ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ការបរទេស និង សហប្រតិបត្តិការអន្តរជាតិ កម្ពុជានឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាមព្រមទាំងធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា នៅថ្ងៃទី២០-២២ ខែមីនា ឆ្នាំ២០២៣ផងដែរ។ទស្សនកិច្ចនេះតបតាមការអញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួងការបរទេសនិងសហប្រតិបត្តិ ការអន្តរជាតិនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងឱកាសបំពេញទស្សនកិច្ចនៅទីនោះ រដ្ឋមន្រ្តីការបរទេសទាំងពីរនឹងមានជំនួប ទ្វេភាគីដើម្បីពិភាក្សាអំពីមធ្យោបាយនិងវិធីសាស្ត្រធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរស្រាប់ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការកំពុងរីកចម្រើន ដែលរួមមាន វិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ កសិកម្ម ទេសចរណ៍ ការតភ្ជាប់សុខាភិបាល វប្បធម៌ ការអប់រំ ។ល។ កិច្ចសហការក្នុង ក្របខ័ណ្ឌអាស៊ាន រួមទាំងបញ្ហាបន្ទាន់នានានៅក្នុងតំបន់និង អន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សាគ្នាផងដែរ ។
ប្រភពដដែលបន្តថាទាក់ទិននឹងកិច្ចប្រជុំវិញដឹកនាំប្រជុំដោយរដ្ឋមន្រ្ដីការបរទេសនៃប្រទេសទាំងពីរកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី២០នេះ នឹងពិនិត្យមើលឡើងវិញអំពីវឌ្ឍនភាពដែលសម្រេចបានអនុលោមតាម កំណត់ហេតុនៃកិច្ចប្រជុំលើកមុនព្រមទាំងរៀបចំផែនការថ្មីសម្រាប់សកម្មភាពជាក់ស្ដែងដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ សម្រាប់ផលប្រយោជន៍ ទៅវិញទៅមករបស់ប្រទេស និងប្រជាជនទាំងពីរ។
លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏នឹងមានកម្មវិធីចូលជួបសម្តែងការគួរសម ដោយឡែកពីគ្នាជាមួយ ឯកឧត្តម វ៉ វ៉ាន់ធឿង ប្រធានរដ្ឋវៀតណាម និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាមផងដែរ។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថាទាំងដំណើរទស្សនកិច្ចផ្លូវការនិងកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី២០នឹងផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងពហុវិស័យដ៏រឹងមាំដែលបានផ្សារភ្ជាប់ដោយទំនុកចិត្តផ្នែកនយោបាយចាក់ឫសយ៉ាងជ្រៅ ព្រមទាំងនឹងធ្វើឱ្យកាន់ តែរឹងមាំបន្ថែមទៀតនូវមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ៕ សរន