ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្នុងសិក្ខាសាលាជាតិ ស្ដីពីការត្រៀមស៊ីហ្គេម អាស៊ានបារាហ្គេម ២០២៣ (SEA Games-ASEAN Para Games 2023) ដែលធ្វើនៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៨ មីនានេះ ធ្វើឡើង ក្រោមអធិបតីភាព សម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រមុខគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
សិក្ខាសាលានេះ មានការចូលរួមពីតំណាង ឬឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ជាថ្នាក់ដឹកនាំ មន្ត្រីបម្រើការ ក្នុងអគ្គលេខាធិការដ្ឋាន CAMSOC អ្នកសារព័ត៌មាន ក្រុមហ៊ុនដៃគូផ្គត់ផ្គង់ តំណាងសហព័ន្ធកីឡាជាតិ និងប្អូនៗ ក្មួយៗអ្នកស្ម័គ្រចិត្ត ដែលជាភាគីពាក់ព័ន្ធទាំងអស់។
លោក ថោង ខុន បានបន្តថាៈ ស្ថិតក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងការយកចិត្តទុកដាក់ ខ្ពស់របស់សម្តេចពិជ័យសេនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានធ្វើឱ្យដំណើរការត្រៀមរៀបចំ មានវឌ្ឍនភាពល្អ ប្រសើរ និងសម្រេចបានគោលការណ៍ធំៗ ចម្បងៗជាច្រើន ហើយដំណើរការអនុវត្ត ក៏កំពុងមមាញឹក និងធ្វើដំណើរទៅមុខ យ៉ាងស្វាហាប់ ដើម្បីធានានូវប្រសិទ្ធភាព នៃគោលដៅចង់បានចុងក្រោយរបស់យើង។
ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងការផ្ដល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ជាប្រចាំ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេចតែងតែជំរុញ និងរំឭកដាស់តឿន ឱ្យយើងទាំងអស់ ខិតខំប្រឹងប្រែងឱ្យខ្លាំងក្លា ចូលរួមរាប់ថយក្រោយ ដើម្បីជាការរំឭក ឱ្យប្រតិបត្តិករ រៀបចំទាំងអស់ ប្រុងប្រយ័ត្ន និងពិនិត្យវាយតម្លៃការងារឱ្យបានគ្រប់ជ្រុង ជ្រោយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកបណ្ឌិត ថោង ខុន ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ចូលរួមបន្តជំរុញរួមគ្នា ឱ្យបានខ្លាំងក្លាបន្ថែមទៀត និងដោះស្រាយឱ្យបានចប់សព្វគ្រប់ លើបញ្ហាដែលនៅ សេសសល់ ទើបដំណើរការ នាអំឡុងពេលព្រឹត្តិការណ៍កីឡា ជាប្រវត្តិសាស្ត្ររបស់ កម្ពុជានេះ នឹងប្រព្រឹត្តទៅបានរលូន ៕/V/r