទៀតថាៈ ព្រឹត្តិការណ៍ដង្ហែព្រះអគ្គិកីឡា (ភ្លើងគប់) នេះ កម្រនឹងបានឃើញណាស់។ នេះគឺជាលើកទីមួយហើយ ដែលកម្ពុជាមាន ព្រឹត្តិការណ៍ ស៊ីហ្គេម ធ្វើជាម្ចាស់ផ្ទះ ហើយក្នុងនោះ មានប្រទេសជាច្រើន ក្នុងតំបន់អាស៊ាន បានចូលរួម។ ពិធីដង្ហែព្រះអគ្គិនេះ គឺជាលើកដំបូង សម្រាប់កម្ពុជា ហើយរយៈពេល ២០ ឆ្នាំ ទើបមានម្ដង។
លោកបានបន្តថាៈ សម្រាប់ខេត្តស្ទឹងត្រែង គឺជាភ័ព្វសំណាង ដែលទទួលបានភ្លើង អាទិទេពមុនគេ និងរក្សាទុកមួយយប់ ក្នុងខេត្តនេះ មុនពេលដង្ហែចេញ។
លោករដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើងទៀតថាៈ ព្រឹត្តិការណ៍មួយនេះ ក៏នឹងជំរុញឲ្យមានការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ ក្នុងខេត្តស្ទឹងត្រែង ទៅកាន់មហាជន លើពិភពលោក ផងដែរ។
លោក ញ៉ែម សារី អភិបាលរងខេត្តស្ទឹងត្រែង ដែលបានចូលរួមផងនោះ បានមាន ប្រសាសន៍ថាៈ អាជ្ញាធរខេត្ត បានបង្កើតគណៈកម្មការ និងមានការរៀបចំដោយយកចិត្ត ទុកដាក់ ជាពិសេសតាមការចង្អុលបង្ហាញ ពីលោកអភិបាលខេត្ត។ ខេត្តនឹងទទួលយក កិច្ចពិភាក្សា ដើម្បីត្រៀមលក្ខណៈ ក្នុងការរៀបចំឱ្យបានល្អ ក្នុងព្រឹត្តិការណ៍ដ៏កម្រ មាននេះ៕/V-PC