​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ្នក​ហាត់​កាយ​វប្បកម្ម​ទាប​បំផុត​លើ​ពិភពលោក ដែល​មាន​កម្ពស់ ១,០២ ម៉ែត្រ បាន​រៀបការ​ជាមួយ​ដៃគូ​របស់​គាត់ ដែល​មាន​កម្ពស់ ១,២៧​ម៉ែត្រ​។​

​លោក ប្រា​ទី​ត វីត​តាល់ ម៉ូ​ហ៊ី​តេ (Pratik Vittal Mohite) អាយុ ២៨ ឆ្នាំ​មក​ពី​ទីក្រុង​រ៉ៃ​ហ្គាដ (Raigad) រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា (Maharashtra) ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា បាន​កើត​មក​ជាមួយ​ពិការភាព ហើយ​បាន​ជួប​ការលំបាក​ពេញ​មួយ​ជីវិត​របស់​គាត់​ដើម្បី​ឱ្យ​ចុះ​ចំណោម​គេ ព្រមទាំង​មាន​ការសង្ស័យថា​គាត់​នឹង​មិន​អាច​ស្វែងរក​នរណា​ម្នាក់​ដើម្បី​ចែករំលែក​ជីវិត​របស់​គាត់​បានឡើយ​។​

​កាល​ពី​បួន​ឆ្នាំមុន គាត់​បាន​ជួប​នាង​ចា​យ៉ា (Jayaa) អាយុ ២២ ឆ្នាំ បន្ទាប់​ពី​គ្រួសារ​របស់​ពួកគេ​ស្វែងរក​នរណា​ដែល​សម​នឹង​មាឌ​របស់​គ្នា​ទៅវិញទៅមក​។​

​ប៉ុន្តែ​នៅពេល​នោះ លោក​ប្រា​ទី​ត ដែល​ជា​អ្នកគាំទ្រ​កីឡាគ្រី​ឃីត មិនទាន់​បាន​ត្រៀម​ខ្លួន​រួចរាល់​ក្នុងការ​រៀបការ​ទេ​។ គាត់​បាន​និយាយថា “​ខ្ញុំ​ចូល​ចិត្ត​ចាយ៉ា​នៅពេលដែល​ខ្ញុំ​ឃើញ​នាង ហើយ​ខ្ញុំ​គិត​ថា​នាង​ចូលចិត្ត​ខ្ញុំ​ដែរ នាង​ហាក់ដូចជា​ស្ញប់ស្ញែង​នឹង​រូបរាងកាយ​របស់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ផ្គត់ផ្គង់​នាង​បាន​ទេ​។ ខ្ញុំ​ចង់​ទទួលបាន​ការងារ​ល្អ​សិន ធ្វើ​ឱ្យបាន​ល្អ​ក្នុងនាម​ជា​អ្នក​ហាត់​កាយ​វប្ប​កម្ម និង​ធ្វើ​ឱ្យ​ប្រាកដថា​ខ្ញុំ​អាច​ឱ្យ​នាង​មាន​ជីវិត​ដ៏​ល្អ​”​។​

​តាំងពី​ពេលនោះ​មក ប្រា​ទី​ត​បាន​ខិតខំ​ប្រឹងប្រែង ដោយ​ប្តេជ្ញា​ថា​កម្ពស់​របស់គាត់​នឹង​មិន​ប៉ះពាល់​ដល់​ជីវិត​គាត់​ឡើយ​។

​សព្វ​ថ្ងៃនេះ​គាត់​មាន​ភាពល្បីល្បាញ​ទូទាំង​ពិភពលោក​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​សៀវភៅ​កំណត់ត្រា​ហ្គី​ន​ណេ​ស​ថា​ជា “​អ្នក​ហាត់​កាយ​វប្បកម្ម​ទាប​បំផុត​ក្នុង​ពិភពលោក​”​។​

​គាត់​បាន​ចូលរួម​ជាង ៥០ ប្រកួត​ហើយ​ឥឡូវ​នេះ​ធ្វើការ​ជា​គ្រូបង្វឹក​ផ្ទាល់ខ្លួន​សម្រាប់​អ្នក​ហាត់​យក​រាង ដោយ​បែងចែក​ពេលវេលា​រវាង​ក្លិប​ហាត់ប្រាណ​ចំនួន​ពីរ​។​

​ដោយ​មាន​អ្នកតាមដាន​ជាង ២០០k នៅលើ Instagram ដែល​សូម្បី​តែ​តារាចម្រៀង​អាម៉េរិក Snoop Dogg ក៏​តាមដាន​គាត់​ដែរនោះ ជារឿយៗ​គាត់​ត្រូវបាន​ទាក់ទង​ដោយ​ម៉ាក​យីហោ​ធំៗ​អំពី​ការ​សហការ​គ្នា​និង​ការឧបត្ថម្ភ​។​

​នៅ​ទីបំផុត ត្រឡប់​ទៅ​ខែ​ធ្នូ​វិញ លោក​ប្រា​ទី​ត​មាន​អារម្មណ៍​ថា គាត់​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​រៀបការ ដូច្នេះ​ឪពុក​ម្តាយ​របស់​គាត់​បា​ន​រៀបចំ​ការប្រជុំ​គ្នា​ម្តងទៀត​រវាង​គាត់ និង​នាង​ចា​យ៉ា​។ ហើយ​សឹងតែ​ភ្លាមៗ អ្នក​ទាំង​ពីរ​បាន​ចាប់ផ្តើម​ផ្ញើ​សារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​ទីបំផុត​ឪពុក​ម្តាយ​របស់​ពួកគេ​បាន​យល់​ស្រប​ថា ពួក​គេ​គួរតែ​ភ្ជាប់ពាក្យ ដែល​ជា​ទំនៀមទម្លាប់​នៅក្នុង​ប្រទេស​ឥណ្ឌា កន្លែង​ដែល​ការ​រៀប​អាពាហ៍ពិពាហ៍​ដែល​រៀបចំ​ទុកដាក់​ដោយ​ចាស់ៗ​គឺជា​រឿង​ធម្មតា​។​

​គូស្នេហ៍​មួយគូ​នេះ​បាន​រៀបការ​នៅ​ក្នុង​ពិធី​សាសនា​ហិណ្ឌូ​ក្នុង​សប្តាហ៍​នេះ នៅ​ថ្ងៃទី ១៣ ខែ​មីនា ដែល​ហ៊ុមព័ទ្ធ​ដោយ​ក្រុម​គ្រួសារ​និង​មិត្តភក្តិ​៕

​ចាយ៉ា​និង​ប្រាទីត​រៀបការ​កាលពី​ថ្ងៃទី​១៣​មីនា ឆ្នាំ​២០២៣