ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ គិតត្រឹមថ្ងៃនេះ មានប្រទេសចំនួន ៧ ហើយ ដែលបានចុះបញ្ជីចូលរួមប្រកួត ប្រភេទកីឡាទ្រីយ៉ាត្លុង នាស៊ីហ្គេមនៅកម្ពុជា។

សូមបញ្ជាក់ថា ប្រភេទកីឡាទ្រីយ៉ាត្លុង មាន ៣ វិញ្ញាសាបូកបញ្ជូលគ្នា គឺហែលទឹក ជិះកង់ និងរត់ប្រណាំង ដែលគ្រោងនឹងដំណើរការ ពីថ្ងៃទី៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣។

អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា លោក ងិន សុខបញ្ញា បានគូសបញ្ជាក់ ថាៈ ប្រតិភូ គ្រូបង្វឹក អត្តពលិក លើប្រភេទកីឡាទ្រីយ៉ាត្លុង ច្រើនជាង ១០០ នាក់ មកពី ៧ ប្រទេស រួមទាំងម្ចាស់ផ្ទះកម្ពុជា បានចុះឈ្មោះចូលរួម ប្រកួតប្រជែងមេដាយ​ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយប្រភេទកីឡាទ្រីយ៉ាត្លុង នឹងធ្វើឡើង នៅខេត្តកែប ដែលមានវិញ្ញាសា ហែលទឹក (សមុទ្រ) រួចបន្តជិះកង់ និងចុងក្រោយរត់ ប្រណាំង។

លោកបានបន្ដថាៈ ប្រភេទកីឡាទ្រីយ៉ាត្លុង មានប្រតិភូគ្រូបង្វឹក អត្តពលិក សរុប ១១៧ នាក់ ក្នុងនោះមានគ្រូបង្វឹក ២២នាក់ ប្រតិភូ ៧នាក់ និងកីឡាករ កីឡាការិនី ៨៨នាក់ មកពី ៧ប្រទេស រួមមាន ម្ចាស់ផ្ទះ កម្ពុជា វៀតណាម ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី និងហ្វីលីពីន ។

សម្រាប់វិញ្ញាសាដែលដាក់ឱ្យប្រកួតជាផ្លូវការ មានចំនួន ៧ រួមមាន វិញ្ញាសាទ្រីយ៉ាត្លុង បុរស-នារី មានវិញ្ញាសាហែលទឹក ៧៥០ ម៉ែត្រ ជិះកង់ ២០ គីឡូម៉ែត្ររត់ប្រណាំង ៥ គីឡូម៉ែត្រ។ វិញ្ញាសាឌូអាត្លុង បុរស-នារី មានរត់ប្រណាំង ៥ គីឡូម៉ែត្រ ជិះកង់ ២០ គីឡូម៉ែត្រ រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។ ចំពោះវិញ្ញាសាអាគ័តត្លុង បុរស-នារី មានហែលទឹក ៥០០ ម៉ែត្រ បូករត់ប្រណាំង ២,៥ គីឡូម៉ែត្រ និងវិញ្ញាសាអាគ័ត្លុង បណ្តាក់ចម្រុះ (Aquathlon Mixed Relay) ហែលទឹក ៥០០ ម៉ែត្រ រត់ប្រណាំង ២,៥ គីឡូម៉ែត្រ។

លោកអគ្គលេខាធិការ ងិន សុខបញ្ញា បានសង្កត់ធ្ងន់ថាៈ ដើម្បីត្រៀមទទួលរៀបចំ ការប្រកួតកីឡាអូឡាំពិក ដ៏ពេញនិយម មួយនេះ ឱ្យដំណើរការដោយរលូន ក្នុងនាមជា ម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គឺផ្នែកគណៈកម្មការ រៀបចំត្រូវបានចែកចេញជាពីរផ្នែកធំៗ គឺគណៈកម្មការអន្តរជាតិ (ITO) ចំនួន១៥នាក់ និងមន្ត្រី គណៈកម្មការជាតិ(NTO (៦០នាក់ ស្របពេលដែលយុវជនស្ម័គ្រចិត្ត​ដែលចូលរួមគាំទ្រជួយសម្របសម្រួល ដល់ប្រភេទ កីឡាទ្រីយ៉ាត្លុង នៅខេត្តកែបនេះ មានចំនួន ៥០ នាក់ ផ្សេងទៀត៕/V-PC