ដោយៈមុនីរ័ត្ន / ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋ សង្គមនិយមវៀតណាម ព្រមទាំងធ្វើជាសហប្រធាន ដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះ កម្ពុជា–វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នៅថ្ងៃទី២០–២២ ខែមីនាឆ្នាំ២០២៣ តបតាមការ អញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
ក្រសួងការបរទេស បានបន្តថាៈ រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធីសាស្ត្រ ធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងទ្វេភាគី ដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ កំពុងរីកចម្រើនដែលរួមមាន វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់ សុខាភិបាល វប្បធម៌ការអប់រំ ។ល។ កិច្ចសហការក្នុងក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានា នៅក្នុងតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។
ដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេស នៃប្រទេសទាំងពីរ កិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា–វៀតណាម លើកទី២០នេះ នឹងពិនិត្យមើលឡើងវិញ អំពីវឌ្ឍនភាព ដែល សម្រេចបាន អនុលោមតាមកំណត់ហេតុ នៃកិច្ចប្រជុំលើកមុន ព្រមទាំងរៀបចំផែនការថ្មីសម្រាប់សកម្មភាពជាក់ស្ដែង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រទេស និងប្រជាជន ទាំងពីរ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានកម្មវិធីចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នា ជាមួយលោក វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងលោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម ផងដែរ។
ទាំងដំណើរទស្សនកិច្ចផ្លូវការ និងកិច្ចប្រជុំគណៈកម្មការចម្រុះ កម្ពុជា–វៀតណាម លើកទី២០ នឹងផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងពហុវិស័យដ៏រឹងមាំ ដែលបានផ្សារភ្ជាប់ ដោយទំនុកចិត្តផ្នែកនយោបាយចាក់ឫសយ៉ាងជ្រៅ ព្រមទាំងនឹងធ្វើឱ្យកាន់តែរឹងមាំ បន្ថែមទៀតនូវមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ ៕/V-PC