ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) បាន​ចេញ​ដីកាចាប់ខ្លួន​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​ចំ​ពេល​មាន​ការចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុងអំឡុងពេល​ការ​​លុកលុយ​របស់​កងកម្លាំង​របស់​លោក​លើ​អ៊ុ​យក្រែ​ន​។​

​លោក ការី​ម ខាន់ (Karim Khan) ជា​ប្រធាន​រដ្ឋអាជ្ញា​របស់ ICC បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​មីនា​ថា​កុមារ​រាប់ពាន់នាក់​ត្រូវបាន​នាំ​យក​ដោយ​ខុសច្បាប់​ពី​មណ្ឌល​កុមារកំព្រា​និង​ផ្ទះ​កុមារ​​នៅក្នុង​តំបន់​កាន់កាប់​នៃ​ប្រទេស​អ៊ុ​យក្រែន ហើយ​ត្រូវបាន​ដឹកជញ្ជូន​ទៅ​កាន់​ប្រទេស​រុស្ស៊ី​ដើម្បី​ប្រគល់​ជូន​គ្រួសារ​ថ្មី​។​

​លោកពូ​ទីន​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​៣ ប៉ុណ្ណោះ​ដែល​ត្រូវបាន​ចេញ​ដីកាចាប់ខ្លួន​ដោយ ICC បន្ទាប់ពី​លោក អូ​ម៉ា អាល់​បា​សៀ (Omar al-Bashir) របស់​ស៊ូដង់ និង​លោក ម៉ួ​អាម៉ា ហ្គា​ដា​ហ្វ៊ី (Muammar Gaddafi) របស់​លី​ប៊ី និង​ជា​មេដឹកនាំ​ទីមួយ​នៃ​សមាជិក​អចិន្ត្រៃយ៍​មួយ​ក្នុង​ចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង​ប្រាំ​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​។​

​ឥឡូវនេះ ដី​ការបស់ ICC​តម្រូវ​ឱ្យ​រដ្ឋ​សមាជិក​ទាំង ១២៣ របស់​ខ្លួន​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី ហើយ​ផ្ទេរ​គាត់​ទៅ​ទីក្រុង​ឡាអេ​ដើម្បី​កាត់ទោស ប្រសិនបើ​គាត់​ជាន់​លើ​ទឹកដី​របស់​ពួកគេ​។​

​ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​ពន្លះ​ការសម្រេច​របស់​តុលាការ​ថា “​គួរឱ្យ​ភ្ញាក់ផ្អើល​និង​មិន​អាច​ទទួលយកបាន​” ដោយ​ជំនួស​មកវិញ​បាន​ទទូចថា ការសម្រេចចិត្ត​ណាមួយ​របស់ ICC គឺ “​ទុក​ជា​មោឃៈ​” ទាក់ទង​នឹង​រុស្ស៊ី ដោយសារ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ​។​

​ជំហរ​របស់​រុស្ស៊ី​បាន​ចោទ​ជា​មន្ទិល​ដោយ​ចៀស​មិន​រួច​អំពី​របៀប​ដែល​លោកពូ​ទីន​អាច​ត្រូវបាន​ចាប់ខ្លួន ដោយ​លទ្ធភាព​នៃ​ការកាត់ទោស​គឺ​ស្ថិត​លើផ្លូវ​វែងឆ្ងាយ​ណាស់​។​

​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​មិន​ទទួលស្គាល់​យុត្តាធិការ​របស់​តុលាការ ICC​ទេ ហើយ​មិន​ធ្វើ​បត្យាប័ន​ជនជាតិ​របស់ខ្លួន​នោះ​ឡើយ​ជា​ជំហរ​មួយ​ដែល​បាន​បញ្ជាក់​ជា​ថ្មី​កាលពី​ថ្ងៃ​សុក្រ​ដោយ​អ្នកនាំពាក្យ​​ក្រសួងការបរទេស​រុស្ស៊ី​លោកស្រី ម៉ា​រៀ ហ្សា​ខា​រ៉ូ​វ៉ា (Maria Zakharova) ក្នុង​ប្រតិកម្ម​ដំបូង​ចំពោះ​ដីកា​នេះ​។​

