ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មា ធិការជាតិ CAMSOC-CAMAPGOC បានផ្តល់អនុសាសន៍គន្លឹះ ៦ ចំណុច ដើម្បីជោគជ័យ ក្នុងព្រឹត្តិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាងមុខនេះ។

ចំណុចគន្លឹះទាំង ៦ នោះ រួមមាន៖ ១៖ក្តាប់ព័ត៌មាននិងយល់ច្បាស់ពីកម្មវិធីនីមួយៗ, ទីតាំងប្រារព្ធពិធី, ដំណើរការកម្មវិធី និងខ្លឹមសារកម្មវិធីនីមួយៗ ឱ្យបានជាក់លាក់ច្បាស់លាស់។ ឧទាហរណ៍ ពិធីបើក-បិទ ផ្លូវការ ធ្វើនៅថ្ងៃណា? ទីកន្លែង ណា? ម៉ោងប៉ុន្មាន? អ្នកណាខ្លះចូលរួម? ជាដើម។

២៖ប្រើប្រាស់យន្តការទំនាក់ទំនងជាស្មារតីគ្រួសារ SEA Games គឺការយោគ យល់គ្នា ការឈឺឆ្អាល ការងារគ្នា និងការរួមសាមគ្គីគ្នាធ្វើការជាក្រុម ដើម្បីបង្កើតសុខ ដុមនីយកម្មការងារ ឆ្ពោះទៅរកប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

៣៖ជៀសវាងដាច់ខាតការបង្កជម្លោះ បង្កើតបញ្ហាប្រឌិតបញ្ហា និងឈ្លោះប្រកែកគ្នា ធ្វើឱ្យអាប់អួរ បរិយាកាសការងារ បាត់បង់ទំនាក់ទំនងល្អ និងប៉ះពាល់កិត្តិយស ភាពថ្លៃថ្នូរ ប្រពៃណីជាតិ ដែលយើងទាំងអស់គ្នា ទទួលអាណត្តិបេសកកម្ម ពីរាជរដ្ឋាភិបាល និងប្រជាជនទូទាំងប្រទេស ជាង ១៦ លាននាក់។

៤៖សូមអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ។ Games Stake Holders នៅទីនេះ មានការលះបង់កម្លាំងកាយចិត្តពេលវេលា និងធនធានផ្ទាល់ខ្លួនមួយចំនួន ដើម្បីជាតិ ផ្តោតស្មារតីអត់ធ្មត់ព្យាយាម និងខិតខំបំពេញការងារឱ្យទទួលបានជោគជ័យទាំងអស់ គ្នា។

៥៖ប្អូនៗ ក្មួយៗ អ្នកស្ម័គ្រចិត្ត ដែលជាចលករមិនអាចខ្វះបាន ក្នុងព្រឹត្តិការណ៍នេះ ដែល CAMSOC បានចាត់ទុកថា ប្អូនៗ ក្មួយៗ ជាកម្លាំងការងារមុតស្រួចពិសេស និងសំខាន់ ក្នុងដំណើរការបម្រើសេវា ជូនភ្ញៀវជាតិ អន្តរជាតិ គឺជាអ្នកជួរមុខ ក្នុងប្រតិបត្តិការ បដិសណ្ឋារកិច្ចភ្ញៀវ។ សូមប្អូនៗ ក្មួយៗ ផ្ដល់ស្នាមញញឹម រួសរាយ រាក់ទាក់ ក្នុងការបដិសណ្ឋារកិច្ច ដ៏កក់ក្តៅបំផុត ស័ក្តិសមជាប្រជាជនមួយ មានអរិយធម៌ ខ្ពង់ខ្ពស់ រុងរឿង និងស៊ីវិល័យជឿនលឿន ដែលនឹងផ្តល់គុណតម្លៃជាតិ ដល់ព្រឹត្តិការណ៍ ខាងលើ។

៦.សូមអំពាវនាវចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយស និងបណ្ដាញព័ត៌មានជាតិ អន្តរជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលា នាថ្ងៃនេះ ជួយផ្សព្វផ្សាយឱ្យ បានផុលផុស និងពាំនាំនូវអ្វីៗ “ដែលកម្ពុជាត្រៀមខ្លួនរួច រាល់” ក្នុងការទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA Games លើកទី៣២ និងការប្រកួតកីឡា ASEAN Para Games លើកទី១២ខាងមុខនេះ។

សូមបញ្ជាក់ថា សម្ដេចពិជ័យសេនា ផ្ដល់គន្លឹះទាំងចំណុចនេះ ក្នុងសិក្ខាសាលាជាតិ ស្តីពីការត្រៀម SEA Games-ASEAN Para Games 2023 នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៣៕/V/r