ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ទីក្រុងប៉ារីសកំពុងត្រូវបានអង្រួនដោយការតវ៉ាហិង្សានៅយប់ទីពីរប្រឆាំងនឹងកំណែទម្រង់សោធននិវត្តន៍ដ៏ចម្រូងចម្រាសរបស់ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ហ្សេរ៉ាល់ ដាម៉ាណន (Gérald Darmanin) បានប្រាប់វិទ្យុ RTLកាលពីថ្ងៃសុក្រទី១៧មីនាថា មនុស្សចំនួន៣១០នាក់ត្រូវបានចាប់ខ្លួនពេញមួយយប់ដែលភាគច្រើននៅទីក្រុងប៉ារីស បន្ទាប់ពីមានការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍។
ក្រុមកុបករបានប៉ះទង្គិចជាមួយប៉ូលិសអំឡុងបាតុកម្មកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយក្រុមមន្ត្រីបានពង្រាយឡានបាញ់ទឹក ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលាន ផ្លាស ដឺ កុងកដ(Place de Concorde) ។
ក្រុមបាតុករកាលពីយប់ថ្ងៃសុក្របានប្រមូលផ្តុំគ្នានៅទីលានសាធារណៈនេះ ដោយរូបភាពជាច្រើនបានបង្ហាញពួកគេឈរជុំវិញភ្លើងជាមួយនឹងរូបក្រដាសកាតុងរបស់ប្រធានាធិបតីបារាំងត្រូវបានលើកនៅលើអណ្តាតភ្លើង ជាមួយនឹងសម្រែកថា “ម៉ាក្រុង លាលែងពីតំណែង!”។ បន្ទាប់មក ក្រដាសរូបភាពលោកម៉ាក្រុងក៏ត្រូវបានដុតឆេះ។
ទូរទស្សន៍រ៉យទ័របានផ្សាយរូបភាពនៃការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដែលប្រើដោយប៉ូលិសដើម្បីដោះស្រាយជាមួយនឹងហ្វូងមនុស្សគ្មានសណ្តាប់ធ្នាប់នៅឯទីលាន Place de Concorde កាលពីយប់ថ្ងៃសុក្រ ខណៈភាពតានតឹងជុំវិញកំណែទម្រង់បានឈានដល់ចំណុចរលំរលាយ។ រថយន្តបាញ់ទឹកក៏ត្រូវបានថតជាប់ផងដែរ។
ក្នុងពេលជាមួយគ្នា សមាជិកសភាបក្សប្រឆាំងរបស់បារាំងបានដាក់ញត្តិសម្តែងការមិនទុកចិត្តរដ្ឋាភិបាលរបស់លោកម៉ាក្រុងបន្ទាប់ពីច្បាប់ដ៏ចម្រូងចម្រាសដើម្បីបង្កើនអាយុចូលនិវត្តន៍ត្រូវបានបង្ខំអនុម័តតាមរយៈសភាដោយគ្មានការបោះឆ្នោត។
លោក ប៊ែរត្រង់ ប៉ង់សេ(Bertrand Pancher) ប្រធានក្រុមសភាឯករាជ្យឆ្វេងនិយមដែលបានរួមគ្នាចុះហត្ថលេខាលើញត្តិនេះ បាននិយាយថា “ញត្តិនឹងអនុញ្ញាតឱ្យយើងចាកចេញពីវិបត្តិនយោបាយដ៏ជ្រាលជ្រៅ”៕
បាតុករផ្ទុះហិង្សានៅប៉ារីសឈានដល់រាត្រីទីពីរកាលពីថ្ងៃសុក្រ