ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅទីក្រុងមូស្គូនៅសប្តាហ៍ក្រោយ កន្លែងដែលលោកត្រូវជួបពិភាក្សាជាមួយសម្ពន្ធមិត្តយុទ្ធសាស្ត្រ វ្ល៉ាឌីមៀ ពូទីន នៅជាងមួយឆ្នាំក្រោយរុស្ស៊ីបញ្ជូនទាហានចូលអ៊ុយក្រែន។
ក្រសួងការបរទេសចិននិងវិមានក្រឹមឡាំងរុស្ស៊ី បាននិយាយនៅថ្ងៃសុក្រនេះថា លោកស៊ីនឹងនៅរុស្ស៊ីចាប់ពីថ្ងៃចន្ទដល់ថ្ងៃពុធ។
លោកស៊ីបានធ្វើទស្សនកិច្ចរុស្ស៊ីចុងក្រោយកាលពីឆ្នាំ២០១៩ ហើយលោកពូទីនបានទៅចូលរួមពិធីបើកកីឡាអូឡាំពិចក្រុងប៉េកាំងកាលពីឆ្នាំមុន ហើយពួកលោកទាំងពីបានជួបគ្នានៅជំនួបតំបន់នៅអ៊ុយបេគីស្ថានកាលពីខែកញ្ញាឆ្នាំមុន។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោកវ៉ាង វិនពីន បាននិយាយកាលពីថ្ងៃសុក្រថា លោកស៊ីនឹង«ធ្វើការផ្លាស់ប្តូរទស្សនៈស៊ីជំរៅជាមួយប្រធានាធិបតីពូទីន ស្តីពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាអន្តជាតិព្រមទាំងតំបន់ធំៗ ដែលជាការព្រួយបារម្ភរួម»។
លោកវ៉ាងបានបន្តថា ដំណើរទស្សនកិច្ចនេះនឹង«ជួយជំរុញការសម្របសម្រួលយុទ្ធសាស្ត្រនិងកិច្ចសហការគ្នាជាក់ស្តែងរវាងប្រទេសទាំងពីរ ហើយចាក់បញ្ជូលកម្លាំងជំរុញថ្មីទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី»។
«នៅពេលបច្ចុប្បន្ន ការផ្លាស់ប្តូរដែលគេមិនដែលជួបប្រទះក្នុងរយៈពេលមួយសតវត្សរ៍មកនេះ កំពុងវិវត្តយ៉ាងលឿន ហើយពិភពលោកបានឈានចូលក្នុងយុគចលាចលថ្មីមួយ។ក្នុងនាមជា…ប្រទេសធំដ៏សំខាន់ សារសំខាន់និងឥទ្ធិពលនៃទំនាក់ទំនងចិនរុស្ស៊ី វាទៅហួសពីវិសាលភាពទ្វេភាគី»។
នៅថ្ងៃសុក្រនេះដែរ វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីនៃប្រទេសទាំងពីរនឹងនិយាយអំពី«កិច្ចសហការយុទ្ធសាស្ត្រ»និង«ពិភាក្សាការពង្រឹងភាពជាដៃគូនិងកិច្ចសហការយុទ្ធសាស្ត្ររវាងរុស្ស៊ីនិងចិន»។
វាបានបន្ថែមថា «ឯកសារទ្វេភាគីសំខាន់ៗ»ត្រូវរំពឹងថានឹងចុះហត្ថលេខានៅក្នុងពេលទស្សនកិច្ចនេះ។
ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីចិនបានចេញផែនការសន្តិភាព១២ចំណុចកាលពីខែមុន ដោយអំពាវនាវអោយរុស្ស៊ីនិងអ៊ុយក្រែនចរចាបញ្ចប់ជម្លោះ ហើយគ្រប់ប្រទេសទាំងអស់គោរពបូរណភាពទឹកដី។តែក្រុមមេដឹកនាំលោកខាងលិចដឹកនាំដោយអាម៉េរិកសម្តែងការមិនមានជំនឿ ក្រោយពីបានរិះគន់រដ្ឋាភិបាលទីក្រុងប៉េកាំងចំពោះការមិនព្រមថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីចូលអ៊ុយក្រែនថាជាការឈ្លានពានមួយហើយថែមទាំងផ្តល់ការគាំទ្រការទូតដើម្បីបិទបាំងសង្គ្រាមឈ្លានពាននេះថែមទៀត។
អាម៉េរិកក៏ចោទប្រកាន់រដ្ឋាភិបាលទីក្រុងប៉េកាំងថា កំពុងពិចារណាផ្តល់សព្វាវុធដល់រុស្ស៊ីសំរាប់គាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន តែចិនបានបដិសេធ៕
រូបឯកសារ បង្ហាញលោកស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី និយាយគ្នាក្នុងអំឡុងពេលជួបប្រជុំនៅក្រុងប៉េកាំងកាលពីថ្ងៃ៤កុម្ភៈ ឆ្នាំ២០២២