ដេាយ ៖ គឹម សុវណ្ណដានី អ្នកសម្របសម្រួលគម្រោង «ការលើកកម្ពស់សិទ្ធ និងការធ្វើឲ្យប្រសើរឡើងនូវស្ថានភាពសុខភាពរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម» : ទោះបីជារបបខ្មែរក្រហមបានដួលរលំទៅអស់រយៈពេល ៤៤ឆ្នាំទៅហើយក្តី តែការនឹកឃើញពីការធ្វើទារុណកម្ម ការបង្អត់អាហារ និងការបង្ខំឲ្យធ្វើការលើសកម្លាំង នៅដក់ជាប់ក្នុងការចងចាំរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដដែល ពិសេសអ្នកដែលមានជីវភាពក្រលំបាក ដែលជារឿយៗតែងតែតូចចិត្ត និងខឹងសប្បារដល់របបខ្មែរក្រហមដែលបានធ្វើឲ្យក្រុមគ្រួសាររបស់គាត់បែកបាក់ បាត់បង់សមាជិកគ្រួសារ រហូតដល់ធ្វើឲ្យគាត់ជួបតែភាពលំបាកមកដល់សព្វថ្ងៃ ផ្ទុយទៅនឹងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានជីវភាពធូធារដែលមិនសូវព្រួយបារម្ភ ឬនឹកឃើញអតីតកាលដ៏ជូរចត់។ ជាក់ស្តែង ទិន្នន័យដែលប្រមូលបានពីការចុះទៅសម្ភាសន៍អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលមានអាយុចាប់ពី ៥០ឡើង ដោយអ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌលឯកសារកម្ពុជាក្នុងឆ្នាំ២០២២ កន្លងមកនេះ សរុបមានចំនួន ៣៥៣០៨ ក្នុងចំណោមនេះមានអ្នកមានវិបត្តិផ្លូវចិត្តចំនួន ៦៥៣៨ ស្មើនឹង ២០%។
គម្រោង ជនរងគ្រោះដោយអំពើទារុណកម្ម នៃមជ្ឈមណ្ឌលឯកសារកម្ពុជា ដែលទទួលជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ កន្លងមកធ្លាប់បានសហការជាមួយអង្គការចិត្តសង្គម អន្តរវប្បធម៌ បង្កើតកម្មវិធីអប់រំពីបញ្ហាសុខភាពផ្លូវចិត្តដល់ជនរងគ្រោះពីរបបខ្មែរក្រហម និងអតីតកងទ័ពខ្មែរក្រហម រស់នៅខេត្តកណ្តាល និងខេត្តតាកែវ ដែលជាខេត្តគ្រប់គ្រងដោយ តាម៉ុក លេខាភូមិភាគនិរតីនៅក្នុងរបបខ្មែរក្រហម។ ក្នុងចំណោមអ្នកផ្តល់បទសម្ភាសន៍ប្រមាណជា ២២២នាក់ ក្រុមការងាររបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ រកឃើញអ្នកមានជំងឺបាត់ស្បាតប្រមាណជា ៦០នាក់ និងមានសភាពធ្ងន់ធ្ងរ មធ្យម និងខ្សោយ។
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា និងអង្គការចិត្តសង្គម អន្តរវប្បធម៌ សហការធ្វើសិក្ខាសាលាស្តីពីការអប់រំ និងដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅក្នុងភូមិរំចេក នៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារកម្ពជា ខេត្តកំពង់ចាម។ សិក្ខាសាលាប្រព្រឹត្តទៅរយៈពេល២ម៉ោង ដល់អ្នករស់រានមានពីរបបខ្មែរក្រហមចំនួន៥០នាក់ ដែលធ្លាប់បានផ្តល់បទសម្ភាសន៍ដល់អ្នកស្ម័គ្រចិត្តកម្ពុជារបស់មជ្ឈមណ្ឌកសារកម្ពុជា រស់នៅស្រុកកោះសូទិន និងស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីចុងឆ្នាំ២០២២ កន្លងមក។
គោលជំហរ និងកម្មវត្ថុ គឺជាកម្លាំងដ៏រឹងមាំរបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ដែលមានសេចក្តីរំពឹងថា សង្គមយើងទទួលស្គាល់ការខំប្រឹងប្រែងរបស់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដែលបានចូលរួមកសាងប្រទេស ពង្រឹងសន្តិភាព និងការអភិវឌ្ឍន៍មួយដើម្បីអនាគតកូនចៅជំនាន់ក្រោយៗទៀត។ សរន
នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ មជ្ឈមណ្ឌលឯកសារកម្ពុជា និងអង្គការចិត្តសង្គម អន្តរវប្បធម៌ សហការធ្វើសិក្ខាសាលាស្តីពីការអប់រំ និងដោះស្រាយបញ្ហាសុខភាពផ្លូវចិត្តដល់អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលរស់នៅក្នុងភូមិរំចេក នៅក្នុងបរិវេណមជ្ឈមណ្ឌលឯកសារកម្ពជា ខេត្តកំពង់ចាម។ (បណ្ណសារមជ្ឈមណ្ឌលឯកសារកម្ពុជា)