ដោយៈ មុនីរ័ត្ន / ភ្នំពេញ: ការចុះអនុស្សរណៈ រវាងធនាគារអេស៊ីលីដា និងសមាគម TYDA ដើម្បីការងារមនុស្សធម៌ កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ធនាគារអេស៊ីលីដា ភីអិលស៊ី  ក្នុងចំនួនទឹកប្រាក់ចំនួន ៤០ ម៉ឺន ដុល្លារអាមេរិក ក្រោមអធិបតីភាពលោស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអនុប្រធានក្រុមប្រឹក្សា ភិបាល សមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ និងលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅស្នាក់ការកណ្តាលធនាគារ អេស៊ីលីដា

លោកបណ្ឌិត អុិន ចាន់នី បានមានប្រសាសន៍ថាៈ ធនាគារអេស៊ីលីដាមានមោទន ភាពណាស់ ដែលសមាគមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ បានជ្រើសរើសធ្វើជា ដៃគូក្នុងកិច្ចការងារមនុស្សធម៌ នេះជាកត្តាជំរុញលើកទឹកចិត្ត ដល់ធនាគារផងដែរ។

លោកបានបន្តថាៈ ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពង្រឹង នូវទំនាក់ទំនង រវាងធនាគារ អេស៊ីលីដា និងសមាគមTYDA ដោយធនាគារ បានចូលរួមឧបត្ថម្ភ លើផ្នែកហិរញ្ញវត្ថុ ដល់ TYDA ក្នុងទឹកប្រាក់ចំនួន ៤០ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់សកម្មភាពការងារសប្បុរសធម៌ របស់សមាគម គ្រូពេទ្យស្ម័គចិត្តយុវជនសម្តេចតេជោ ក្នុងការព្យាបាល ជូនប្រជាជន ដោយឥតគិតថ្លៃ ក៏ដូចជាជួយសម្រាលបន្ទុកដល់គ្រួសារ ដែលខ្វះខាត នៅតាមបណ្តាខេត្តនានា និងតំបន់ដាច់ស្រយាល នៅទូទាំងប្រទេស។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកបណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី ក្នុងការគាំទ្រការងារសប្បុរសធម៌ របស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេច តេជោ។

លោកស្រី បានមានប្រសាសន៍ថាៈ ភាពជាដៃគូនៅថ្ងៃនេះ គឺបានបង្ហាញពីការប្ដេជ្ញាចិត្ត របស់ក្រុមការងារសមាគម ដែលត្រូវទទួលស្គាល់កាន់តែច្រើនឡើង ពីសាធារណជន ហើយមានយុវជន កាន់តែច្រើនឡើង មានឆន្ទៈក្នុងការចូលរួមដំណើរជាមួយTYDA ក្នុងការដោះស្រាយបញ្ហាសុខភាពជូនប្រជាជន។

លោកស្រី បានបង្ហាញក្ដីសង្ឃឹមថាៈ ធនាគារអេស៊ីលីដា នឹងបន្តជួយគាំទ្រដល់ សមាគមបន្តទៀត ដើម្បីផ្ដល់ឱកាសលទ្ធភាព និងការបណ្ដុះបណ្ដាលសមត្ថភាព ដល់សមាជិក និងក្រុមការងារ ដើម្បីជួយប្រជាពលរដ្ឋខ្មែរ ដែលលំបាកពិតប្រាកដ។

លោកស្រី បានបញ្ជាក់ថាៈ គ្មានអ្វីធំជាងជីវិត សុខភាព ក្តីសុខគ្រួសារ ដែលគ្រប់គ្នា បានចូលរួមជួយដល់ប្រជាពលរដ្ឋ ដោយក្នុងនោះទាមទារមានការចូលរួមផ្ដល់លទ្ធភាព ពីវិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធនានា។

សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់ រវាងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោTYDA និងធនាគារអេស៊ីលីដាភីអិលស៊ី ក្នុងចំនួនទឹកប្រាក់ចំនួន ៤០ ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល ឆ្នាំគឺ ឆ្នាំទី១ ចំនួន ១៥ ម៉ឺនដុល្លារ ឆ្នាំទី២ ចំនួន ១៥ ម៉ឺនដុល្លារ ឆ្នាំទី៣ ចំនួន ១០ ម៉ឺនដុល្លារ ក្នុងគោលបំណងផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ដល់សហគមក្រីក្រ ទូទាំងប្រទេសកម្ពុជាជាពិសេសប្រជាជន នៅតំបន់ដាច់ស្រយាល ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ ការចូលរួម របស់យុវជនស្ម័គ្រចិត្ត ក្នុងការងារសង្គម៕/V-PC