ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កិច្ចប្រជុំប្រចាំសប្ដាហ៍របស់ គណៈអចិន្ដ្រៃយ៍ CAMSOC ដឹកនាំដោយលោកបណ្ឌិត ថោង ខុន ដែលជាអនុប្រធានអចិន្ដ្រៃយ៍ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ បានផ្ដោតលើប្រធានបទសំខាន់ៗ ពាក់ព័ន្ធការងារសន្ដិសុខ និងសណ្ដាប់ធ្នាប់ ដែលចូលរួមធ្វើបទបង្ហាញ ដោយលោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន និងការងារសុខាភិបាល ធ្វើបទបង្ហាញដោយលោក វេជ្ជបណ្ឌិត សុខ សារឿន ប្រធានគណៈកម្មការវេជ្ជសាស្ដ្រ និងដូពីង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ បានមានប្រសាសន៍ថាៈ យើងរួមគ្នាទាំងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និង សុខាភិបាល រៀបចំផែនការលម្អិត ក្នុងការថែរក្សាសន្ដិសុខ សុវត្ថិភាព ការសង្គ្រោះបឋម ក៏ដូចជាព្យាបាលដល់ប្រតិភូ និងកីឡាករ កីឡាការិនី ដែលចូលរួមស៊ីហ្គេមខ្ទង់ ១ម៉ឺន នាក់។ ការងារលម្អិតនេះ បានធ្វើឱ្យប្រសិទ្ធភាពការងារ នៃការទទួលបដិសណ្ឋារកិច្ច ប្រតិភូ និងអត្តពលិកទាំងអស់ មានភាពកក់ក្ដៅ។

ជារួម គណៈកម្មការជំនាញនីមួយៗ ពុំមានការងារអ្វីសេសសល់នោះទេ តែការពង្រឹងស្មារតីទទួលខុស ត្រូវនេះ ត្រូវបាន ចាប់អារម្មណ៍ យកចិត្តទុកដាក់ និងយកទៅអនុវត្ត ឱ្យកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់។ អ្វីដែលជាការទទួលខុស ត្រូវរួមនោះ គឺការធ្វើឱ្យ មានភាពកក់ក្ដៅ និងសុវត្ថិភាព ចំពោះប្រតិភូកីឡាទាំងអស់​ដែលមកចូលរួមព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជា៕/V-PC