​លោកស្រី​បាន​និយាយថា “​ការសម្រេចចិត្ត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មិនមាន​អត្ថន័យ​សម្រាប់​ប្រទេស​របស់​យើង​ទេ រួម​ទាំង​តាម​ទស្សនៈ​ផ្លូវច្បាប់​”​។​

​សូម្បី​តែ​ប្រធាន ICC​លោក ព័​រ ហូ​ហ្វ​មែន​ស្គី (Piotr Hofmanski) បាន​សារភាព​ថា ខណៈ​ចៅក្រម​របស់​តុលាការ​បាន​ចេញ​ដីកា វា​នឹង​អាស្រ័យ​លើ​សហគមន៍​អន្តរជាតិ​ដើម្បី​អនុវត្ត​ដីកា​។​

​នៅក្រោម​ប្រព័ន្ធ​បញ្ញត្តិ​ទីក្រុង​រ៉ូម​នៃ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ តុលាការ​មិន​មាន​កម្លាំង​ប៉ូលិស​ផ្ទាល់ខ្លួន​ដើម្បី​អនុវត្ត​ដីកា​ទេ​។​

​លើសពីនេះ បញ្ញត្តិ ដែល ICC​ទាញ​សិទ្ធិ​អំណាច​របស់​ខ្លួន​ចេញពី​វា​នោះ រារាំង​ការកាត់ក្តី​កំបាំងមុខ ដែល​មានន័យថា លោកពូ​ទីន​នឹង​ត្រូវ​នាំខ្លួន​កាត់ទោស​ដោយ​ផ្ទាល់​។​

​ប៉ុន្តែ​ខណៈ​លទ្ធភាព​នៃ​ការចាប់ខ្លួន​លោកពូ​ទីន​នៅតែ​មិន​ទំនង​កើតឡើង​នោះ វា​មិនមែន​ថា​មិន​អាច​ទៅរួច​ទាំងស្រុង​នោះ​ទេ​។​

​ការ​រំលឹក​ជា​ប្រព័ន្ធ​នៃ​ដីកាចាប់ខ្លួន​របស់ ICC ត្រូវបាន​បញ្ជូន​ទៅ​ប្រទេស​សមាជិក​ទាំងអស់ នៅពេលណា​ដែល​ជនសង្ស័យ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​។​

​ប្រសិនបើ​ប្រទេស​មួយ​មិន​គោរព​តាម​សំណើ​សុំ​សហការ ប្រទេស​នោះ​អាច​នឹង​ត្រូវ​នាំខ្លួន​ឡើង​តុលាការ​។​

​លោកពូ​ទីន​នឹង​មិន​ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ឬ​ធ្វើ​បត្យាប័ន​ពី​ទឹកដី​រុស្ស៊ី​នោះទេ ប៉ុន្តែ​បាន​ធ្វើដំណើរ​ទៅ​ក្រៅ​ប្រទេស​ចាប់តាំងពី​ការផ្ទុះ​សង្គ្រាម​កាលពី​ខែ​កុម្ភៈ​ឆ្នាំ​មុន​។​

​ក្នុង​ខែមិថុនា លោក​បាន​ធ្វើដំណើរ​ទៅ​ប្រទេស​តាជី​គី​ស្ថាន​និង​តួ​កមេ​នី​ស្ថាន មុន​ពេល​ទៅ​ទស្សនកិច្ច​ប្រទេស​អ៊ីរ៉ង់​នៅ​ខែ​បន្ទាប់​។​

​ពូ​ទីន​ក៏​បាន​ធ្វើដំណើរ​ទៅ​អ៊ូ​ស​បេគី​ស្ថានក្នុង​ខែកញ្ញា កា​ហ្សាក់​ស្ថានក្នុង​ខែតុលា និង អា​មេ​នី​ក្នុង​ខែវិច្ឆិកា ក៏ដូចជា គៀ​គី​ស្ថាន និង បេឡា​រូស ក្នុង​ខែធ្នូ​ផងដែរ​៕

​ការចាប់ខ្លួន​ពូ​ទីន​គឺ​អាស្រ័យ​លើ​សហគមន៍​អន្តរជាតិ​ចង់​ចាប់​ឬ​មិន​ចង់​