​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កម្មករ​សំរាម​ក្រុង​ប៉ារីស​ដែល​ធ្វើ​កូដកម្ម​កំពុង​ប្រឈមមុខ​នឹង​ការ​ជាប់ពន្ធនាគារ ប្រសិន​បើ​ពួកគេ​បដិសេធ​មិន​សម្អាត​រដ្ឋធានី​បារាំង បន្ទាប់​ពី​សំរាម ៨.០០០ តោន​គរ​ចោល​គ្មាន​អ្នកប្រមូល​។​

​ប៉ូលិស “​បានទាមទារ​” កម្មករ​សំរាម​វិល​មក​សម្អាត​ក្រុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​មីនា ដោយ​និយាយថា ប្រសិន​បើ​ពួកគេ​បន្ត​ការតវ៉ា​ប្រឆាំង​នឹង​កំណែទម្រង់​ប្រាក់​សោធន​និវត្តន៍​របស់​លោក អេម​ម៉ានុយ​អែល ម៉ា​ក្រុង ពួកគេ​នឹង​ត្រូវ​កាត់ទោស​ជាប់គុក​។​

​រឿង​នេះ​កើតឡើង​បន្ទាប់​ពី​សកម្មភាព​កូដកម្ម​រយៈពេល ១០ ថ្ងៃ​ជាប់ៗ​គ្នា​ដោយ​ក្រុមកម្មករ​សំរាម ក៏​ដូច​មនុស្ស​រាប់លាន​នាក់​ផ្សេង​ទៀត​ដែរ​នៅ​ទូទាំង​ប្រទេស​បារាំង​មានការ​ខឹងសម្បា​ចំពោះ​ផែនការ​​បង្កើន​អាយុ​ចូលនិវត្តន៍​ពី ៦២ ទៅ ៦៤ ឆ្នាំ​។​

​អ្នកប្រមូល​សំរាម​បានរៀបចំ​កូដកម្ម​ដាច់​ជាប់ៗ​ប្រឆាំង​នឹង​ការផ្លាស់ប្តូរ​នេះ ខណៈ​វិស័យ​ផ្សេង​ទៀត​រៀបចំ​ការដើរ​ចេញ​ពី​ការងារ​ពេញៗ​មួយ​ថ្ងៃ​ជាប់ៗ​គ្នា អម​ជាមួយ​នឹង​មហា​បាតុកម្ម​។​

​យោង​តាម​តួលេខ​របស់​សាលាក្រុង សំរាម​ប្រហែល ៧.៦០០ តោន​បានគរ​ចោល​លើ​ដងផ្លូវ​នានា​ក្នុង​ទីក្រុង​ប៉ារីស គិត​ត្រឹម​ថ្ងៃ​ពុធ ដែល​ធ្វើឱ្យ​ទីក្រុង​មាន​ក្លិនស្អុយ​ដូច​ប្រហុក​។​

​មេ​ប៉ូលិស​ក្រុង លោក ឡូ​រ៉ង់ នូ​ញេស (Laurent Nunez) កាលពី​ល្ងាច​ថ្ងៃ​ពុធ​បាន​ជូនដំណឹង​ដល់​អភិបាលក្រុង​ប៉ារីស​លោកស្រី អា​នី​ដាល​ហ្គោ (Anne Hidalgo) ដែល​ឈរ​ខាង​កម្មករ​ថា រដ្ឋាភិបាល​នឹង​ប្រើ​អំណាច​របស់​ខ្លួន​ដើម្បី “​ទាមទារ​” អ្នកប្រមូល​សំរាម​ដែល​ធ្វើ​កូដកម្ម​មក​ធ្វើការ​វិញ​ក្រោម​ការ​គំរាម​កាត់ទោស​។​

​នៅក្នុង​លិខិត​ប្រើ​ពាក្យ​ធ្ងន់ៗ លោក​បាន​និយាយថា លោក​ចង់​បាន​បញ្ជី​ឈ្មោះ​កម្មករ​សំរាម​ដែល​ស្ថិតនៅក្រោម​អំណាច​របស់​លោកស្រី “​បញ្ជូន​មក​ខ្ញុំ​ដោយ​មិន​បង្អង់​យូរ​”​ហើយ​បន្ទាប់មក​ពួកគេ​នឹង​​ត្រូវ​ត្រឡប់​ទៅ​ធ្វើការ​វិញ​។​

​អ្នក​ដែល​នៅ​តែ​ធ្វើ​កូដកម្ម នឹង​ប្រឈម​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ខែ​និង​ពិន័យ​ជា​ប្រាក់​ចំនួន ៩.០០០ ផោន ឬ ១០.០០០ ដុល្លារ​៕

​សំរាម​ជិត ៨.០០០ តោន​គរ​ចោល​ពេញ​ក្រុងប៉ារីស