ដោយៈ ពៅនិមល / ភ្នំពេញ៖ លោកប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុន វីសា (VISA) បានបង្ហាញបំណង​ក្នុងការពង្រឹងកិច្ចប្រតិបត្តិការជាមួយ ក្រសួងពាណិជ្ជកម្មកម្ពុជា លើគំនិតផ្តួចផ្តើមទាក់ទងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិច ត្រូនិក និងការទូទាត់តាមឌីជីថល នៅប្រទេសកម្ពុជា។

នៅក្នុងជំនួបការងារជាមួយ លោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិក របស់ក្រុមហ៊ុនវីសា (VISA) ដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយ ពាក់ព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញ ការអភិវឌ្ឍ ពាណិជ្ជកម្ម អេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា កាលពីរសៀលថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនថាៈ វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ ដោយគ្មានទំនាក់ទំនង (Contactless Payment) ។ បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្ម ឱ្យខិតកៀកទៅជិតពាណិជ្ជករ បង្កើតភាពងាយ ស្រួល កាត់បន្ថយការចំណាយ និងពេលវេលា ចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាល ផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

លោករដ្ឋមន្រ្តី បានបន្តថាៈ ក្នុងឆ្នាំ២០២២ CamDX ត្រូវបានប្រកាសទទួលជ័យ លាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards) ដែលមានគម្រោងចូលរួមប្រកួតប្រជែង ចំនួន ១៥០ និងមកពី ៥២ ប្រទេស សម្រាប់កម្មវិធីទាំងមូល។ នេះជាមោទនភាពថ្មីមួយទៀត របស់កម្ពុជាលើឆាក អន្តរជាតិ និងជាកាលានុវត្តន៍ភាពក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែ​ បោះជំហាន ឆ្ពោះទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយ រស់រវើក និងប្រកបដោយបរិយាប័ន្ន។

លោកបានបន្ថែមថាៈ ការចូលរួមរបស់ក្រុមហ៊ុន Visa លើវិស័យទូទាត់តាមប្រព័ន្ធ អេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងអង្គការ ផ្សេងៗ ក្នុងការបណ្តុះបណ្តាល ចំណេះដឹងហិរញ្ញវត្ថុ ដល់ប្រជាជនកម្ពុជា។

ក្នុងឱកាសនោះ លោក Chris Clark បានសម្តែងនូវសេចក្តីសោមន្សរីករាយ ដែលបានជួបពិភាក្សាការងារ ជាមួយនឹងលោករដ្ឋមន្រ្តី ដោយក្នុងនោះ លោកបាន បង្ហាញ អំពីគោលបំណង ក្នុងការពង្រឹងកិច្ចប្រតិបត្តិការ ជាមួយក្រសួងពាណិជ្ជកម្ម លើគំនិតផ្តួចផ្តើម ទាក់ទងនឹងយុទ្ធសាស្រ្ត និងគោលនយោបាយ នាពេលបច្ចុប្បន្ន និងអនាគត ដើម្បីជំរុញពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងការទូទាត់តាមឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា។

នៅកិច្ចបញ្ចប់ លោក Chris Clark ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ដែលបានប្ដេជ្ញាចិត្ត ក្នុងការបន្តថែរក្សាស្ថេរភាព នយោបាយ វិបុលភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសបានកោតសរសើរ ពីកិច្ចខិតខំប្រែងរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងធ្វើឱ្យប្រសើឡើងនូវ វិស័យឌីជីថលនៅកម្ពុជា៕ V / N