ដោយ : ប.ជ័យ / បន្ទាយមានជ័យ៖ មន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបន្ទាយមានជ័យ សហការជាមួយអង្គការបេសកកម្មយុត្តិធម៌ អន្តរជាតិ (IJM) នៅថ្ងៃទី១៧ខែមីនា បានបើកសិក្ខាសាលាកិច្ចសន្ទនាអន្តរជំនឿ ដើម្បីសុខដុមនីយកម្ម សាសនានៅកម្ពុជាឆ្នាំ ២០២៣ ក្រោមប្រធានបទ “សាសនិក ចូលរួមប្រឆាំងការជួញដូរមនុស្ស និងទាសភាពសម័យទំនើប” ។
ពិធីមានសិក្ខាកាមចូលរួម ពីព្រះមន្ត្រីសង្ឃខេត្ត លោកគ្រូអាចារ្យ គណៈកម្មការ គ្រីស្ទបរិស័ទ គ្រូគង្វាល គណៈអុីម៊ាំឥស្លាមសាសនា តំណាងពុទ្ធសាសនាមហាយាន គង់សុីអុឹម អុីក្វាន់តាវ ជាង ១០០នាក់។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបានឲ្យដឹងថា សិក្ខាសាលាមានតំណាងអង្គការដៃគូចូលរួម នេះគឺបង្ហាញឲ្យឃើញពីការចូលរួម កសាងសេចក្ដីសុខដុមរមនា រវាងសាសនានិងសាសនា ព្រមទាំងបង្ហាញឲ្យឃើញពីតួនាទីរបស់ថ្នាក់ដឹកនាំសាសនាទាំងឡាយ ក្នុងការផ្សព្វផ្សាយអប់រំនិងផ្ដល់ចំណេះដឹងដល់ប្រជាពលរដ្ឋ ពីសីលធម៌នៃការរស់នៅ ជៀសវាងការរំលោភបំពាន ការកេងប្រវ័ញ្ច លើមនុស្សគ្រប់រូបភាព និងចូលរួមទប់ស្កាត់ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។
តំណាងអង្គការបេសកកម្ម យុត្តិធម៌អន្តរជាតិ (IJM) ដែលជាអង្គការមួយដែលមានបទពិសោធន៍ក្នុងការងារប្រឆាំងអំពើជួញដូរមនុស្ស ទាំងក្នុងស្រុកនិងឆ្លងដែន ។អង្គការ “IJM” បានកំណត់អត្តសញ្ញាណឬសង្គ្រោះជនរងគ្រោះធ្វើការជាមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីសង្គ្រោះជនរងគ្រោះដែលជាបុរសស្ត្រីនិងកុមារ ជាប់ក្នុងស្ថានភាពនៃអំពើកេងប្រវ័ញ្ច តាមគ្រប់រូបភាព ដូចជានាំយកពលករទៅធ្វើការងារចំណាកស្រុក ធ្វើការងារតាមការណូត ការប៉ាល់ និងក្រុមហ៊ុនផ្សេងៗ។
លោកស្រី រស់ សុផានី អភិបាលរងខេត្តមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ធ្វើការអប់រំផ្សព្វផ្សាយដល់សិស្ស និស្សិត និងប្រជាពលរដ្ឋឲ្យបានយល់ដឹង អំពីកលល្បិចជនល្មើសជួញដូរមនុស្ស និងផលប៉ះពាល់ក្នុងការធ្វើទេសន្តប្រវេសន៍ដោយប្រថុយប្រថាន ដែលអាចកើតមានគ្រោះថ្នាក់ជាយថាហេតុ៕សរន / N