ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ភាគហ៊ុនរបស់ធនាគារ First Republic Bank បានធ្លាក់ចុះ ១៧% ក្នុងការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ទី១៦មីនា ត្បិតមានការបង្ហាញការគាំទ្រមិនធ្លាប់មានពីមុនមកចំពោះធនាគារនេះពីស្ថាប័នហិរញ្ញវត្ថុធំៗបំផុតរបស់ពិភពលោកជិត១០ក្តី។
នៅក្នុងការសង្គ្រោះមិនធម្មតា ដែលប្រភពជាច្រើននិយាយថាត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន JPMorgan Chase សហនាយកប្រតិបត្តិលោក ជេមី ឌីម៉ុន (Jamie Dimon) នៅដើមសប្តាហ៍នេះ រួមជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រី ចាណេត យែលឡិន (Janet Yellen) និងប្រធានធនាគារកណ្តាល លោក ជើរ៉ូម ផូវែល (Jerome Powell) ព្រមទាំងក្រុមហ៊ុនចំនួន ១១ នៅសង្កាត់ហិរញ្ញវត្ថុ Wall Street បាននិយាយថា ពួកគេបានដាក់ប្រាក់តម្កល់ចំនួន ៣០ ពាន់លានដុល្លារទៅក្នុងធនាគារ First Republic។
ទោះយ៉ាងណា ការធូរស្បើយរបស់វិនិយោគិនមានរយៈពេលខ្លីប៉ុណ្ណោះ។ ភាគហ៊ុនរបស់ធនាគារ ដែលបានបិទនៅតម្លៃខ្ពស់ជាង១០% បន្ទាប់ពីថ្ងៃពោរពេញដោយការប្រែប្រួល ដែលឃើញការជួញដូរបានផ្អាក ១៧ ដងនោះ បានធ្លាក់ចុះនៅក្នុងការជួញដូរបន្ទាប់ពីម៉ោងបិទទីផ្សារ។
ដំណើរបញ្ច្រាសនេះបានកើតឡើងបន្ទាប់ពីធនាគារ First Republic និយាយនៅក្នុងឯកសារមួយថា ខ្លួនកំពុងផ្អាកភាគលាភរបស់ខ្លួន។ ធនាគារក៏បាននិយាយដែរថា ខ្លួនមានសាច់ប្រាក់ប្រហែល ៣៤ ពាន់លានដុល្លារ ដោយមិនរាប់បញ្ចូលប្រាក់បញ្ញើថ្មីចំនួន ៣០ ពាន់លានដុល្លារ។
ធនាគារក៏បាននិយាយផងដែរថា ខ្លួនបានខ្ចីប្រាក់រហូតដល់ ១០៩ ពាន់លានដុល្លារពីធនគារកណ្តាលនៅចន្លោះពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែមីនា និង ១០ ពាន់លានដុល្លារបន្ថែមពីធនាគារ Federal Home Loan នៅថ្ងៃទី ៩ ខែមីនា។
ការធ្លាក់ចុះភាគហ៊ុនរបស់ធនគារ First Republic បន្ទាប់ពីកិច្ចព្រមព្រៀងសង្គ្រោះពីបណ្តាធនាគារធំបំផុតរបស់សហរដ្ឋអាម៉េរិកបានគូសបញ្ជាក់អំពីវិសាលភាពនៃភាពច្របូកច្របល់នៅក្នុងទីផ្សារពិភពលោក ដែលបានកើតឡើងបន្ទាប់ពីធនាគារក្នុងស្រុកចំនួនពីរដួលរលំ។
ការប៉ុនប៉ងដាច់ដោយឡែកពីគ្នាកាលពីដើមសប្តាហ៍នេះដោយនិយតករអាម៉េរិកនិងអឺរ៉ុបដើម្បីធ្វើឱ្យវិនិយោគិនស្ងប់ចិត្តតាមរយៈវិធានការសង្គ្រោះបន្ទាន់ដើម្បីពង្រឹងទំនុកចិត្តក្នុងវិស័យធនាគារមិនអាចជួយអ្វីបានទេ។
លោក ចាសុន វែ (Jason Ware) ប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុន Albion Financial Group បាននិយាយថា អន្តរាគមន៍ផ្នែកធនាគារកាលពីថ្ងៃព្រហស្បតិ៍គឺជា “ការជំរុញដល់ប្រព័ន្ធធនាគារ” ប៉ុន្តែទំនងជាត្រូវការច្រើនជាងនេះ។ លោកវែបាននិយាយថា “វាមិនធំគ្រប់គ្រាន់ទេ”។
លោកវែបានបន្ថែមថា វាក៏បានធ្វើឱ្យវិនិយោគិនគិតក្នុងចិត្តផងដែរថាមានបញ្ហាផុងជ្រៅណាស់ក្នុងធនាគារ First Republic៕
ភាគហ៊ុនធនាគារ First Republic ធ្លាក់ចុះ ១៧ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ត្បិតមានការជួយសង្គ្រោះ