ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ រុស្ស៊ីកាលពីថ្ងៃសុក្រទី១៧មីនាបានប្តេជ្ញាកំទេចយន្តហោះប្រយុទ្ធMiG-29សម័យសូវៀត ដែលប្រទេសប៉ូឡូញនិងស្លូវ៉ាគីបានសន្យាប្រគល់អោយអ៊ុយក្រែននៅប៉ុន្មានថ្ងៃខាងមុខ។
វិមានក្រឹមឡាំងបាននិយាយថា យន្តហោះប្រយុទ្ធទាំងនេះនឹងត្រូវកំទេចចោល ហើយថាការបញ្ជូនគ្រឿងសព្វាវុធលោកខាងលិច រួមមានរថក្រោះនិងយន្តហោះមកកាន់សមរភូមិអ៊ុយក្រែន នឹងមិនអាចផ្លាស់ប្តូរទិសសង្គ្រាមបានទេ។
ស្លូវ៉ាគី កាលពីថ្ងៃសុក្របានអនុម័តផែនការបញ្ជូនយន្តហោះMiG-29ចំនួន១៣គ្រឿងរបស់ខ្លួនអោយអ៊ុយក្រែន បន្ទាប់ពីប៉ូឡូញប្រកាសប្រគល់យន្តហោះMiG-29របស់ខ្លួនទាំងអស់ដល់អ៊ុយក្រែនដើម្បីជួយប្រយុទ្ធទល់នឹងកងកម្លាំងឈ្លានពានរុស្ស៊ី។
ជាការឆ្លើយតប អ្នកនាំពាក្យវិមានក្រឹមឡាំងលោកឌីមីទ្រី ប៉េស្កូវ បាននិយាយថា៖ ការផ្គត់ផ្គង់គ្រឿងបរិក្ខារយោធា…ដូចយើងបាននិយាយហើយថា វានឹងមិនផ្លាស់ប្តូរលទ្ធផលនៃប្រតិបត្តិការយោធាពិសេសរបស់យើងទេ…ពិតហើយ គ្រឿងបរិក្ខារយោធាទាំងអស់នេះនឹងត្រូវកំទេចោល»។
សូមបញ្ជាក់ថា ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែនកាលពីឆ្នាំមុនមក បណ្តាប្រទេសក្នុងអង្គការណាតូបានចំណាយប្រាក់រាប់ពាន់លានដុល្លារលើជំនួយយោធាអោយអ៊ុយក្រែនវាយទប់ទល់នឹងកងកម្លាំងរុស្ស៊ី។រដ្ឋាភិបាលទីក្រុងមូស្គូបានចោទប្រកាន់លោកខាងលិចថាចូលរួមដោយផ្ទាល់ក្នុងជម្លោះនេះតាមរយៈផ្តល់សព្វាវុធដល់អ៊ុយក្រែន ហើយបានព្រមានថាសព្វាវុធរបស់ណាតូនឹង«ធ្លាក់ទៅនរក»។
ស្លូវ៉ាគី ជាប្រទេសអឺរ៉ុបនិងសមាជិកណាតូទីពីរដែលប្រកាសផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន
មុននេះនាយករដ្ឋមន្ត្រីស្លូវ៉ាគីបាននិយាយថារដ្ឋាភិបាលរបស់លោកបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទដើម្បីផ្តល់យន្តហោះMiGរបស់ខ្លួនមួយកងចំនួន១៣គ្រឿងទៅកាន់អ៊ុយក្រែនបន្ទាប់ពីចតទុកចោលឈប់ប្រើពួកវាកាលពីឆ្នាំទៅ។ស្លូវ៉ាគីក៏នឹងបញ្ជូនប្រព័ន្ធការពារដែនអាកាសធុនKubមួយឈុតទៅអោយអ៊ុយក្រែនផងដែរ។លោកបាននិយាយថា«ត្រូវតែធ្វើតាមការសន្យាកាលពីប្រធានាធិបតីហ្សេឡេនស្គីបានស្នើសុំយន្តហោះចម្បាំង។យើងបានធ្វើអស់ពីចិត្តហើយ សង្ឃឹមថាអ្នកដទៃនឹងធ្វើដូចគ្នា។ជំនួយយោធាមានសារសំខាន់សំរាប់អោយអ៊ុយក្រែនអាចការពារខ្លួន»។
ប្រធានាធិបតីប៉ូឡូញកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប៉ូឡូញនឹងប្រគល់យន្តហោះផលិតកាលពីសម័យសូវៀតចំនួនបួនគ្រឿងនៅប៉ុន្មានថ្ងៃខាងមុខ និងប៉ុន្មានគ្រឿងទៀតត្រូវការជួសជុលហើយនឹងប្រគល់នៅពេលក្រោយ៕
ប្រធានាធិបតីប៉ូឡូញ ប្រកាសប្រគល់យន្តហោះMiG-29ទៅអោយអ៊ុយក្រែន។លោកថា យន្តហោះMiGទាំងនោះដល់ឆ្នាំប្រើចុងក្រោយរបស់វា តែនៅអាចប្រើបានដោយគ្រឿងម៉ាស៊ីននៅដំណើរការទាំងអស់
ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃដិនបាននិយាយថា ការប្រគល់យន្តហោះប៉ូឡូញទៅអោយអ៊ុយក្រែននឹងមិនផ្លាស់ប្តូរជំហររបស់អាម៉េរិក ដែលប្រឆាំងនឹងការប្រគល់យន្តហោះF16របស់ខ្លួនទៅអោយអ៊ុយក្រែនទេ៕