ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ នេះ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការណែនាំការបញ្ចៀសចរាចរណ៍ ក្នុងអំឡុងពេលសាងសង់ ស្ពានអាកាសព្រះមុនីវង្ស ក្រោយពីបានប្រជុំពិភាក្សារក ដំណោះស្រាយការកកស្ទះចរាចរណ៍ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណ ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស រួចមក ។
រូប៖ រ៉ាម៉ន
សេចក្ដីជូនដំណឹងនោះ បានលើកឡើងថាៈ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូន ដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រោយពី បានប្រជុំពិភាក្សារកដំណោះស្រាយ ការកកស្ទះចរាចរណ៍ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សរួចមក រដ្ឋបាល រាជធានីភ្នំពេញ បានដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍ បានមួយចំនួនធំ។ ទន្ទឹមនោះ រដ្ឋបាលរាជធានីភ្នំពេញ សង្កេតឃើញថា នៅពេលខ្លះ មានការកកស្ទះ ចរាចរណ៍ កើតឡើងខ្លះទៀត ដូចនេះដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ ឱ្យបានល្អ ប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១.ការធ្វើដំណើរចូលរាជធានីភ្នំពេញ៖
– ចំពោះរថយន្តធុនធ្ងន់ រថយន្តកុងតឺន័រ រថយន្តធុនធំ ត្រូវបង្វែរទិស តាមផ្លូវថៃហ្គ័រ ឆ្លងស្ពានព្រែកសំរោង ចូលរាជធានីភ្នំពេញ តាមពេលវេលា និងម៉ោងកំណត់របស់ រដ្ឋបាលរាជធានីភ្នំពេញ ដោយមិនអនុញ្ញាតឱ្យ ឆ្លងកាត់តាមស្ពានព្រះមុនីវង្សឡើយ
– ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ១ ឆ្ពោះទៅមូលដ្ឋាន ខណ្ឌដង្កោ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌជ្រោយចង្វារ ខណ្ឌឫស្សីកែវ សូមមេត្តាយោគយល់អធ្យាស្រ័យ ដោយត្រូវបង្វែរទិសតាមផ្លូវថៃហ្គ័រ តាមស្ពានព្រែកសំរោង ចូលរាជធានីភ្នំពេញ ឬតាមសាឡាងចម្លងកោះនរា ដែលចូលតាមផ្លូវទល់មុខវត្តនិរោធ និងផ្លូវស្ថានីយ៍ទូរទស្សន៍បាយ័ន បន្តដំណើរទៅគោលដៅ។
– ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចូលរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ឆ្ពោះទៅមូលដ្ឋានខណ្ឌទួលគោក ខណ្ឌ៧មករា ខណ្ឌចំការមន សូមមេត្តាយោគយល់ អធ្យាស្រ័យដោយត្រូវបង្វែរទិស តាមមហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) និងមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បត់តាមផ្លូវផ្សារជីបម៉ុង ចេញតាមផ្លូវលេខ២១៧ ធ្វើដំណើរសំដៅទៅគោលដៅ។
២.ការធ្វើដំណើរចេញពីរាជធានីភ្នំពេញ៖
– ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញ ពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅ ផ្លូវជាតិលេខ២ ទៅខេត្តកណ្តាល ឬមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌដង្កោ ហើយដែល កំពុងធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស សូមមេត្តាយោគយល់អធ្យាស្រ័យ ដោយត្រូវ បង្វែរទិសតាមផ្លូវលេខ៤៨៨ ឆ្ពោះទៅរង្វង់មូលផ្សារដើមថ្កូវ ឆ្ពោះទៅផ្លូវលេខ២៧១ សំដៅទៅផ្លូវលេខ៣៧១ ឬតាមផ្លូវផ្សារជីបម៉ុង ចេញតាមមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) និងតាមមហាវិថីអ្នកឧញ៉ាមហា ភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ឆ្ពោះទៅគោលដៅរបស់ខ្លួន។
-ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅ ផ្លូវជាតិលេខ១ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ឬទៅខេត្តកណ្តាល សូមមេត្តាយោគយល់ អធ្យាស្រ័យត្រូវធ្វើដំណើរ តាមមហាវិថីព្រះនរោត្ដម ឡើងស្ពានអាកាសក្បាលថ្នល់ បត់ត្រឡប់ក្រោយ រួចឆ្លងស្ពានព្រះមុនីវង្ស ឬធ្វើដំណើរតាមសាឡាងចម្លង ពីកោះពេជ្រ ទៅកោះនរាតែម្ដង ឬពីសាឡាងចម្លងសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ ទៅកោះនរា នៅពេលដែលសាឡាងចម្លងនេះ ដាក់ឱ្យដំណើរការសាកល្បង ដើម្បីធ្វើដំណើរទៅ គោលដៅ។
៣.មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យលទ្ធភាព ក្នុងការពង្រីក ទ្រូងផ្លូវ ឱ្យធំជាបណ្តោះអាសន្នសិន ពេលសំណង់ស្ពានអាកាសនេះ ត្រូវបានបញ្ចប់ ត្រូវរៀបចំឱ្យមក ដូចស្ថានភាពដើមវិញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប យោគយល់ អធ្យាស្រ័យ និងបញ្ចៀស ការធ្វើដំណើរឆ្លងកាត់ ទីតាំងការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស ដោយអនុគ្រោះ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌមានជ័យ រដ្ឋបាលខណ្ឌច្បារអំពៅ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបាន ទូលំទូលាយ និងចាត់តាំងអនុវត្ត ឱ្យមានប្រសិទ្ធភាពខ្ពស់៕ V / N