ដោយៈ ប.ខុន / ភ្នំពេញៈ មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បន្តបូមទឹក អន្តរាគមន៍សង្គ្រោះស្រូវប្រាំង ធ្វើលើផ្ទៃដីស្រូវវស្សា ខណៈប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហាន១ នៅសល់ទឹក កាន់តែតិចណាស់ទៅហើយ តែស្រូវប្រាំងដែលធ្វើបានរហូត ដល់ជិត ១២ ម៉ឺនហិកតា នៅក្នុងខេត្តនេះ ប្រមូលផលរួចបានដល់ ៧០ ភាគរយ ហើយ។

លោក ឃុត សាឃឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យ រស្មីកម្ពុជាដឹង នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថាៈ ការងារអន្តរាគមន៍បូមទឹកដោយ ប្រើឋាមពលអគ្គិសនី នៅស្ថានីយបូមទឹកទី២ នៃប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហាន១ កាលពីថ្ងៃទី១៧ ខែមីនា ដំណើរការតែម៉ូទ័រមួយគ្រឿង​បូមដាក់ចូលទៅក្នុងប្រឡាយ មេទី១ ដើម្បីសង្គ្រោះស្រូវប្រាំង ដែលប្រជាពលរដ្ឋ បានធ្វើលើផ្ទៃដីវស្សា ហើយជួប ការខ្វះទឹកចំនួន ៨០ ហិកតា នៅឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

លោកប្រធានមន្ទីរ បាននិយាយឱ្យដឹងទៀតថាៈ ស្រូវប្រាំងខ្វះទឹកនេះ ប្រជាពលរដ្ឋ ធ្វើនៅក្នុងខែកុម្ភៈ ប្រជាពលរដ្ឋ និងអាជ្ញាមូលដ្ឋាន បានសំណូមពរសុំឱ្យមានការជួយ បូមទឹកម្តងទៀត គឺអាចប្រមូលផលបានហើយ ។ ស្ថានភាពទឹកនៅក្នុងប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហាន១ ពេលនេះ នៅសល់តិចណាស់ តែនៅអាចបូមបាន ការបូមដាក់ចូលទៅក្នុងប្រឡាយមេទី១ បានតែមិនច្រើនទេ គឺបូមដាក់សម្រាប់តែដំណាំស្រូវជិត ១០០ ហិកតា ដែលមានចម្ងាយប្រមាណជា ៥ គីឡូម៉ែត្រ ពីស្ថានីយបូមទឹក។

លោក ឃុត សាឃឿន បាននិយាយឱ្យដឹងទៀតថាៈ ការងារសាបព្រោះថ្មីបន្ថែម នៅតែមាន ទោះបីយើង និងអាជ្ញាធរ បានហាមឃាត់ យ៉ាងណា ក៏នៅតែមាន តែមានមិនច្រើនទេ ដោយសារប្រជាពលរដ្ឋ បានឃើញស្ថានភាពទឹក នៅក្នុង ប្រឡាយមេ នៅសល់តិច តែសម្រាប់ដំណាំស្រូវប្រាំង ដែលធ្វើពីដើមរដូវមកដល់ ពេលនេះ ប្រមូលផលរួច ប្រមាណជាង ៧០ ភាគរយ នៃផ្ទៃដីដាំដុះ បានចំនួន ១១៩.៣៦៩ ហិកតានោះហើយ។

ការដាំដុះស្រូវប្រាំង ឆ្នាំ២០២២ ឆ្នាំ២០២៣ នៅខេត្តព្រៃវែង គិតបញ្ចប់ត្រឹមថ្ងៃទី១៥ ខែមីនា អនុវត្តបានចំនួន ១១៩.៣៦៩ ហិកតា ស្មើនឹង ១៥៩,១៦ ភាគរយ នៃផែនការ ៧៥.០០០ ហិកតា។

ការងារបង្កបង្កើនផលស្រូវប្រាំង ឆ្នាំ២០២២ ឆ្នាំ២០២៣ នៅទូទាំងប្រទេស គិតត្រឹម ថ្ងៃទី១៥ ខែមីនា អនុវត្តបាន ៦៧៣.៨៣៦ ហិកតា ស្មើនឹង ១៣៦,៦៦ ភាគរយ នៃផែនការ ៤៩៣.០៧០ ហិកតា និងប្រមូលផលរួច បានប្រមាណជា ៦៦,៥៧ ភាគរយ ៕/V/r