ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋបាលខេត្តកណ្តាល សម្រុកធ្វើផ្លូវចូលភ្នំព្រះរាជទ្រព្យ ដើម្បីរៀបចំសង្ក្រានឆ្នាំថ្មី របស់ខេត្តកណ្តាល នៅរមណីយដ្ឋានប្រវត្តិសាស្ត្រនេះ។

លោក ហាក់ សុមករា អភិបាលរងខេត្ត តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្ត កណ្កាល បានប្រាប់ឱ្យរស្មីកម្ពុជាដឹង ក្នុងឱកាសចុះពិនិត្យមើលការសាងសង់ឡើងវិញ ផ្លូវចូលភ្នំព្រះរាជទ្រព្យ នាព្រឹកថ្ងៃទី១៧ ខែមីនាថាៈ ផ្លូវនេះ ត្រូវធ្វើឱ្យបានរួចរាល់ មុនបុណ្យចូលឆ្នាំថ្មីមកដល់ ដើម្បីរដ្ឋបាលខេត្ត រៀបចំសង្ក្រានឆ្នាំថ្មី នៅរមណីយដ្ឋាន ប្រវត្តិនេះ។

លោកអភិបាលរងខេត្ត ខាងលើ បាននិយាយឱ្យដឹងទៀតថាៈ ផ្លូវដែលកំពុងជួសជុល និងកែលម្អទៅជាផ្លូវអ៊ុតកៅស៊ូ បេទីមីន័រ ប្រវែង ២.៦៦០ ម៉ែត្រ ទទឹង ៦ម៉ែត្រ និង មានចិញ្ចើមម្ខាងកន្លះម៉ែត្រ។

ផ្លូវខាងលើនេះ លោក ហាក់ សុខមករា បាននិយាយឱ្យដឹងផងដែរថាៈ ត្រូវពង្រីកឱ្យបាន ទទឹង ១១ ម៉ែត្រ រៀបចិញ្ចើមសន្លឹកថ្មក្រានីត និងដាក់ភ្លើងបំភ្លឺ នៅក្នុងឆ្នាំ២០២៤។

លោក ហាក់ សុខមករា បាននិយាយឱ្យដឹងទៀតថាៈ ពេលគ្រប់ផ្នែក កំពុងរៀបចំទៅតាម តួនាទី ភារកិច្ច នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ភ្នំព្រះរាជទ្រព្យ ដើម្បីបម្រើដល់សង្ក្រាន ឆ្នាំថ្មី របស់រដ្ឋបាលខេត្ត ប្រព្រឹត្តទៅបានដោយរលូន៕  V / N