ប្រែ​សម្រួលៈ​បំណង​(​ស៊ី​អិន​អិន​,​ដេល្លី​ម៉េល​)៖ ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ស៊ី ជីន​ពីង ទៅកាន់​រុស្ស៊ី​នៅ​សប្តាហ៍​ក្រោយ​គឺ​ដើម្បី​«​សន្តិភាព​»​ហើយ​ចិន​នឹង​«​រក្សា​ជំហរ​មិន​លម្អៀង​»​លើ​បញ្ហា​អន្តរជាតិ​និង​​តំបន់ រួម​ទាំង​វិបត្តិ​អ៊ុ​យក្រែន នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​បញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​។​

​លោក​វ៉ាង វិនពី​ន បាន​និយាយ​ក្នុង​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​១៧​មីនា​ថា «​ជំហរ​របស់​ចិន​សង្ខេប​មក​នៅ​ត្រឹម​មួយ​ប្រយោគ​គឺ​៖ ទទូច​សុំ​សន្តិភាព​និង​ជំរុញ​ការពិភាក្សា​»​។​

​ដំណើរ​ទស្សនកិច្ច​របស់​ស៊ី​ធ្វើឡើង​នៅ​ពេល​រដ្ឋាភិបា​ល​ទីក្រុង​ប៉េកាំង​ព្យាយាមដាក់​ខ្លួនឯង​ជា​អ្នកដឹកនាំ​សម្របសម្រួល​សន្តិភាព​បែ​ប​អព្យាក្រិត​មួយ​នៅក្នុង​សង្គ្រាម​អ៊ុ​យក្រែ​ន និង​កំពុង​តស៊ូ​នឹង​ការ​ធ្វើអោយមាន​​តុល្យភាព​ជាមួយនឹង​ទំនាក់ទំនង​«​គ្មាន​ព្រំដែន​»​ជាមួយ​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ហើយ​នឹង​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​លោក​ខាងលិច​។​

​លោក​វ៉ាង បាន​និយាយថា ចិន​តែងតែ​ប្រកាន់​«​ឥរិយាបទ​បែប​ប្រយ័ត្នប្រយែង​និង​ទទួលខុសត្រូវ​»​និង​គ្រប់គ្រង​ការនាំ​ចេញ​ទំនិញ​យោធា​ព្រមទាំង​ទំនិញ​ប្រើ​បាន​ពីរ​ផ្លូវ ដោយ​ស្របតាម​ច្បាប់​។​កិច្ចសហការ​​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ចិន​និង​រុស្ស៊ី​ធ្វើឡើង​ដោយ​«​ចំហ​និង​តម្លាភាព​»​។​

​ដោយ​គ្មាន​និយាយ​ចំឈ្មោះ​ប្រទេស​ណាមួយ លោក​វ៉ាង ក៏​ទំនង​ជា​រិះគន់​អាម៉េរិក ដោយ​លោកថា​ចិន​ប្រឆាំង​«​ទណ្ឌកម្ម​ឯ​តោ​ភាគី​និង​យុត្តាធិការ​ដៃ​វែង ដោយ​គ្មាន​ផ្អែកលើ​ច្បាប់​អន្តរជាតិ​ឬ​បានទទួល​ការអនុញ្ញាត​ពី​​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​»​។​លោក​ក៏​បាន​ចោទប្រកាន់​ប្រទេស​មួយចំនួន​ចំពោះ​ការអនុវត្ត​ស្តង់ដា​ទ្វេ​លើ​ការផ្គត់ផ្គង់​សព្វាវុធ​និង​ថា​ពួកគេ​«​កំពុង​ចាក់​ប្រេង​លើ​ភ្លើង​»​លើ​បញ្ហា​អ៊ុ​យក្រែន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន វ៉ាង វិន​ពីន និយាយ​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ក្រុង​ប៉េកាំង​

​ជុំវិញ​បំណង​របស់​ចិន​នេះ​ដែរ កាលពី​ថ្ងៃ​សុក្រ​រដ្ឋាភិបាល​របស់​លោកចូ បៃ​ដិន បាន​ច្រាន​ចោល​ការអំពាវនាវរ​បស់​ចិន​អោយ​មាន​ការផ្អាក​ការប្រយុទ្ធ​គ្នា​មួយ​នៅ​អ៊ុ​យក្រែន ដោយ​ថា​វា​នឹង​នាំ​​ដល​ការកាន់កាប់​ស្របច្បាប់​របស់​រុស្ស៊ី​នៅក្នុង​តំបន់​ដែល​ខ្លួន​បាន​វាយ​យក​នៅក្នុង​ប្រជាជាតិ​អធិបតេយ្យ​មួយ​។​

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន​លោក ច​ន ឃឺ​ប៊ី បាន​និយាយថា សំណើ​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជា​ការអនុម័ត​យល់ព្រម​លើ​ការ​ច្បាំង​ដណ្តើម​ទឹកដី​របស់​កងកម្លាំង​រុស្ស៊ី​ហើយ​​នឹង​«​ទទួលស្គាល់​ទឹកដី​ដែល​រុស្ស៊ី​វាយ​កាន់កាប់​»​។​

«​រុស្ស៊ី​នឹង​ប្រើ​ការផ្អាក​សង្គ្រាម​នេះ​ដើម្បី​ពង្រឹង​ទីតាំង​របស់​គេ​បន្ថែម​នៅ​អ៊ុ​យក្រែន​ ហើយ​កសាង បំពាក់​និង​ប្រមូលផ្តុំ​កងកម្លាំង​របស់​គេ​ជាថ្មី ដើម្បី​ចាប់ផ្តើម​ការវាយប្រហារ​ជា​ថ្មី​លើ​អ៊ុយ​ក្រែន​នៅពេល​​ណាមួយ​ដែល​ពួក​គេ​ចង់​។​យើង​មិន​ជឿ​ថា​នេះ​ជា​ជំហាន​ទៅ​មុខ​​ឆ្ពោះទៅ​កាន់​សន្តិភាព​សកល​ពិតប្រាកដ​មួយ​»​ទេ​។​

​សេត​វិមាន​ព្រមាន​ថា ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតីចិននៅ​រុស្ស៊ី​នៅ​សប្តាហ៍​ក្រោយ​នឹង​ជួយ​លើកទឹកចិត្ត​ដល់​ប្រធានាធិបតី​រុស្ស៊ី ដែល​កំពុង​បាក់មុខ​ដោយសារ​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​កំពុង​ចេញ​​ដីកាចាប់ខ្លួន​៕

​អ្នកនាំពាក្យ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​ប្រចាំ​សេត​វិមាន​លោក ច​ន ឃឺ​ប៊ី