ប្រែសម្រួល : កញ្ញាដាលីស,បំណង (ដេល្លីម៉េល) ៖ ការតស៊ូយ៉ាងទូលំទូលាយប្រឆាំងនឹងការគាបសង្កត់យ៉ាងឃោរឃៅដោយយោធារបស់មីយ៉ាន់ម៉ា មិនបង្ហាញសញ្ញាថមថយនៅទូទាំងប្រទេសទេហើយដោយភាគីទាំងពីរមានបំណងចង់ឈ្នះចាញ់គ្នាដោយកម្លាំង “វានឹងមិនមានការរំពឹងទុកសម្រាប់ការចរចានោះទេ”នេះបើយោងតាមបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសហែកហួរដោយជម្លោះនេះកាលពីថ្ងៃព្រហស្បតិ៍ទី១៦មីនា។
នៅក្នុងការវាយតម្លៃដ៏ក្រៀមក្រំ លោកស្រី ណូលីន ហេហ្សឺ (Noeleen Heyzer) បានប្រាប់មហាសន្និបាតអ.ស.បដែលមានសមាជិក ១៩៣ ប្រទេសថា ឥទ្ធិពលនៃការកាន់កាប់ប្រទេសនៅខែកុម្ភៈ ឆ្នាំ ២០២១ ដោយយោធាកំពុងបង្ក “ការបំផ្លិចបំផ្លាញ” ជាមួយនឹងអំពើហិង្សានៅតែបន្ត “ក្នុងកម្រិតគួរឱ្យព្រួយបារម្ភ”។
លោកស្រីបានចង្អុលបង្ហាញពីការប្រើប្រាស់កម្លាំងកាន់តែខ្លាំងរបស់យោធាចាប់តាំងពីការបន្លាយពេលនៃស្ថានភាពអាសន្នកាលពីថ្ងៃទី ១ ខែកុម្ភៈ រួមទាំងការទម្លាក់គ្រាប់បែក ការដុតបំផ្លាញហេដ្ឋារចនាសម្ពន្ធស៊ីវិល និងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរផ្សេងទៀតដើម្បីរក្សាការក្តាប់អំណាចរបស់ខ្លួន។ លោកស្រីបាននិយាយថា យុទ្ធសាស្ត្រ “កាត់ផ្តាច់ទាំងបួន” របស់របបនេះ គឺរារាំងលទ្ធភាពទទួលបានអាហារ មូលនិធិ ព័ត៌មាន និងទាហានថ្មី ក៏បន្តកំណត់គោលដៅលើជនស៊ីវិលសម្រាប់ជាការដាក់ទណ្ឌកម្មរួមផងដែរ។
មីយ៉ាន់ម៉ាបានរក្សាការគ្រប់គ្រងបែបយោធាដ៏តឹងរ៉ឹងអស់រយៈពេលប្រាំទសវត្សរ៍ ប៉ុន្តែពួកមេទ័ពបានបន្ធូរបន្ថយការកាន់កាប់របស់ពួកគេ ហើយក្នុងឆ្នាំ ២០១៥ ក្រុមលោកស្រី អ៊ុងសាន ស៊ូជីបានឡើងមកដឹកនាំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត។ បន្ទាប់ពីការទម្លាក់រដ្ឋាភិបាលលោកស្រីដោយយោធាកាលពីពីរឆ្នាំមុន របបយោធាបានងាកមកបង្ក្រាបការប្រឆាំងជាសាធារណៈចំពោះការកាន់កាប់នេះ។អ្នកជំនាញមួយចំនួនបានចាត់ទុកស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ាថាជាសង្គ្រាមស៊ីវិល ដែលកងទ័ពបានធ្វើការវាយលុកដ៏ធំប្រឆាំងនឹងការតស៊ូប្រដាប់អាវុធយ៉ាងទូលំទូលាយ។
លោកស្រីហេហ្សឺបាននិយាយថា មនុស្សជំនាន់ថ្មី ដែលទទួលបានផលប្រយោជន៍ពីការបើកប្រទេសក្រោយឆ្នាំ ២០១៥ ជាពិសេសយុវជន “ឥឡូវនេះមានការខកចិត្ត ប្រឈមមុខនឹងការលំបាករ៉ាំរ៉ៃនិងភាគច្រើនអារម្មណ៍ថាពួកគេគ្មានជម្រើសអ្វីក្រៅតែពីការកាន់អាវុធដើម្បីប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងដោយយោធា”។
លោកស្រីបាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានរីករាលដាលទៅកាន់តំបន់ថ្មី ដែលបណ្តាលឱ្យមនុស្សកាន់តែច្រើនប្រឈមនឹងហានិភ័យនិងធ្វើឱ្យស្មុគស្មាញដល់ប្រតិបត្តិការផ្តល់ជំនួយមនុស្សធម៌។ លោកស្រីបាននិយាយថាមនុស្ស ១៧,៦ លាននាក់ឥឡូវនេះត្រូវការជំនួយ។
ប្រេសិតអ.ស.បប្រចាំមីយ៉ាន់ម៉ា លោកស្រី ណូលីន ហេហ្សឺ
ជុំវិញវិបត្តិមីយ៉ាន់ម៉ានេះដែរ នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង បានជួបប្រជុំជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ នៅសិង្ហបុរីកាលពីថ្ងៃ១៦មីនា។លោកលីបាននិយាយថា ប្រទេសលោកនឹងធ្វើការជាមួយឥណ្ឌូនេស៊ីនិងប្រជាជាតិអាស៊ីអាគ្នេយ៍ដទៃទៀត រួមទាំងដៃគូដូចជាអង្គការសហប្រជាជាតិ ដើម្បីជំរុញអោយពួកអ្នកគ្រប់គ្រងរបបយោធាមីយ៉ាន់ម៉ាអនុវត្តផែនការសន្តិភាពដែលជាប់គាំងមួយ។
លោកលីបានបន្តថា មេដឹកនាំប្រទេសទាំងពីរបានសម្តែងការសោកស្តាយចំពោះការខ្វះវឌ្ឍនភាពលើផែនការសន្តិភាពមួយដែលព្រមព្រៀងដោយសមាគមន៍អាស៊ាននិងមេដឹកនាំយោធាមីយ៉ាន់ម៉ាហើយថា«សិង្ហបុរី នឹងបន្តធ្វើការជាមួយឥណ្ឌូនេស៊ីនិងសមាជិកអាស៊ាន បូករួមទាំងដៃគូអាស៊ាន ដូចជាអង្គការសហប្រជាជាតិដើម្បីជំរុញអោយមានការអនុវត្តពេញលេញកុងសង់ស៊ីប្រាំចំណុច»៕
មេដឹកនាំឥណ្ឌូនេស៊ី (ឆ្វេង)ជួបនាយករដ្ឋមន្ត្រីសិង្ហបុរីកាលពីថ្ងៃ១៦មីនា