ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ម្សិលមិញនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ចំនួន ២៤ នាក់ នៃក្រុមជម្រើសជាតិ អាយុក្រោម ២២ឆ្នាំ កម្ពុជា ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ ដំណាក់កាលទី២ និងចូលរួមប្រកួតពានរង្វាន់ មិត្តភាពអន្ដរជាតិ Merlion Cup 2023 នៅប្រទេសសិង្ហបុរី នាពេលឆាប់ៗ ខាងមុខ។
បន្ទាប់ពីបញ្ចប់ការបោះជំរំហ្វឹកហាត់ ជាង ២ សប្ដាហ៍ នៅកោះសាមុយ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនា នោះ លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិ បានជម្រុះកីឡាករ ៦ រូប ក្នុងចំណោម ៣០ រូប ចេញ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ Merlion Cup 2023 និងត្រៀមបោះ ជម្រំហ្វឹកហាត់ នៅតំណាក់កាលទី២ ។
ព្រឹត្តិការណ៍ពានរង្វាន់ Merlion Cup 2023 នៅសិង្ហបុរីវិញ គឺមាន ៤ ប្រទេស ចូលរួម ដែលនឹងធ្វើការប្រកួត ពីថ្ងៃទី២៤ ដល់ ២៦ ខែមីនា ខាងមុខ ខណៈលទ្ធផល ចាប់ឆ្នោតគឺក្រុម U22 កម្ពុជា ត្រូវជួបម៉ាឡេស៊ី ខណៈម្ចាស់ផ្ទះសិង្ហបុរី ត្រូវជួបហុងកុង។ បន្ទាប់មក ក្រុមឈ្នះ នឹងត្រូវជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមីនា ហើយក្រុមចាញ់ ក៏ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ។
បន្ទាប់ពីប្រកួតពានរង្វាន់អន្ដរជាតិ នៅសិង្ហបុរី ក្រុមជម្រើសជាតិ U22 កម្ពុជា នឹងត្រឡប់ ទៅហ្វឹកហាត់ នៅថៃម្ដងទៀត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលគ្រោងនឹងធ្វើការប្រកួត នាថ្ងៃទី២៩ ខែមេសា ពោលគឺ មុនពិធីបើកការ ប្រកួតផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ។
សមាជិកក្រុមទាំង ២៤ រូប ដែលត្រូវបន្ដប្រមូលផ្ដុំដំណាក់កាលទី២ រួមមាន កីឡាករ វិសាខា ៥នាក់, បឹងកេត ៤នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ណាហ្គាវើលដ៏ ៤នាក់, ភ្នំពេញក្រោន ៣នាក់ ព្រមទាំងសមាជិក ក្រុមកងយោធ ពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, ព្រៃវែង និងអគ្គិសនីកម្ពុជា ម្នាក់ៗដូចគ្នា ៕/V-PC