ដោយៈ ភ្នំសន្ទុក/ កំពង់ធំ៖ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងពិនិត្យមើលស្ថានភាពផ្លូវ ស្ថិតនៅក្នុងភូមិលាបទង និងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះ លោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ត្រូវជួយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងរដ្ឋបាលស្រុកស្ទោង ដើម្បីឲ្យរដ្ឋបាលស្រុក មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀប រយសង្គម បរិស្ថាន សោភ័ណភាព និងកសាងសមិទ្ធផលថ្មីៗ និងអភិវឌ្ឍស្រុកស្ទោង ជាពិសេសគម្រោងកសាង និងពង្រីកផ្លូវនានា នៅក្នុងទីរួមស្រុកស្ទោងទាំងមូល ទៅតាមបទដ្ឋានបច្ចេកទេស និងសោភ័ណភាព។
លោកអភិបាលស្រុកស្ទោង បានបញ្ជាក់បន្ថែមថាៈ កិច្ចការនេះមិនមែនសម្រាប់តែឃុំ កំពង់ចិនត្បូង មួយទេ គឺគ្រប់រដ្ឋបាលឃុំក្នុងស្រុកស្ទោង ត្រូវណែនាំដល់ពលរដ្ឋរបស់ ខ្លួន ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន យើងទាំងអស់គ្នា ជាពិសេសកុំរំលោភដីចំណីផ្លូវ ត្រូវជូនដំណឹង ឬសុំការអនុញ្ញាតជាមុន ពីអាជ្ញាធរ ពាក់ព័ន្ធនឹងសាងសង់សំណង់ផ្សេងៗ នៅសងខាងផ្លូវ។
គួរបញ្ជាក់ថា ឃុំកំពង់ចិនត្បូង កំពុងមានការឈានមុខគេ ក្នុងចំណោមឃុំផ្សេងទៀត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការបំពាក់សូឡាបំភ្លឺ នៅពេលរាត្រី៕ V / N