ដោយៈសុក្ខារិន/ពោធិ៍សាត់៖ នៅថ្ងៃទី១៧ម៏នា២០២៣នេះ លោក កែវ រតនៈ ប្រធានក្រុមការងារគណបក្សប្រជាជន​ចុះជួយស្រុកក្រគរ​និង​ស្រុកកណ្តៀង ខេត្តពោធិសាត់បានអញ្ជើញចូលរួម ពិធីបុណ្យកតញ្ញូ​ជូនមនុស្សចាស់ដែលមានអាយុចាប់ពី៦៥ឆ្នាំនិងសម្ពោធសមិទ្ធផលនានាក្នុងវត្តសុវណ្ណមយូរ៉ា ហៅ វត្តក្ងាន ស្ថិតក្នុងឃុំស្វាយលួង ស្រុក​កណ្តៀង ដោយមានការចូលរួមពីលោក ងួន ប៉ោសេង អភិបាលរង​ខេត្ត ព្រមទាំងក្រុមការងារនិងអាជ្ញាធរឃុំ ស្រុកនិងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករ។

លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានលើកឡើង​ពីប្រវត្តិនោះថា វត្តសុវណ្ណមយូរ៉ា ហៅវត្តក្ងានត្រូវបានកសាងឡើង​ក្នុងឆ្នាំ១៩០២ដែលកាលនោះស្ថិតក្នុងភូមិក្ងាន ឃុំស្នូក ស្រុកបាកាន បច្ចុប្បន្នស្ថិតក្នុងភូមិស្វាយយាង ឃុំស្វាយលួង ស្រុកកណ្តៀង។ចាប់តាំងពីបានបង្កើតឡើងមកព្រះគ្រូចៅអធិការវត្ត គណៈកម្មការ អាចារ្យគ្រប់ជំនាន់ព្រមទាំងពុទ្ធបរិស័ទបានដឹកនាំនិងចូលរួមកសាងបាននូវសមិទ្ធផលជាច្រើនតែទោះជាយ៉ាងនេះក៏ដោយទីវត្តនេះក៏ដូចវត្តនានាត្រូវបានបំផ្លិចបំផ្លាញនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។

ព្រះចៅអធិការបច្ចុប្បន្នព្រះនាម ទៀវ ស៊ាង ត្រូវបានតែងតាំង​នៅក្នុង​ឆ្នាំ២០១៧។ដោយសារការយកចិត្តទុកដាក់និងចូលរួមគាំទ្រពីលោក កែវ រតនៈ​រួមជាមួយក្រុមការងារគ្រប់លំដាប់ថ្នាក់នោះបាន​កសាង​ពុទ្ធបដិមាដ៏ធំមួយព្រះអង្គដោយចំណាយជាង៥ម៉ឺនដុល្លារទុកសម្រាប់ប្រយោជន៍ក្នុងព្រះពុទ្ធសាសនា។

ក្នុងឱកាសនេះលោក កែវ រតនៈ បានលើកឡើងថា​នេះមិនមែនជា​លើកទី១នោះទេ កម្មវិធីបុណ្យកតញ្ញូជូនចំពោះលោកតា លោកយាយ​ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅបានអនុវត្តជាង១៥ឆ្នាំមកហើយតែដោយសារវិបត្តិកូវីដ១៩ត្រូវបានខកខានឥឡូវចាប់ផ្តើមឡើងវិញ ក្នុងគោល​បំណងគោរពដឹងគុណនិងចម្រើនជន្មាយុលោកតាលោកយាយនៅក្នុងឱកាសបុណ្យចូលឆ្នាំខាងមុខនេះ។

លោកបានលើកឡើងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះសមិទ្ធ​ផល​ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រនៅក្នុងស្រុកកណ្តៀងនិងស្រុក ក្រគរក៏ដូចទូទាំងខេត្តពោធិ៍សាត់មានការអភិវឌ្ឍដែលអាចឆ្លុះបញ្ចាំងបានថាសមិទ្ធិផលទាំងអស់នេះគឺមានតែគណៈបក្សប្រជា ជនកម្ពុជា​មួយប៉ុណ្ណោះដែលជួយយើងនិងមានអ្វីៗគ្រប់បែបយ៉ាង៕srn / N