ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច (ECD)បានចាប់ខ្លួនអតីតតារាបង្ហាញម៉ូតម្នាក់ ដែលពាក់ព័ន្ធក្នុងផែនការវិនិយោគតាមអនឡាញ ដោយឆបោកប្រាក់ពីជនរងគ្រោះជាង១០០លានបាត។
កាលពីថ្ងៃព្រហស្បតិ៍ទី១៦មីនា មេបញ្ជាការ ECD លោកឧត្តមសេនីយ៍ទោ ភូធីដេត ប៊ុនក្រាភឿ (Phuthidej Boonkjraphue) បានលាតត្រដាងថា ប៉ូលិសបានចាប់ខ្លួននាង វេទីកា ចៃចា (Wetika Jaija) នៅលំនៅឋានមួយក្នុងស្រុកសានសៃ ខេត្តឈៀងម៉ៃ។
នាងត្រូវបានចោទពីបទទទួលឥណទានតាមរយៈការបោកប្រាសមហាជន ឆបោក និង បញ្ចូលទិន្នន័យក្លែងក្លាយចូលក្នុងប្រព័ន្ធកុំព្យូទ័រ។
លោកប៊ុនក្រាភឿនិយាយថា នាងវេទីកាបានល្បួងជនរងគ្រោះឱ្យវិនិយោគក្នុងផែនការឆបោក ដោយអះអាងថា នាងបានឈ្នះការប្រកួតជំនួញលំដាប់ពិភពលោក។ នាងបានបង្ហោះរូបវត្ថុប្រណីតៗ ឡាន និង ផ្ទះនៅលើ Facebook ផ្ទាល់របស់នាងដើម្បីទាក់ទាញមនុស្សឱ្យមកវិនិយោគ។
ជនរងគ្រោះត្រូវបានធានាទទួលបានប្រាក់ចំណេញ១០០ភាគរយលើការវិនិយោគរបស់ពួកគេ។ ក្នុងដំណាក់កាលដំបូងៗ ពួកគេបានទទួលភាគលាភថេរ។ ទោះយ៉ាងណានាងវេទីកាឈប់បង់ប្រាក់ចំណេញហើយលុបចោលគណនីបណ្តាញសង្គមរបស់នាង។
មនុស្សជាង១០០នាក់បានផ្ទេរលុយឱ្យនាងវេទីកា។ លោកប៉ូលិសប៊ុនក្រាភឿនិយាយថា ការខូចខាតគឺជាង១០០លានបាត។
នាងវេទីកាបានច្រានចោលការចោទប្រកាន់ទាំងឡាយ នៅពេលសួរចម្លើយ។
ទោះយ៉ាងណា កំណត់ត្រារបស់នាងបានបង្ហាញថា នាងត្រូវបានចេញដីការចាប់ខ្លួនចំនួន១១ពីតុលាការព្រហ្មទណ្ឌនិងតុលាការខេត្តក្នុងខេត្តឈៀងម៉ៃ ភីតសានុឡូក ផាធុមថានី តាក់ ស្រះកែវ និងឈៀងរ៉ៃ។
លោកប៊ុនក្រាភឿស្នើឱ្យប្រជាជនពិនិត្យអាជីវកម្ម ដែលបានបញ្ជាក់ដោយគណៈកម្មការមូលបត្រនិងប្តូរប្រាក់ មុននឹងវិនិយោគ៕
នាង វេទីកា ចៃចា ត្រូវបានចាប់ខ្លួនពីបទឆបោកក្នុងផែនការវិនិយោគបោកប្រាស់