ដោយៈ សម្បត្តិ / ភ្នំពេញៈ «កិច្ចការធំៗមួយចំនួនដែលក្រសួងបរិស្ថានសម្រេចបាន គឺសុទ្ធតែមានការចូលរួមយ៉ាង សកម្មពីមន្ត្រីរាជការស្ត្រី»។ នេះជាប្រសាសន៍លើក ឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី ដែលរៀបចំឡើងដោយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នារាត្រីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងបរិស្ថាន និងមន្ត្រីមកពី មន្ទីរ សា្ថប័ន ជុំវិញខេត្ត ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោក សាយ សំអាល់ បានសម្តែងនូវការកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែង ធ្វើឱ្យក្រសួង បរិស្ថាន ដំណើរការទៅបានយ៉ាងរលូន ជាមួយគ្នានោះ ក៏ធ្វើឱ្យមានការផ្លាស់ប្តូរ លើវិស័យបរិស្ថានផងដែរ ដែលទាំងអស់នេះ គឺមិនអាចកាត់ចេញបានពីការរួមចំណែក និងការលះបង់ដ៏ធំធេងរបស់ បងប្អូនមន្ត្រីរាជការ ដែលជាស្ត្រី។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ឱ្យដឹងថាៈ ក្នុងការលើកកម្ពស់ស្ត្រី ក្រសួងបរិស្ថាន មានមន្ត្រីជាស្ត្រី ចាប់ពីថ្នាក់មន្ត្រី រហូតដល់កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។ ក្រសួងបរិស្ថាន ក៏បានបណ្តុះបណ្ដាលអ្នកបន្តវេន ជាស្ត្រីបានច្រើនផងដែរ តាមរយៈការបញ្ជូនឱ្យទៅ សិក្សានៅបរទេស ដែលបានយកចំណេះជំនាញទាំងអស់នោះ ត្រឡប់មកជួយ ផលិតភាព របស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះ លើវិស័យកិច្ចគាំពារបរិស្ថាន បងប្អូនស្ត្រី បានចូលរួមអនុវត្ត និងដឹកនាំគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព តាមរយៈការចូលរួមស្វែងរកថវិកា សម្ភារ ផ្តល់ជាបច្ចេកទេសបណ្តុះ បណ្តាល ជាដើម។ ការចូលរួមរបស់បងប្អូនស្ត្រី មិនត្រឹមតែចូលរួមជាមួយវិស័យ បរិស្ថានប៉ុណ្ណោះទេ គឺបានចូលរួមជាមួយ សង្គមជាតិតែម្តង។

គួររម្លឹកឱ្យដឹងថា ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅ ក្រោមមូលបទ «ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យ​ឌីជីថល»៕/V-PC