ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងនៅរសៀលថ្ងៃទី១៧ខែមីនាថា យោងតាមការណែនាំពីអភិបាលរាជធានីភ្នំពេញ ក៏ដូចជាក្រសួងសុខាភិបាល, មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះបាញ់ថ្នាំសម្លាប់មូសតាមភូមិ ជាង ១១០ ភូមិ នៃសង្កាត់ចំនួន ៣២ ក្នុងខណ្ឌចំនួន ១១ នៅទូទាំងរាជធានីភ្នំពេញក្នុងខែកុម្ភៈកន្លងទៅ។

លោក ងី មានហេង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាមឲ្យមានប្រសិទ្ធភាពនោះ។
លោកបានអះអាងថា ការចុះបាញ់ថ្នាំមូស និងការរចុះផ្សព្វផ្សាយ ដើម្បីធានាសុវត្ថិភាពសុខភាពជូនប្រជាពលរដ្ឋ គ្មានជំងឺគ្រុនឈាម ហើយលោកបន្តជំរុញតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកតាមខណ្ឌ បន្តចុះបាញ់ថ្នាំមូស និងដាក់ថ្នាំអាល់ប៊ែត លុបបំបាត់ជម្រកមូសខ្លា ក្នុងសហគមន៍ ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាមឲ្យជាប់ជាប្រចាំផងដែរ។

លោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងថា យុទ្ធនាការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទូទាំងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ យល់ជ្រួតជ្រាបកាន់តែច្បាស់បន្ថែមទៀត អំពីវិធីសាស្ត្រការពារខ្លួនកុំឱ្យឆ្លងជំងឺគ្រុនឈាម។ ម៉្យាងទៀតយុទ្ធនាការ នេះដែរ ក៏មានការដាក់ថ្នាំអាលប៊ែតតាមផ្ទះប្រជាពលរដ្ឋ និងមានបាញ់ថ្នាំសម្លាប់មូសខ្លា តាមទីសាធារណៈ ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺមួយនេះកុំឲ្យ កើតមានឡើងជាបន្តទៀត។

លោកប្រធានបន្តថា មូសខ្លាជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម បានយ៉ាងឆាប់រហ័ស តាមរយៈទឹកដក់ ជាជម្រកមូសខ្លា (ទឹកដក់ក្នុងសំបកកង់ឡាន កង់ម៉ូតូ សំបកកំប៉ុង ដប វត្ថុដក់ ទឹកភ្លៀងជាជម្រកមូសខ្លា»។ សូមកុំទុកដាក់សំបកកង់ឡាន កង់ម៉ូតូហាលភ្លៀង នៅក្នុងសហគមន៍ ព្រោះជាការបង្កើតជម្រកមូសខ្លា ក្រោយពេលភ្លៀងធ្លាក់៕ P / N