ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កាសែតរដ្ឋកូរ៉េខាងជើងបានរាយការណ៍កាលពីថ្ងៃសៅរ៍ទី១៨មីនាថា កូរ៉េខាងជើងអះអាងថា ពលរដ្ឋរបស់ខ្លួនប្រហែល ៨០០.០០០ នាក់បានស្ម័គ្រចិត្តចូលរួម ឬចុះឈ្មោះក្នុងជួរយោធារបស់ប្រទេសនេះឡើងវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាម៉េរិក។
កាសែត Rodong Sinmun បានរាយការណ៍ថា និស្សិតនិងកម្មករនៅទូទាំងប្រទេសប្រហែល ៨០០.០០០ នាក់នៅថ្ងៃសុក្រតែមួយបានបង្ហាញពីបំណងចង់ចូលរួមឬចុះឈ្មោះក្នុងជួរយោធាឡើងវិញដើម្បីប្រឆាំងនឹងសហរដ្ឋអាម៉េរិក។
ការអះអាងរបស់កូរ៉េខាងជើងបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍បានបាញ់មីស៊ីលផ្លោងឆ្លងទ្វីប Hwasong-17 (ICBM)ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធាអាម៉េរិក-កូរ៉េខាងត្បូង ដែលកំពុងធ្វើ។
កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ចូលទៅសមុទ្ររវាងឧបទ្វីបកូរ៉េនិងជប៉ុនកាលពីថ្ងៃព្រហស្បតិ៍ គឺប៉ុន្មានម៉ោងមុនពេលប្រធានាធិបតីកូរ៉េខាងត្បូងធ្វើដំណើរទៅកាន់ទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំកំពូលដែលពិភាក្សាអំពីវិធីដើម្បីទប់ទល់នឹងកូរ៉េខាងជើង។
មីស៊ីលផ្លោងរបស់កូរ៉េខាងជើងត្រូវបានហាមឃាត់ក្រោមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយការបាញ់នេះបានទាក់ទាញការថ្កោលទោសពីរដ្ឋាភិបាលនៅទីក្រុងសេអ៊ូល វ៉ាស៊ីនតោន និងតូក្យូ៕
ប្រព័ន្ធឃោសនាកូរ៉េខាងជើងអះអាងថា មនុស្សជិត៨០ម៉ឺននាក់សុំចុះឈ្មោះធ្វើទាហានដើម្បីត្រៀមវាយជាមួយអាម៉េរិក